កំពង់ឆ្នាំង គឺជាខេត្តមួយជាប់បឹងទន្លេសាបក្នុងចំណោមខេត្តចំនួន៦ របស់កម្ពុជា។ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹក ឬក្បែរទន្លេ ភាគច្រើនបានប្រកបមុខរបរនេសាទដោយប្រើឧបករណ៍ទំនើបៗ ខណៈទិន្នផលត្រីកាន់តែខ្សត់។ ប្រជានេសាទមួយចំនួន នៅតែនិយមប្រើសំណាញ់ ឬសន្ទូច ដើម្បីនេសាទត្រីជាលក្ខណៈគ្រួសារ ហើយឧបករណ៍នេសាទទាំងនេះ និយមប្រើនៅរដូវទឹកស្រក។
ទឹកបឹង និងព្រែកត្រពាំងនានាបានស្រក ឬហូរចូលក្នុងបឹងទន្លេសាបវិញរយៈពេលជិតមួយខែហើយ។ រយៈពេលនៃរដូវទឹកស្រកនេះ ជាឱកាសរបស់ប្រជានេសាទ ឬកសិករ ក្នុងការនេសាទត្រីនៅតាមមាត់ត្រពាំង ឬមាត់ព្រែកដែលមានទឹកហូរចូលទៅទន្លេសម្រាប់លក់ដូរ និងការហូបចុកប្រចាំថ្ងៃ។
ជាក់ស្ដែង នៅមាត់ព្រែក ឬទំនប់បារាំងផ្សារក្រោម មានមនុស្សស្ទើរពីគ្រប់ទិសទីក្នុងខេត្តកំពង់ឆ្នាំង ចន្លោះពី ៥០នាក់ទៅជាង ១០០នាក់ក្នុងមួយថ្ងៃ កំពុងធ្វើសកម្មភាពបង់សំណាញ់បណ្ដាក់គ្នានៅតាមខ្នងទំនប់។ ប្រជាពលរដ្ឋខ្លះ បានចំណាយពេលទាំងយប់ទាំងថ្ងៃ ដើម្បីបង់សំណាញ់យកត្រីលក់ និងខ្លះទៀត គ្រាន់តែបានសម្រាប់ធ្វើជាម្ហូប ឬបង់កម្សាន្តសប្បាយនៅពេលទំនេរពីការងាររបស់ពួកគេ។
ប្រជានេសាទម្នាក់មកពីឃុំជ្រៃបាក់ ស្រុករលាប្អៀរ លោក ប៊ុត សាវិន មានប្រសាសន៍ថា លោកបានផ្អាកដាក់មងចំនួន ២០ខ្សែ និងសន្ទូចចំនួន ៦០០ផ្លែ ហើយឆ្លៀតមកបង់សំណាញ់វិញម្ដង ដោយល្បីថានៅទំនប់បារាំងផ្សារក្រោមនេះបង់ត្រូវ ឬបង់បានត្រីច្រើន។ លោកថា ត្បិតត្រីមិនសូវសម្បូរដូចគេថា តែលោកនឹងបបួលប្រពន្ធកូនមកជាមួយ ដើម្បីរង់ចាំបង់ទាំងយប់ថ្ងៃ ក្រែងបានលក់ខ្លះ៖ «មកបង់លើកដំបូងហើយបង ទើបបានបីសំណាញ់បានត្រីព្រួលកន្លង់ និងត្រីរៀលបីបួនដែរបង។ អូ! ឆ្នាំនេះខុសពីឆ្នាំទៅឆ្ងាយណាស់បង ព្រោះអីទឹកវាតូច ដល់ទឹកតូចទៅត្រីវាយ៉ាប់ដែរ»។
លោកបង្ហើបថា គ្រួសារលោកពុំមានដីស្រែចម្ការ ឬមានមុខរបរធំដុំនោះទេ ក្រៅតែពីការនេសាទត្រី និងពេលទំនេរ រូបលោកទៅធ្វើការសំណង់។ ដូច្នេះ រដូវទឹកស្រកម្ដងៗ ជាឱកាសល្អសម្រាប់ការរកត្រីរបស់លោក។
រីឯបុរសវ័យប្រមាណ ៥០ឆ្នាំ កំពុងឱនដោះត្រី និងសំរាមចេញពីសំណាញ់ទើបអូសចេញពីទឹក លោក គឹម សុន រៀបរាប់បណ្ដើរថា ពេលទំនេរពីការងារស្រែចម្ការ លោកតែងតែបង់សំណាញ់ ហើយលោកបានមកបង់នៅទំនប់បារាំងនេះពីរ ឬបីថ្ងៃហើយ បានត្រីត្រឹមតែធ្វើម្ហូប មិនដែលបានលក់ដូរនឹងគេនោះទេ។ លោកថា ត្រីបង់បានភាគច្រើន គឺជាប្រភេទកូនត្រីរៀល ត្រីកន្លង់ និងត្រីខ្មាន់ ជាដើម៖ «ខ្ញុំធ្វើស្រែ ប៉ុន្តែពេលទំនេរមករកម្ហូបអ៊ីចឹងទៅ។ ម្សិលមិញអត់សូវត្រូវ តែថ្ងៃនេះគ្រាន់ត្រូវ។ លោក ជិន ជេដ្ឋា៖ សម្រាប់ពូផ្ទាល់ មានសំណាញ់ខ្លួនឯង ឬយ៉ាងម៉េច? សំណាញ់ខ្លួនឯងមួយតម្លៃ ១៥ម៉ឺន ឬ ១០ម៉ឺនអ៊ីចឹងទៅ»។
