ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ស្នើ​កែ​អនុក្រឹត្យ​ដែល​រឹតត្បិត​អ្នក​នេសាទ​ជា​លក្ខណៈ​គ្រួសារ

0:00 / 0:00

តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​រដ្ឋបាល​ជលផល កែ​សម្រួល​អនុក្រឹត្យ​ស្ដីពី​ការ​កំណត់​ទំហំ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ។ ការ​ស្នើ​នេះ គឺ​ស្រប​ពេល​ដែល​អ្នក​ជំនាញ​រដ្ឋបាល​ជលផល តំណាង​សហគមន៍​នេសាទ និង​ភាគី​ពាក់ព័ន្ធ ពិគ្រោះ​យោបល់​កែលំអ​ឡើង​វិញ​នូវ​អនុក្រឹត្យ​ស្ដីពី​ការ​គ្រប់គ្រង​សហគមន៍​នេសាទ។

បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ថា បច្ចុប្បន្ន​ទិន្នផល​ត្រី​បឹង​ទន្លេសាប​បាន​ថយ​ចុះ រីឯ​ចំនួន​អ្នក​នេសាទ​បាន​កើន​ឡើង។ បញ្ហា​នេះ ធ្វើ​ឲ្យ​អ្នក​នេសាទ​ជា​លក្ខណៈ​គ្រួសារ មិន​អាច​រក​ត្រី​បាន​លក់​ចិញ្ចឹម​ជីវិត ខណៈ​ការ​កំណត់​ទំហំ​ឧបករណ៍​នេសាទ​លក្ខណៈ​គ្រួសារ ចំពោះ​របាំង​ព្រួល​អនុញ្ញាត​ឲ្យ​ដាក់​ប្រវែង ១០​ម៉ែត្រ​ក្នុង​រដូវ​បិទ​នេសាទ និង ១០០​ម៉ែត្រ​នៅ​រដូវ​បើក​នេសាទ​នោះ។

តំណាង​បណ្ដាញ​អ្នក​នេសាទ​បឹង​ទន្លេសាប​ខេត្ត​កំពង់ឆ្នាំង លោក ស៊ឹម សុបញ្ញា មិន​ពេញ​ចិត្ត​ចំពោះ​ការ​កំណត់​ទំហំ​ឧបករណ៍​នេសាទ​ប្រភេទ​នេះ ដោយ​លោក​យល់​ថា វា​មិន​សម​នឹង​ស្ថានភាព​ត្រី​ដែល​មាន​នៅ​ក្នុង​ទន្លេ​បច្ចុប្បន្ន។ លោក​ថា ក្រុម​អ្នក​នេសាទ​ចង់​ឲ្យ​រដ្ឋបាល​ជលផល អនុញ្ញាត​ឧបករណ៍​របាំង​អួន​ប្រវែង​ពី ៥០​ម៉ែត្រ ទៅ ១០០​ម៉ែត្រ​ក្នុង​រដូវ​បិទ​នេសាទ និង​រដូវ​បើក​នេសាទ​ចន្លោះ​ពី ២០០​ម៉ែត្រ ទៅ ៣០០​ម៉ែត្រ៖ «ច្បាប់​កំណត់​ឲ្យ​ដាក់​ប្រវែង ១០​ម៉ែត្រ អ៊ីចឹង​បើ​គាត់​ដាក់​ដល់ ២០ ឬ ៣០​ម៉ែត្រ វា​ទុក​ឱកាស​មួយ​ចំនួន​ឆ្លៀត​រក​លុយ​ដាក់​ហោប៉ៅ​របស់​គាត់»

