មេធាវីរោងចក្រ សាប្រ៊ីណា បានយកពាក្យបណ្ដឹងទៅដាក់នៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដើម្បីទាមទារសំណងជំងឺចិត្ត និងថ្លៃខូចខាតទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន។
អធិការនគរបាលស្រុកសំរោងទង លោក ផុត សុផល ឲ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ថាលោកបានទទួលពាក្យបណ្ដឹងពីមេធាវីរោងចក្រ សាប្រ៊ីណា រួចហើយ ដោយក្រុមហ៊ុនប្ដឹងមន្ត្រីសហជីព ៨នាក់ ដែលជាប់ពាក់ព័ន្ធនឹងការបង្កអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្រុមហ៊ុន និងទាមទារថ្លៃជួសជុលខូចខាតចំនួន ១០ម៉ឺនដុល្លារ និងថ្លៃជំងឺចិត្តចំនួន ៥ម៉ឺនដុល្លារ។
លោក ផុត សុផល៖ «មួយបំផ្លិចបំផ្លាញ មួយថ្លៃជំងឺចិត្ត គាត់វ៉ៃទ្រព្យគាត់ខ្ទេចខ្ទីអស់ កញ្ចប់បាយកម្មករដូចគ្នា ដែលគាត់ចូលធ្វើការហ្នឹងព្យួរតាមរបងនៅរោងបាយ គាត់ចេញមកម៉ោង ១២ហូបហ្នឹងយកជាន់ចោលអស់រលីង វ៉ៃកង់គ្នាខ្ទេចអស់ ៤៩គ្រឿង។ តាមអាគារបែកកញ្ចក់ដូចកាលខ្មែរក្រហមបាញ់អ៊ីចឹង។ វាមានអ្នកត្រូវដុំថ្មខ្លះ ៤ ទៅ ៥នាក់ដែរ តែគេថា កម្មករដូចគ្នាខ្ជិលប្ដឹង ប៉ុន្តែរោងចក្រគេប្ដឹង កម្មករធ្វើសាក្សីទៅ រត់ចូលទៅវាយកម្ទេចបាញ់ចម្ពាមកៅស៊ូបែកកញ្ចក់អស់»។
លោកបន្តថា ពាក្យបណ្ដឹងនោះ លោកបានរៀបចំបញ្ជូនទៅស្នងការនគរបាលខេត្តកំពង់ស្ពឺ រួចហើយ ហើយមន្ត្រីជំនាញនៅទីនោះនឹងបន្តបណ្ដឹងនេះទៅកាន់តុលាការ។ លោក ផុត សុផល បញ្ជាក់ថា មានកម្មករ ៤ ទៅ ៥នាក់ ដែលរងរបួសក្នុងការផ្ទុះហិង្សានោះ ត្រៀមចាំធ្វើសាក្សីឲ្យភាគីរោងចក្រក្នុងរឿងបណ្ដឹងនេះ។
ការដាក់ពាក្យបណ្ដឹង ធ្វើឡើងមួយថ្ងៃបន្ទាប់ពីកម្មកររោងចក្រកាត់ដេរ សាប្រ៊ីណា ដែលមាននិន្នាការសហជីព ២ផ្សេងគ្នា បានផ្ទុះហិង្សាកាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ខណៈដែលមានកម្មករជិត ២ពាន់នាក់ បានធ្វើកូដកម្មនៅខាងមុខរោងចក្រ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើនរបស់ក្រុមហ៊ុន។ សមត្ថកិច្ចសម្រេចឃាត់ខ្លួនថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ៨នាក់ទៅសួរចម្លើយនៅអគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ។
មកដល់រសៀលថ្ងៃទី៤ ខែមិថុនា ប្រធានសហជីពសេរីកម្មករមិនទាន់បានទទួលដំណឹងថា ខាងសមត្ថកិច្ចដោះលែង ឬបញ្ជូនពួកគេទៅតុលាការ ឬយ៉ាងណានៅឡើយទេ។ ខណៈដែលអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បដិសេធមិនអត្ថាធិប្បាយ ដោយប្រាប់ថាកំពុងជាប់ប្រជុំ។
