តំណាងក្រសួងព័ត៌មាន ឲ្យដឹងថា បណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់នឹងបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសនៅពីចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ។ ទន្ទឹមគ្នានេះ តំណាងសមាគមសិល្បៈយល់ថា នេះជាសញ្ញាវិជ្ជមានមួយដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានអះអាងថា បណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់បានយល់ព្រមបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសនៅពីចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដែលបណ្ដាស្ថានីយទូរទស្សន៍ចាត់ទុកជាម៉ោងមាស ដោយត្រូវចាក់ផ្សាយវណ្ណកម្មខ្មែរជំនួសវិញ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់វិទ្យុអាស៊ីសេរី ថា ក្រោយមានកិច្ចប្រជុំជាមួយតំណាងទូរទស្សន៍ក្នុងស្រុកទាំងអស់កាលពីថ្ងៃទី២៩ ខែធ្នូ តំណាងស្ថានីយទូរទស្សន៍ទាំងនោះអះអាងថា បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាក់ផ្សាយវណ្ណកម្មខ្មែរ ដូចជាខ្សែភាពយន្ត វីដេអូខ្មែរ តន្ត្រីសម័យបុរាណ កម្មវិធីកម្សាន្តផ្សេងៗ និងកម្មវិធីកីឡា ជាដើម តាមវិធានការរបស់ក្រសួងកាលពីពេលកន្លងទៅ៖ «ស្ថានីយមួយចំនួនធំ ពួកគាត់បានយល់ព្រម ហើយបានត្រៀមខ្លួនរួចរាល់ហើយ ទាំងអស់គ្នាបានយល់ព្រមថា នឹងរៀបចំពេលវេលារយៈពេល ២ម៉ោង គឺចាប់ពី ៧ ដល់ ៩យប់ហ្នឹង រាល់វណ្ណកម្មខ្មែរជំនួសវិញ»។
អ្នកនាំពាក្យក្រសួងព័ត៌មាន រូបនេះមានប្រសាសន៍បន្តថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ ប្រសិនបើស្ថានីយទូរទស្សន៍ណាល្មើសទៅនឹងការសម្រេច និងអនុវត្តមិនមានប្រសិទ្ធភាពតាមការឯកភាពនេះ ក្រសួងព័ត៌មាននឹងមានវិធានការពីរ គឺអាចនឹងដោះស្រាយតាមប្រព័ន្ធតុលាការ និងដកអាជ្ញាប័ណ្ណស្ថានីយទូរទស្សន៍ទាំងនោះ៖ «ក្រសួងបានព្រមានហើយ ក្រសួងថា បើតំណាងស្ថានីយទូរទស្សន៍មិនអនុវត្ត ស្ថានីយទាំងនោះនឹងប្រឈមនឹងការដោះស្រាយតាមផ្លូវតុលាការ និងអាចដកអាជ្ញាប័ណ្ណក្នុងរយៈពេលណាមួយ»។
ទាក់ទិននឹងបណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកយល់ព្រមបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៦ នេះដែរ ប្រធានសមាគមសិល្បករខ្មែរ លោក សុះ ម៉ាច មានប្រសាសន៍ថា វិធានការនេះហាក់បីដូចជាយឺតយ៉ាវបន្តិច។ ប៉ុន្តែលោកថា នេះជាសញ្ញាល្អចំពោះវិស័យសិល្បៈខ្មែរ ពិសេសមិនត្រឹមតែជួយលើកទឹកចិត្តដល់សិល្បករប៉ុណ្ណោះទេ វាក៏ជាឱកាសដល់ផលិតករខ្មែរផលិតភាពយន្តឲ្យកាន់តែមានស្តង់ដារថែមទៀត។
បន្ថែមពីនេះទៀត លោក សុះ ម៉ាច អះអាងថា ក្នុងមួយឆ្នាំៗកម្ពុជា ខាត់បងថវិកាប្រមាណជាង ៦លានដុល្លារ ដោយសារលំហូរភាពយន្តបរទេស៖ «មួយឆ្នាំៗ កម្ពុជា ដោយសារលំហូរចូលពីភាពយន្តបរទេស ប៉ះពាល់ដល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ការអប់រំ ហើយពេលដែលយើងងាកមកភាពយន្តខ្មែរវិញ វានឹងជួយបានច្រើន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងស្ថានីយទូរទស្សន៍ៗក្នុងស្រុកដែលបានចាក់ផ្សាយភាពយន្តបរទេស និងកម្មវិធីល្បីៗនៅចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដើម្បីសួរបន្ថែមពីបញ្ហានេះបានទេ នៅថ្ងៃទី៣០ ខែធ្នូ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង អះអាងថា ក្រៅពីវិធានការនេះ ក្រសួងព័ត៌មាន ក៏បានរំលឹកឲ្យបណ្ដាស្ថានីយទូរទស្សន៍ទាំងនោះ មិនត្រូវផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់នៅលើកញ្ចក់ទូរទស្សន៍ទាំងអស់ផងដែរ។
កាលពីថ្ងៃទី២៥ ខែកញ្ញា កន្លងទៅ ក្រសួងព័ត៌មាន បានសម្រេចហាមឃាត់ការចាក់ផ្សាយភាពយន្តបរទេសគ្រប់ប្រភេទ នៅតាមកញ្ចក់ទូរទស្សន៍ទាំងអស់ក្នុងប្រទេសកម្ពុជា ចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដោយត្រូវតែចាក់ផ្សាយវណ្ណកម្មខ្មែរដើម្បីចូលរួមលើកស្ទួយវប្បធម៌ និងអត្តសញ្ញាណភាពយន្តខ្មែរ។ ក្រសួងព័ត៌មាន បានបញ្ជាឲ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវតែចាក់ផ្សាយវណ្ណកម្មខ្មែរ ដូចជាខ្សែភាពយន្ត និងវីដេអូខ្មែរ តន្ត្រីសម័យបុរាណ កម្មវិធីកម្សាន្តផ្សេងៗ និងកម្មវិធីកីឡាជំនួសវិញ។
យ៉ាងណាក៏ដោយ ផលិតកម្មក្នុងស្រុក អ្នកស្រាវជ្រាវបញ្ហាសង្គម អ្នកប្រើប្រាស់បណ្ដាញសង្គម និងសិល្បករ នៅតែចង់ឃើញវិធានការរបស់ក្រសួងមានប្រសិទ្ធភាព និងជំរុញឲ្យម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវគោរពតាមវិធានការនេះឲ្យមានប្រសិទ្ធភាព មិនមែនអនុវត្តគ្រាន់តែរយៈពេលខ្លីនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
