វេទិកាវិស័យពិភាក្សារវាងម្ចាស់ជំនួយបរទេស និងរដ្ឋាភិបាលកម្ពុជា ត្រូវបានផ្អាកបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១០។ ប៉ុន្តែភាគីម្ចាស់ជំនួយបរទេសមួយចំនួន ដូចជាប្រទេសចិន ជប៉ុន និងសហភាពអឺរ៉ុប បានផ្ដល់ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់កម្ពុជា ទោះបីជាគ្មានការជួបជុំគ្នាក៏ដោយ។ បញ្ហានេះ អ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការផ្អាកនៃវេទិកាប្រជុំម្ចាស់ជំនួយនោះ អាចបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា មានការអភិវឌ្ឍខ្ពស់។
ការផ្ដល់ជំនួយឥតសំណង គឺផ្ដល់ទៅប្រទេសក្រីក្រ ដើម្បីស្ដារអភិវឌ្ឍនិងកសាងមូលដ្ឋានសេដ្ឋកិច្ចវិញ។ ប៉ុន្តែជំនួយនេះ នឹងផ្អាកនៅពេលដែលស្ថានភាពប្រទេសនោះមានភាពរីកចម្រើនលើផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសុខុមាលភាពប្រជាពលរដ្ឋ។
រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាធានាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងអត្រាភាពក្រីក្របានកាត់បន្ថយគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ភាពជោគជ័យនេះ ម្ចាស់ជំនួយបរទេសនឹងពិចារណាថា តើគួរផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ឬក៏ផ្ដល់កម្ចីសម្បទានដល់កម្ពុជាវិញ។
ទីប្រឹក្សាជាន់ខ្ពស់នៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិត ម៉ី កល្យាណ មានប្រសាសន៍ថា បើផ្អែកលើចំណូលប្រចាំឆ្នាំ ដែលគណនាដោយធនាគារពិភពលោក គឺបានចំណាត់ថ្នាក់ប្រទេសកម្ពុជា មិនមែនជាប្រទេសក្រីក្រទៀតឡើយ ដោយចំណូលប្រចាំជាមធ្យមរបស់មនុស្សម្នាក់ ទទួលបាន ១ពាន់ដុល្លារអាមេរិក។ ដោយឡែក បើយោងតាមការគណនារបស់អង្គការសហប្រជាជាតិវិញ បានចំណាត់ប្រទេសកម្ពុជា ជាប្រទេសក្រីក្រនៅឡើយ ដោយស្ថាប័ននេះបានលើកឡើងថា ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស សុខុមាលភាពសង្គម នៅមានភាពអន់ខ្សោយនៅឡើយ។
«សំឡេង»
របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា គម្រោងអភិវឌ្ឍន៍របស់ម្ចាស់ជំនួយបរទេសនៅកម្ពុជា មានចំនួនជាង ២.២០០គម្រោង គិតត្រឹមឆ្នាំឧសភា ឆ្នាំ២០១៤។ ក្នុងនោះ រាជរដ្ឋាភិបាល បានចាប់ដៃគូទ្វេភាគីជាម្ចាស់ជំនួយចំនួន ១៨ប្រទេស និងដៃគូពហុភាគីចំនួន ១៣ស្ថាប័ន។ ទឹកប្រាក់ជំនួយរបស់ស្ថាប័នអភិវឌ្ឍ និងប្រទេសជាម្ចាស់ជំនួយ មានចំនួនប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
