អ្នក​នេសាទ​នៅ​កំពត​បារម្ភ​ពី​សុវត្ថិភាព​ខ្លាច​អ្នក​នេសាទ​ខុស​ច្បាប់​សង​សឹក

0:00 / 0:00

ប្រជា​នេសាទ​សហគមន៍​ត្រើយ​កោះ ក្នុង​ខេត្ត​កំពត នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ចោទ​អ្នក​នេសាទ​ខុស​ច្បាប់​ដែល​ប្រើ​ឧបករណ៍​ឆក់​ស្ថិត​នៅ​ខេត្ត​កែប ថា​បាន​បុក​ទូក​ពួក​គាត់​ដែល​កំពុង​នេសាទ ប៉ុនប៉ង​ពន្លិច​ទឹក​ឲ្យ​ស្លាប់​នៅ​កណ្ដាល​សមុទ្រ ដើម្បី​សង​សឹក។ ពួក​គាត់​អះអាង​ថា បាន​ផ្តល់​ដំណឹង​ទៅ​មន្ត្រី​សមត្ថកិច្ច​ដែរ ប៉ុន្តែ​ពុំ​ឃើញ​មាន​អន្តរាគមន៍។

អ្នក​នេសាទ​សហគមន៍​ត្រើយ​កោះ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ខ្លាច​មាន​ការ​សង​សឹក​ណា​មួយ​ពី​សំណាក់​ក្រុម​អ្នក​នេសាទ​ខុស​ច្បាប់ ដែល​ពួក​គាត់​ធ្លាប់​ចេញ​បង្ក្រាប​កន្លង​មក។

លោក ឌល់ ម៉ាត់ អាយុ​ជាង ៣០​ឆ្នាំ ជា​អ្នក​នេសាទ​ម្នាក់​ក្នុង​ចំណោម​ប្រជា​នេសាទ​ត្រើយ​កោះ​ដទៃ​ទៀត​អះអាង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ទូក​គាត់​ត្រូវ​បាន​ទូក​អ្នក​នេសាទ​ប្រើ​ឧបករណ៍​ឆក់ ព្រួត​គ្នា​ដេញ​បុក តែ​សំណាង​ល្អ​ពួក​គាត់​បាន​នាំ​គ្នា​បើក​ទូក​រត់​គេច​ផុត​ពី​គ្រោះថ្នាក់ គ្រាន់​តែ​ខូចខាត​ទូក​បន្តិចបន្តួច៖ «ទូក​វា​គ្នា​វា​ទូក​មួយ​បី​នាក់ៗ វា​ដេញ​បុក​យើង យើង​កំពុង​អូសៗ វា​ដេញ​បុក​ណា ពួក​ហ្នឹង​ស្គាល់​ទូក​យើង បុក​ទូក​ពួក​ខ្ញុំ​បែក​អស់​ទូក​អស់​បាក់​ថាត់ឆេ បាក់​ដង​ង៉ាង​ហ្នឹង​ផង។ វា​បុក​ហើយ​វា​នាំ​គ្នា​រត់​អស់ ឆក់​នៅ​ខាង​លិច​លោក​កាម៉យ វា​បុក​ហើយ​វា​នាំ​គ្នា​រត់ ហើយ​វា​នាំ​អា​អូស​គូ​វា​ហៅ​អា​អូស​គូ​មក​ដេញ​បុក​ពួក​ខ្ញុំ នាំ​គ្នា​រត់​ចូល​ផ្ទះ​អស់​ហើយ​យប់​មិញ»

អ្នក​នេសាទ​សហគមន៍​ត្រើយ​កោះ មិន​បាន​ឲ្យ​ដឹង​ឈ្មោះ​អ្នក​នេសាទ​ដែល​ដេញ​បុក​ទូក​ពួក​គាត់​នោះ​ទេ តែ​ឲ្យ​ដឹង​ថា ពួក​គេ​រស់នៅ​ភូមិ​តានេន ស្ថិត​ក្នុង​ស្រុក​ដំណាក់ចង្អើរ ខេត្ត​កែប។

លោក ឌល់ ម៉ាត់ បន្ត​ថា ក្រោយ​កើត​ហេតុ​ភ្លាមៗ ពួក​គាត់​បាន​ទាក់ទង​មន្ត្រី​ជលផល​ខេត្ត ដើម្បី​សុំ​អន្តរាគមន៍​ដែរ តែ​មិន​មាន​មន្ត្រី​ណា​ចេញ​មុខ​ជួយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នេសាទ​នៅ​ភូមិ​តានេន និង​នាយ​ខណ្ឌ​ជលផល​ខេត្ត​កំពត លោក ស សូរិន បាន​ភ្លាមៗ​ទេ​នៅ​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា ដើម្បី​សុំ​ការ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក៏ប៉ុន្តែ មន្ត្រី​ជលផល​ខេត្ត​កែប លោក ចក់ ស៊ីនាថ ឆ្លើយ​ថា ការ​ចោទ​ប្រកាន់​នេះ​មិន​ពិត​ទេ ហើយ​ក៏​មិន​មាន​ហេតុការណ៍​ទូក​បុក​គ្នា​ដែរ​កាល​ពី​យប់​ថ្ងៃ​ទី​២៧ វិច្ឆិកា ព្រោះ​ថា មន្ត្រី​ជលផល​ខេត្ត​កែប និង​ខេត្ត​កំពត ដែល​ចុះ​បង្ក្រាប​បទល្មើស​នៅ​សមុទ្រ​ជាមួយ​គ្នា​នា​យប់​នោះ មិន​បាន​ទទួល​សេចក្ដី​រាយការណ៍​រឿង​គ្រោះថ្នាក់​នេះ​ទេ។

ទោះ​យ៉ាង​ណា សហគមន៍​នេសាទ​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត នៅ​តែ​អះអាង​ថា ការ​នេសាទ​ខុស​ច្បាប់​នៅ​សមុទ្រ​នៃ​ខេត្ត​ទាំង​ពីរ​នេះ កំពុង​កើត​កាន់​តែ​ច្រើន​ឡើងៗ ចំណែក​ការ​បង្ក្រាប​របស់​អាជ្ញាធរ​វិញ ហាក់​មិន​មាន​ប្រសិទ្ធភាព​សោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។