ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ចោទ​អធិការ​ស្រុក​ក្រូចឆ្មារ​ថា​មិន​ស៊ើប​អង្កេត​បទល្មើស​នេសាទ

0:00 / 0:00

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ទួលស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ចោទ​ប្រកាន់​អធិការ​ស្រុក ថា​មាន​ចេតនា​មិន​ចង់​ស៊ើប​អង្កេត​បញ្ហា​បទល្មើស​នេសាទ ដោយ​ការ​ជីក​ស្រះ​ធំៗ​នៅ​ក្នុង​បឹង​ដោយ​ខុស​ច្បាប់។ ប៉ុន្តែ​អធិការ​ស្រុក​បញ្ជាក់​ថា ពួក​គាត់​បាន​ចុះ​អង្កេត​ហើយ ប៉ុន្តែ​រង់ចាំ​ប្រមូល​ភស្តុតាង​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បញ្ជូន​ទៅ​តុលាការ។

ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ ប៉ុន្តែ​ត្រូវ​តុលាការ​បញ្ជូន​ត្រឡប់​ទៅ​ឱ្យ​អធិការ​ស្រុក​ក្រូចឆ្មារ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ​បន្ថែម​ទៀត។ អស់​រយៈពេល​ជាច្រើន​ខែ ពលរដ្ឋ​មិន​បាន​ទទួល​ដំណឹង​អ្វី​សោះ​ឡើយ​ពី​សមត្ថកិច្ច​ស្រុក។ ពួក​គាត់​យល់​ថា អាជ្ញាធរ​ស្រុក​មាន​ចេតនា​ចង់​បិទ​សំណុំ​រឿង​មួយ​នេះ​តែ​ម្តង។

តំណាង​ពលរដ្ឋ​នៅ​ឃុំ​ទួលស្នួល លោក ជួន សំណាង មាន​ប្រសាសន៍​ថា ពលរដ្ឋ​បារម្ភ​ខណៈ​ដែល​រដូវ​នេសាទ​នៅ​ក្នុង​បឹង​ជិត​មក​ដល់ ចំណែក​ម្ចាស់​ស្រះ​ដែល​ជីក​ដី​បឹង​សំបុក​សត្វ ធ្វើ​ជា​កម្មសិទ្ធិ នៅ​តែ​អះអាង​ថា គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចាត់​វិធានការ​ចំពោះ​ពួក​គេ​ទេ ហើយ​ចេះ​តែ​កាប់​សម្រាស់​ដាក់​ក្នុង​ស្រះ​ខ្លួន​រហូត៖ «ជិត​ដល់​រដូវ​នេសាទ​ហើយ! គាត់​បារម្ភ​ណាស់ ថា​ពួក​គាត់​ចាប់​ផ្ដើម​នេសាទ​ចុះ​រក​ក្នុង​បឹង​ហ្នឹង​វា​អត់​បាន វា​បាន​តិចតួច និង​រត់​ចូល​ទៅ​ក្នុង​ស្រះ​ហ្នឹង​អស់​ហ្មង!»

ពលរដ្ឋ​ស្នើ​អាជ្ញាធរ​ចុះ​ចាត់​វិធានការ​លើ​បញ្ហា​នេះ ជៀសវាង​អូស​បន្លាយ​ត​ទៅ​ទៀត ពីព្រោះ​ធ្វើ​ឱ្យ​ពួក​គាត់​នៅ​មិន​ស្ងប់​ចិត្ត ដោយសារ​ផ្ទៃ​បឹង​ស្ទើរ​តែ​ទាំងអស់ សុទ្ធតែ​ជា​ស្រះ​របស់​ពលរដ្ឋ​ដែល​មាន​លុយ​ទៅ​ហើយ។