ប្រធានសហជីពសេរីកម្មករ លោក ជា មុនី បានថ្លែងក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី៤ ខែមិថុនា ដោយអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រធានគណៈកម្មការទប់ស្កាត់បាតុកម្ម កូដកម្ម ដោះលែងមន្ត្រីសហជីពទាំង ៨នាក់ឲ្យមានសេរីភាពវិញ ដោយសំអាងថា មន្ត្រីសហជីពរបស់លោកមិនបានប្រើអំពើហិង្សាណាមួយដល់សហគ្រាសរោងចក្រនោះទេ។ ផ្ទុយទៅវិញ លោកយល់ថា ហិង្សានោះផ្ទុះឡើងបានដោយមានការរៀបចំទុកជាមុនរបស់រោងចក្រ សាប្រ៊ីណា ជាមួយសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។
លោក ជា មុនី ព្រមានថា ប្រសិនបើមិនមានការដោះលែងមន្ត្រីសហជីពរបស់លោកទេនោះបាតុកម្មទ្រង់ទ្រាយធំនឹងកើតឡើង ប៉ុន្តែលោកមិនទាន់កំណត់ថ្ងៃធ្វើនៅឡើយ។
ចំពោះបណ្ដឹងទាមទាររបស់ក្រុមហ៊ុន សាប្រ៊ីណា វិញ លោកស្វាគមន៍ ហើយបញ្ជាក់ថា ប្រសិនបើតុលាការមានយុត្តិធម៌មែននោះ តុលាការនឹងផ្ដល់យុត្តិធម៌ពិតឲ្យមន្ត្រីសហជីពរបស់លោក៖ «សម្រាប់ខ្ញុំអត់មានព្រួយបារម្ភទេក្នុងនាមសហជីពដើម្បីដោះស្រាយផ្លូវច្បាប់យុត្តិធម៌ និងសិទ្ធិសេរីភាពរបស់កម្មករកម្មការិនី គឺយើងតែងតែប្រាប់ថា មិនឲ្យប្រើអំពើហិង្សាទេ ហើយបើមានអំពើហិង្សាណាមួយ យើងចោទប្រកាន់ថា គឺជាហិង្សាដែរ។ កើតឡើងមានជនមួយក្រុមរៀបចំទុកជាមុន និយាយឲ្យចំទៅ គឺក្រុមហ៊ុន សាប្រ៊ីណា ហ្នឹងតែម្ដង ដែលរៀបចំជាមួយនឹងសហព័ន្ធសហជីពស៊ីខាវដូ រៀបចំធ្វើព្រឹត្តិការណ៍ហ្នឹងតែម្ដង»។
ប្រធានរដ្ឋបាលរោងចក្រ សាប្រ៊ីណា លោកស្រី ហុង លុយ មិនបានឆ្លើយតបណាមួយចំពោះការលើកឡើងរបស់លោក ជា មុនី ទេ។ ប៉ុន្តែអ្នកស្រីប្រាប់ថា កម្មករជាង ៣ពាន់នាក់ក្នុងចំណោមកម្មករសរុបជាង ៥ពាន់នាក់ បន្តធ្វើការងារជាធម្មតានៅថ្ងៃទី៤ ខែមិថុនា ហើយកម្មករដែលធ្វើកូដកម្មនៅមុខរោងចក្របានផ្អាកមួយរយៈ។
រោងចក្រ សាប្រ៊ីណា ទើបតែបើកទ្វារឡើងវិញកាលពីថ្ងៃទី៣ ខែមិថុនា ក្រោយពីបិទរយៈពេល ៣ថ្ងៃ បន្ទាប់ពីមានការបង្ក្រាបកូដកម្មទៅលើកម្មករ រហូតធ្វើឲ្យកម្មករជាង ២០នាក់របួស និងស្ត្រីមានផ្ទៃពោះ ២នាក់រលូតកូន កាលពីថ្ងៃទី២៧ ខែឧសភា។ កម្មករធ្វើកូដកម្មទាមទារសុំដំឡើងប្រាក់ខែគោលចំនួន ១៤ដុល្លារបន្ថែម។ ប៉ុន្តែខាងរោងចក្រថា ការទាមទារនោះមិនអាចធ្វើទៅរួច ព្រោះបានផ្ដល់ប្រាក់ឈ្នួលអប្បបរមា ៩៥ដុល្លារដល់កម្មកររួចហើយ ក្នុងនោះបូកប្រាក់សុខភាព ៥ដុល្លារ និងថ្លៃធ្វើដំណើរ ៧ដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