ចំណែកបុរសវ័យប្រមាណ ៣០ឆ្នាំម្នាក់ទៀតរស់នៅក្រុងកំពង់ឆ្នាំង គឺលោក ឈុន បារាំង ឲ្យដឹងថា រូបលោកចូលចិត្តបង់សំណាញ់ ព្រោះធ្វើឲ្យលោករីករាយផង និងអាចរកម្ហូបឲ្យគ្រួសារម្ដងម្កាលផង។
សកម្មភាពនេសាទត្រីដោយចងសន្ទូច ដាក់មង និងបង់សំណាញ់ មិនសូវមានទៀតឡើយនៅតាមដងទន្លេសាប ហើយជំនួសមកវិញដោយឧបករណ៍ឆក់ និងរបាំងស្បៃមុង ឬអួន ជាដើម។ ប្រជាពលរដ្ឋ និងតំណាងបណ្ដាញអ្នកនេសាទបឹងទន្លេសាបខេត្តកំពង់ឆ្នាំង អះអាងថា បច្ចុប្បន្នការនេសាទត្រីដោយប្រើឧបករណ៍ជាលក្ខណៈគ្រួសារ មិនអាចចាប់ត្រីបានលក់ដូរនោះទេ គឺគ្រាន់តែបានចិញ្ចឹមឆ្នាំងប្រចាំថ្ងៃប៉ុណ្ណោះ។

តំណាងបណ្ដាញអ្នកនេសាទខេត្តកំពង់ឆ្នាំង លោក ស៊ិន សុបញ្ញា ថ្លែងថា ពលរដ្ឋអាចរកត្រីបានតាមរយៈបង់សំណាញ់ ឬចងសន្ទូចទៅតាមរដូវកាល និងមានរយៈពេលខ្លី ប៉ុន្តែការនេសាទបែបនេះ មិនមានលទ្ធភាពលក់ដូរទេ ខណៈផលត្រីក្នុងទន្លេកាន់តែថយចុះ។ លោកថា ដោយកម្ពស់ទឹកទន្លេទាបនៅឆ្នាំនេះ ធ្វើឲ្យពលរដ្ឋកាន់តែលំបាករកត្រី តែមានអ្នកខ្លះអាចចាប់ត្រីបានដោយប្រើឧបករណ៍ល្មើសច្បាប់៖ «កត្តាដែលធ្វើឲ្យធនធានជលផល ជាពិសេសមច្ឆាខាងទឹកសាបថយចុះ ទីមួយទាក់ទងនឹងការកាប់បំផ្លាញព្រៃលិចទឹក។ ទីពីរ ការបង្ក្រាបបទល្មើសនេសាទ យើងបង្ក្រាបអត់ទាន់បានល្អ។ ទីបី យើងការពារតំបន់អភិរក្សត្រីមេពូជអត់បានល្អ ហើយទីបួន មានការរាំងខ្ទប់ដូចទំនប់វារីអគ្គិសនី ជាដើម»។
តំណាង និងប្រជានេសាទនៅតាមស្រុកមួយចំនួននៃខេត្តកំពង់ឆ្នាំង ឲ្យដឹងថា បទល្មើសស្បៃមុង និងឆក់ជាដើម នៅតែបន្តកើតមាន ដោយបទល្មើសខ្លះ ជនល្មើសបានប្រព្រឹត្តដោយលួចលាក់ និងបទល្មើសខ្លះទៀត ជនល្មើសត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ឬជំនាញរដ្ឋបាលជលផល។ បទល្មើសខ្លះទៀត កើតចេញពីការអនុវត្ដច្បាប់នៅមានភាពធូររលុង និងការផ្សព្វផ្សាយមិនទាន់បានទូលំទូលាយនៅឡើយ។
ទាក់ទងបញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក សោម ភិរុណ ធ្លាប់បញ្ជាក់ថា រាល់បេសកកម្មចុះបង្ក្រាបបទល្មើសនេសាទ ធ្វើឡើងដោយក្រុមការងារចម្រុះ និងអនុវត្តទៅតាមជំហាននីមួយៗច្បាស់លាស់ផ្អែកលើបច្ចេកទេស និងច្បាប់។ លោកថា មន្ត្រីជំនាញបានចុះផ្សព្វផ្សាយពីច្បាប់ជលផលញឹកញាប់ ដោយយល់ថា ការអប់រំដល់ពលរដ្ឋ និងការចុះបង្ក្រាបបទល្មើសជាប្រចាំ បានធ្វើឲ្យបទល្មើសនេសាទគ្រប់ប្រភេទថយចុះច្រើន ដោយកាលពីឆ្នាំ២០១៤ បទល្មើសមានរហូតដល់ជាង ៧០០ករណី ហើយឆ្នាំនេះមានប្រមាណ ៣៧០ករណីប៉ុណ្ណោះ។
យ៉ាងណា ពលរដ្ឋរិះគន់ថា នៅគ្រាអ្នកមានលុយ និងមានអំណាចមួយចំនួន លួចប្រើឧបករណ៍នេសាទខុសច្បាប់ ដើម្បីចាប់ត្រីទាំងតូចទាំងធំយកទៅលក់នោះ ប្រជានេសាទមួយចំនួននៅតែប្រកាន់ខ្ជាប់នូវការប្រើឧបករណ៍ជាលក្ខណៈគ្រួសារ បើទោះបីជាដឹងថា ការនេសាទបែបនេះមិនអាចចាប់ត្រីបានច្រើន ដោយពួកគាត់ខ្លាចការផ្ដន្ទាទោសដែលផ្ទុយពីអ្នកមានលុយ ឬមានអំណាចទាំងនោះទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