អ្នកវិភាគនយោបាយមួយចំនួន បានលើកឡើងថា ការពន្យារពេលនៃកិច្ចប្រជុំម្ចាស់ជំនួយអាចបណ្ដាលមកពីហេតុផលនយោបាយ។ ស្របពេលដែលកម្ពុជា កំពុងជាប់គាំងនយោបាយនេះ គណបក្សមួយចំនួនបានស្នើឲ្យម្ចាស់ជំនួយបរទេសរង់ចាំរដ្ឋាភិបាលថ្មីមួយ ត្រូវបានបង្កើតឡើងដោយពេលលេញសិន មុននឹងផ្ដល់ហិរញ្ញប្បទានអភិវឌ្ឍដល់កម្ពុជា។
ប៉ុន្តែអ្នកសេដ្ឋកិច្ចបានអះអាងផ្ទុយពីនេះ ដោយគេបានលើកឡើងថា ការផ្អាកកិច្ចប្រជុំនៃការផ្ដល់ជំនួយនេះ អាចបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍខ្ពស់ ដោយម្ចាស់ជំនួយបរទេសបានបង្វែរពីការផ្ដល់ជំនួយឥតសំណងទៅការផ្ដល់ប្រាក់កម្ចីសម្បទាន ឬកម្ចីត្រង់មានអត្រាការប្រាក់ទាបវិញ។
អ្នកវិភាគសេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍ថា និន្នាការការដឹកនាំអភិវឌ្ឍប្រទេសតែងតែធ្វើឡើងដោយម្ចាស់ជំនួយបរទេសនៅក្នុងប្រទេសក្រីក្រ ប៉ុន្តែបើប្រទេសមានការអភិវឌ្ឍវិញ កិច្ចដឹកនាំនានាត្រូវចាប់ផ្ដើមដោយរដ្ឋាភិបាលរបស់ប្រទេសនោះ។
«សំឡេង»
ទោះជាយ៉ាងណាក៏ដោយ ស្របពេលប្រទេសកម្ពុជា មានភាពជាប់គាំងនយោបាយ មានម្ចាស់ជំនួយបរទេសមួយចំនួនប៉ុណ្ណោះដែលបានប្រកាសផ្ដល់ជំនួយដល់កម្ពុជា ក្នុងប្រទេសជប៉ុន ចិន និងសហភាពអឺរ៉ុប។ ក្នុងនោះសហភាពអឺរ៉ុប គឺជាប្រទេសដែលផ្ដល់ជំនួយឥតសំណងដ៏ធំមួយដល់កម្ពុជា។ គិតចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៣ សហភាពអឺរ៉ុបបានផ្ដល់ជំនួយយ៉ាងហោចណាស់ ៧០០លានដុល្លារអាមេរិក ដែលជួយលើផ្នែកអប់រំ មនុស្សធម៌ បរិស្ថាន សិទ្ធិមនុស្ស និងគាំទ្រដល់អង្គការក្រៅរដ្ឋាភិបាលនានា ដើម្បីជួយអភិវឌ្ឍនិងស្ដារឡើងវិញ។
ប្រធានប្រតិភូនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា លោកឯកអគ្គរដ្ឋទូត ហ្សង់ ហ្រ្វង់ស័រ កូតាំង (Jean François CAUTAIN) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី តាមសារអេឡិចត្រូនិកនៅអំឡុងខែឧសភា ឆ្នាំ២០១៤ ថា ភាពជាប់គាំងនយោបាយមិនមែនជាឧបសគ្គដល់ម្ចាស់ជំនួយដែលត្រូវចាត់ទុកជាបញ្ហាធំនោះទេ។ ភាពជាប់គាំងនយោបាយ នឹងប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ប៉ុន្តែទឹកប្រាក់ជំនួយរបស់សហភាពអឺរ៉ុប នឹងអាចជួយកាត់បន្ថយការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា។
ម៉្យាងវិញទៀត សហភាពអឺរ៉ុប និងប្រទេសជាសមាជិកទាំង ២៨ គ្រោងនឹងអនុម័តកញ្ចប់ថវិកាជំនួយដល់ប្រទេសកម្ពុជា ប្រមាណ ២ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។ ក្រៅពីនេះ គណៈកម្មការសហភាពអឺរ៉ុប ក៏គ្រោងនឹងផ្ដល់ទឹកប្រាក់ ៦០០លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០។