លោក​បញ្ជាក់​ថា ក្រុម​អ្នក​នេសាទ​ជាប់​បឹង​ទន្លេសាប​ក្នុង​ស្រុក​ចំនួន​៤ នៃ​ខេត្ត​កំពង់ឆ្នាំង គឺ​កំពង់លែង កំពង់ត្រឡាច ជលគីរី និង​ស្រុក​បរិបូរណ៍ ចង់​ឃើញ​ការ​សម្រួល​លើ​ការ​កំណត់​ទំហំ​ដាក់​របាំង​អួន​ក្រឡា​៣ ឬ​បួន​ហ៊ុន​ប្រវែង​លើស​ពី ១០​ម៉ែត្រ​គ្រប់​គ្នា។ ចំពោះ​ការ​កំណត់​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ផ្សេង​ទៀត ពួក​គាត់​មិន​ជំទាស់​ទេ ប៉ុន្តែ​សូម​ឲ្យ​មន្ត្រី​ជំនាញ​ជលផល បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​បាន​ស្មើ​គ្នា​រវាង​ប្រជា​នេសាទ និង​ក្រុម​ជនល្មើស។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​តំបន់​ខាង​លិច​បឹង​ទន្លេសាប នៃ​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (FACT) គឺ​លោក ឯក ចំរើន ថ្លែង​ថា រូប​លោក​គាំទ្រ​ចំពោះ​ការ​ស្នើ​របស់​តំណាង និង​ប្រជា​នេសាទ​នេះ ប៉ុន្តែ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រួល​អនុក្រឹត្យ​កំណត់​ទំហំ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ប្រសើរ​ជាង​កាល​ពី​ឆ្នាំ​២០១២ ច្រើន​ណាស់ ដោយ​ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​រដូវ​បើក​នេសាទ​ប្រជា​នេសាទ​អាច​ដាក់​មង សន្ទូច ប្រវែង​ប៉ុន្មាន​ក៏​បាន​ទៅ​តាម​លទ្ធភាព​របស់​ពួក​គាត់៖ «ក្រសួង​នឹង​ចេញ​ប្រកាស​ម្ដង​ទៀត តាម​សំណើ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ជាក់ស្ដែង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ណៅ ធួក ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​បាន​ទេ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ក៏​មិន​អាច​សុំ​អត្ថាធិប្បាយ​បាន​ដែរ នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ដោយ​លោក​ប្រាប់​ថា​កំពុង​ជាប់​រវល់។

យ៉ាង​ណា លោក ឯក ចំរើន បញ្ជាក់​ថា សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​គ្រប់គ្រង​សហគមន៍​នេសាទ ដែល​មាន​អ្នក​ចូលរួម​មក​ពី​ទូទាំង​ប្រទេស​ប្រមាណ ២០០​នាក់ នៅ​ខេត្ត​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៥ បាន​ទទួល​យក​មតិ​យោបល់ និង​បញ្ហា​ប្រឈម​របស់​ប្រជា​នេសាទ​ចូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​អនុក្រឹត្យ​នោះ​ហើយ។ លោក​យល់​ថា អនុក្រឹត្យ​អាច​នឹង​អនុម័ត ដើម្បី​ឲ្យ​អនុវត្ត​នៅ​ដើម​ឆ្នាំ​២០១៦ ខាង​មុខ។

នៅ​ជំពូក​ទី​៧ មាត្រា​៣១ នៃ​ច្បាប់​ជលផល​ឆ្នាំ​២០០៦ ចែង​ថា ការ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ អាច​ប្រព្រឹត្ត​ទៅ​បាន​គ្រប់​ពេលវេលា​នៅ​ក្នុង​កន្លែង​នេសាទ​បម្រុង កន្លែង​នេសាទ​គ្រួសារ និង​ក្នុង​ឡូ​នេសាទ នៃ​ដែន​នេសាទ​ទឹក​សាប​ក្នុង​រដូវ​បិទ​នេសាទ ឬ​នៅ​ក្នុង​ដែន​នេសាទ​សមុទ្រ ដោយ​ប្រើ​ឧបករណ៍​នេសាទ​គ្រួសារ។ ប្រភេទ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។