ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សហការជាមួយកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សាទៅលើបញ្ហាប្រឈមអំពីសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភនៅកម្ពុជា។
សិក្ខាសាលាទទួលស្គាល់ថា កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងការកាត់បន្ថយភាពក្រីក្រ ប៉ុន្តែកម្ពុជា នៅមានការងារជាច្រើនទៀតត្រូវដោះស្រាយ ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភ។
សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិនេះ ធ្វើឡើងក្រោយពីវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវ ដើម្បីអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា ស៊ីឌីអអាយ (CDRI) ទើបបានផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ ស្ដីពីការត្រួតពិនិត្យឡើងវិញជាលក្ខណៈយុទ្ធសាស្ត្រ ទៅលើបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ប្រទេសមានប្រាក់ចំណូលមធ្យមឆ្នាំ២០១៤-២០១៨ ហើយដែលការសិក្សានេះ ផ្ដោតជាសំខាន់ទៅលើប្រទេសកម្ពុជា។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ ៧០នាក់ នាសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Le Royal) នៅថ្ងៃទី២៨ វិច្ឆិកា ដែលរួមមានមន្ត្រីរដ្ឋាភិបាល អ្នកធ្វើគោលនយោបាយ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ព្រមទាំងអ្នកសិក្សាស្រាវជ្រាវមួយចំនួនផងនោះ តំណាងកម្មវិធីស្បៀងអាហារពិភពលោកនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក ហ្គានភីអេត្រូ បឌីណន (Gianpietro Bordignon) មានប្រសាសន៍ថា ភាពអត់ឃ្លាន និងបញ្ហាកង្វះអាហារូបត្ថម្ភនៅកើតមានច្រើននៅឡើយ ក្នុងប្រទេសដែលមានប្រាក់ចំណូលមធ្យម។ លោកបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រទេសមានប្រាក់ចំណូលមធ្យម ត្រូវធ្វើការជាដៃគូនឹងស្ថាប័នដទៃទៀត ដើម្បីបង្កើត និងអនុវត្តគោលនយោបាយសមរម្យមួយ។
លោក ហ្គានភីអេត្រូ បឌីណន ថ្លែងថា បើទោះជាកម្ពុជា មិនទាន់ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមផ្លូវការក្តី កម្ពុជា មានភាពប្រសើរក្នុងការដោះស្រាយបញ្ហាភាពក្រីក្រ និងបញ្ហាកង្វះអាហារូបត្ថម្ភ។ ទោះយ៉ាងណា លោកថា កម្ពុជា នៅមានការងារជាច្រើនទៀតត្រូវដោះស្រាយ មុនពេលប្រទេសនេះក្លាយជាប្រទេសមានប្រាក់ចំណូលក្រោមមធ្យម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
តំណាងកម្មវិធីស្បៀងអាហារពិភពលោករូបនេះ ក៏សង្ឃឹមដែរថា ការសិក្សារបស់វិទ្យាស្ថាន ស៊ីឌីអអាយ នឹងរួមចំណែកជួយរដ្ឋាភិបាលកម្ពុជា ក្នុងការកំណត់ផែនការសកម្មភាពរបស់ខ្លួន ក្នុងបញ្ហាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។
លទ្ធផលសិក្សារបស់វិទ្យាស្ថាន ស៊ីឌីអអាយ ដែលចេញផ្សាយនៅខែវិច្ឆិកា ឆ្នាំ២០១៤ បង្ហាញថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ កម្ពុជា បានធ្វើឲ្យប្រសើរច្រើនក្នុងការបង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រដែលបានធ្លាក់ចុះពី ៦៣% ក្នុងឆ្នាំ២០០៤ មកត្រឹម ១៩% ក្នុងឆ្នាំ២០១៣។ ក្នុងពេលជាមួយគ្នា ការផលិតស្រូវនៅកម្ពុជា បានកើនឡើងជាលំដាប់ គឺកើនដល់ ៩លាន ៣សែនតោនក្នុងឆ្នាំ២០១២ ដែលក្នុងនោះ ស្រូវប្រមាណ ៥លាន ៦សែនតោន ត្រូវបានផលិតលើសតម្រូវការសម្រាប់នាំចេញ។
បើតាម ស៊ីឌីអអាយ ដដែល បើទោះជាប្រាក់ចំណូលមានការកើនឡើង ភាពក្រីក្រធ្លាក់ចុះទាប និងការផ្គត់ផ្គង់ស្រូវថ្នាក់ជាតិគ្រប់គ្រាន់ក៏ដោយ ក៏ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភរបស់ពលរដ្ឋបានធ្លាក់ចុះតិចតួចប៉ុណ្ណោះ គឺធ្លាក់ពី ៣៧% នៅឆ្នាំ២០០៤ ដល់ ៣៣% នៅឆ្នាំ២០០៩។
ជុំវិញបញ្ហាកង្វះអាហារូបត្ថម្ភនេះ រដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៤ ក៏បានប្រកាសអនុវត្តយុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភឆ្នាំ២០១៤-២០១៨។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ លោក ងី ច័ន្ទ្រផល ដែលបានចូលរួមជាវាគ្មិនក្នុងកិច្ចពិគ្រោះយោបល់ដែរនោះ លោកថ្លែងទទួលស្គាល់ថា បើទោះជាកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក៏ដោយ ក៏ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភនៅតែមាន ហើយបញ្ហាកង្វះស្បៀងក៏នៅតែមានសម្រាប់ពលរដ្ឋដែលមិនបានផលិតដោយខ្លួនឯង។ តែទោះយ៉ាងណា លោកថារដ្ឋាភិបាលកម្ពុជា បានធ្វើការងារជាច្រើនដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះលោកថា «បញ្ហាអាហារូបត្ថម្ភ មិនមែនគ្រាន់តែជាបញ្ហាសុខាភិបាលមួយមុខទេ ប៉ុន្តែវាជាបញ្ហាអភិវឌ្ឍន៍» តែម្តង។
សន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤ ដែលបានផ្សព្វផ្សាយកាលពីខែតុលា ឆ្នាំ២០១៤ ដោយអង្គការដុចឈី វ៉ែលហាំងហ្គឺហីហ្វ (Deutche Welthungerhilfe) ឲ្យដឹងថា ប្រទេសកម្ពុជា ត្រូវបានផ្តល់ចំណាត់ថ្នាក់លេខ៤៣ ក្នុងចំណោមប្រទេសទាំងអស់៧៦ នៅក្នុងសន្ទស្សន៍ភាពស្រេកឃ្លានសកលឆ្នាំ២០១៤។ ចំណាត់ថ្នាក់នេះបង្ហាញថា កម្ពុជា មានភាពល្អប្រសើរជាង ១០ឆ្នាំមុន ក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងភាពស្រេកឃ្លាន។ តែទោះជាយ៉ាងណា ចំណាត់ថ្នាក់នេះមានន័យថា ស្ថានភាពស្រេកឃ្លានរបស់កម្ពុជា នៅមានលក្ខណៈធ្ងន់ធ្ងរនៅឡើយ។
ជារួម សព្វថ្ងៃ ពលរដ្ឋកម្ពុជា ប្រមាណ ១៥,៤% នៅមានបញ្ហាកង្វះអាហារូបត្ថម្ភ ក្មេងអាយុក្រោម ៥ឆ្នាំ ២៩% មានបញ្ហាកង្វះទម្ងន់ និងក្មេង ៤% ស្លាប់នៅអាយុក្រោម ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