ផ្ទុយ​ពី​អ្វី​ដែល​តំណាង​ពលរដ្ឋ​លើក​ឡើង អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ លោក សាំ ហេង មាន​ប្រសាសន៍​ថា សមត្ថកិច្ច​មិន​បាន​គេចវេស​នោះ​ទេ ប៉ុន្តែ​លោក​ថា ពាក្យ​បណ្ដឹង​ដែល​តុលាការ​បញ្ជូន​ឱ្យ​ខាង​លោក​នោះ គឺ​ស្រប​ពេល​រដូវ​ទឹក​ឡើង ទើប​សមត្ថកិច្ច​មិន​អាច​ចុះ​ស៊ើប​អង្កេត​បាន។ លោក​បន្ត​ថា អាជ្ញាធរ​បាន​ចុះ​អង្កេត​ខ្លះ​ហើយ ប៉ុន្តែ​នៅ​ខ្វះ​ភស្តុតាង​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​ស្រះ​នៅ​ក្នុង​បឹង​នោះ ដោយ​រង់ចាំ​ទឹក​ស្រក់​ដាច់​បន្តិច៖ «ភស្តុតាង​គាត់​ប្ដឹង​ពី​គេ​ជីក​ដី​បឹង ហើយ​បើ​យើង​អត់​បាន​ថត​ពី​ដី​បឹង​ថា​វា​មាន​ជម្រៅ​ប៉ុន្មានៗ​អី​ប៉ុន្មាន​ផង យើង​បញ្ជូន​ទៅ​វា​អត់​ប្រយោជន៍​ទេ»

លោក​បន្ថែម​ថា បាន​ភស្តុតាង​គ្រប់គ្រាន់ ខាង​លោក​នឹង​បញ្ជូន​សំណុំ​រឿង​នេះ​ត្រឡប់​ទៅ​តុលាការ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី។ លោក​បញ្ជាក់​ថា ស្រះ​នៅ​ក្នុង​បឹង​ដែល​ពលរដ្ឋ​ជីក​នោះ គឺ​មិន​អាច​ក្លាយ​ជា​សម្បត្តិ​ឯកជន​បាន​ទេ។ យ៉ាង​ណា ពាក្យ​បណ្ដឹង​របស់​តំណាង​ពលរដ្ឋ ៤១៧​នាក់ ក្នុង​ឃុំ​ទួលស្នួល បាន​ដាក់​ទៅ​តុលាការ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ គឺ​ប្ដឹង​ប្រធាន​សហគមន៍​ការពារ​បឹង​សំបុក​សត្វ គឺ​លោក ទូច អ៊ាវឆែ និង​លោក ចាន់ ជួន ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ ពោល គឺ​ពួក​គេ​បាន​នាំ​គ្រឿងចក្រ​ទៅ​ជីក​ដី​បឹង​សាធារណៈ មក​ធ្វើ​ជា​សម្បត្តិ​ឯកជន​ចំនួន ១១​ស្រះ ដោយ​ក្នុង​ស្រះ​មួយ​មាន​ជម្រៅ ៥​ម៉ែត្រ ទទឹង ១០​ម៉ែត្រ និង​បណ្ដោយ ១០០​ម៉ែត្រ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​អាជ្ញាធរ​នោះ គឺ​គ្រាន់​តែ​ជា​ហេតុផល​មួយ ដើម្បី​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ​ប៉ុណ្ណោះ៖ «ការ​ដែល​គាត់​ថា​ប្ដឹង​ស៊ើប​ហើយ​ម្តង​ប្រមូល​ឯកសារ​អី​ហ្នឹង វា​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​សម្រាល​ស្ថានការណ៍​ប៉ុណ្ណោះ​ទេ»

លោក​បន្ត​ថា ករណី​នេះ​ប្រសិន​តុលាការ​មាន​ឆន្ទៈ គឺ​អាច​ដាស់​តឿន​ចំពោះ​អាជ្ញាធរ​ឱ្យ​ពន្លឿន​ការងារ​របស់​ខ្លួន ជា​ជាង​ធ្វើ​ឱ្យ​រឿង​នេះ​អូស​បន្លាយ​ត​ទៅ​ទៀត ពីព្រោះ​ផល​ប៉ះពាល់​នឹង​ត្រូវ​ធ្លាក់​លើ​ពលរដ្ឋ​ដែល​ធ្លាប់​អាស្រ័យ​ផល​ក្នុង​បឹង​សំបុក​សត្វ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។