ម្ចាស់ជំនួយដ៏ធំមួយរបស់កម្ពុជា គឺធនាគារអភិវឌ្ឍន៍អាស៊ី ក៏គ្រោងនឹងផ្ដល់ហិរញ្ញប្បទានដល់រដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងលើកកម្ពស់កិច្ចអភិវឌ្ឍមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា។
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwich) មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅពីថ្ងៃទី៣ មិថុនា ២០១៤ ថា ធនាគារអភិវឌ្ឍន៍អាស៊ី បានឈប់ផ្ដល់ជំនួយឥតសំណង ដោយសារតែស្ថានភាពអភិវឌ្ឍកម្ពុជា មានភាពរីកចម្រើន។ ប្រទេសកម្ពុជា លែងទទួលជំនួយឥតសំណងពីធនាគារអភិវឌ្ឍន៍អាស៊ី រយៈពេលពីរឆ្នាំមកហើយ។ ប៉ុន្តែក្នុងករណីងមួយចំនួនដែលបានឃើញនៅក្នុងគម្រោងនានា ដោយបានផ្ដល់ដោយធនាគារអភិវឌ្ឍន៍អាស៊ីនោះ គឺបានមកពីម្ចាស់ជំនួយ ពីប្រទេសដទៃទៀត ភាគច្រើននៃជំនួយនោះ គឺជំនួយសម្បទាន ដែលយកការប្រាក់ទាប និងពេលសងត្រឡប់មានរយៈពេលវែង។
លោក អៀរិក ស៊ីដវិច បានបញ្ជាក់ថា ភាពជាប់គាំងនយោបាយបច្ចុប្បន្ន មិនមែនជាឧបសគ្គដល់ការផ្ដល់ជំនួយដល់ប្រទេសកម្ពុជាឡើយ៖ «ព្រឹត្តិការណ៍ដែលកើតឡើងពាក់ព័ន្ធនឹងរឿងនយោបាយ មិនបង្អាក់ដល់ការផ្ដល់ជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជា ដោយសារតែម្ចាស់ភាគហ៊ុននិងក្រុមប្រឹក្សាភិបាលរបស់ អេ.ឌី.ប៊ី ជាអ្នកសម្រេចផ្ដល់ទឹកប្រាក់សម្បទាន។ បច្ចុប្បន្ន យើងមិនបានឃើញសញ្ញាណាមួយដែលកើតឡើងពីបញ្ហានយោបាយកម្ពុជា ប៉ះពាល់ដល់ការផ្ដល់ជំនួយដល់កម្ពុជាឡើយ»។
ទោះជាយ៉ាងណាក៏ដោយ សន្ទស្សន៍នៃហានិភ័យនៃជំនួយរបស់កម្ពុជា ដែលវាយតម្លៃដោយធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ នៅក្នុងឆ្នាំ២០១៤ មានកម្រិតទាប ឬអាចគ្រប់គ្រងបាន។ បច្ចុប្បន្នការអភិវឌ្ឍប្រទេសកម្ពុជា ដោយសារទទួលជំនួយអភិវឌ្ឍផ្លូវការពីប្រទេសជាច្រើននៅលើពិភពលោក ឬហៅថា អូ.ឌី.អេ (Official Development Assistant) ដែលបានមកពីប្រភពសំខាន់ពីរ គឺជំនួយឥតសំណងនិងប្រាក់កម្ចីសម្បទាន។
របាយការណ៍របស់ស្ថាប័នអភិវឌ្ឍន៍មួយចំនួន បានបង្ហាញថា ប្រាក់ជំនួយបរទេសដែលបានផ្ដល់កម្ពុជា មានចំនួន ១០ពាន់លានដុល្លារអាមេរិក នៅចន្លោះឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១២។ ម៉្យាងវិញទៀត គិតត្រឹមឆ្នាំ២០១៤ ប្រទេសកម្ពុជា ក៏បានជំពាក់បំណុលបរទេស ឬហៅថា កម្ចីសម្បទាន មានចំនួនជាង ៥ពាន់លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
