ក្រសួងទេសចរណ៍ នៅថ្ងៃទី៣ ខែមករា បង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា ក្នុងឆ្នាំ២០១៥ បានកើនឡើងក្នុងអត្រា ៥% ធៀបនឹងឆ្នាំ២០១៤។ កំណើននេះតិចជាងគោលដៅរបស់ក្រសួងទេសចរណ៍ ដែលរំពឹងចង់ស្រូបយកភ្ញៀវទេសចរបរទេសឲ្យបាន ៥លាននាក់។ យ៉ាងណា អ្នកតាមដានសេដ្ឋកិច្ច អបអរសាទរនឹងកំណើននេះ ហើយព្យាករថា ចំនួនភ្ញៀវទេសចរបរទេសអាចនឹងបន្តកើនឡើងនៅឆ្នាំ២០១៦ ប្រសិនបើកម្ពុជា អាចរក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែមករា ថា ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជា មានចំនួនសរុបប្រមាណ ៤លាន ៧សែននាក់ ច្រើនជាងឆ្នាំ២០១៤ ដែលកាលនោះមានចំនួន ៤លាន ៥សែននាក់។
ក្នុងឆ្នាំ២០១៥ ភ្ញៀវទេសចរជនជាតិវៀតណាម នៅតែមានចំនួនច្រើនលំដាប់ទី១ ដែលជាធម្មតាចូលមកកម្ពុជា តាមច្រកបាវិត ខេត្តស្វាយរៀង។
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន កត់សម្គាល់ថា ភ្ញៀវទេសចរដែលចូលមកតាមច្រកព្រំដែន និងផ្លូវអាកាសមានចំនួនកើនឡើង ក៏ប៉ុន្តែចំនួនភ្ញៀវទេសចរចូលតាមច្រកប៉ោយប៉ែត នៅឆ្នាំ២០១៥ ថយចុះ ១៣,៨១% ធៀបនឹងឆ្នាំ២០១៤។ មន្ត្រីក្រសួងទេសចរណ៍រូបនេះ ពន្យល់ពីមូលហេតុនៃការថយចុះភ្ញៀវទេសចរចូលតាមច្រកប៉ោយប៉ែត ថា គឺដោយសារបញ្ហាមួយចំនួនដែលបានបង្កជាក្ដីបារម្ភដល់ភ្ញៀវទេសចរបរទេស ក្នុងអំឡុងឆ្នាំ២០១៥៖ «បើយើងពិនិត្យមើលសភាពការណ៍ជារួម គឺក្រោយពីយើងជួបប្រទះនូវបញ្ហាខ្លះ ដូចជា មានការផ្ទុះគ្រាប់បែកនៅក្រុងបាងកក មានការផ្ទុះឡើងនូវជំងឺអេបូឡា (Ebola) ហើយមានការផ្ទុះឡើងនូវជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា នៅកូរ៉េខាងត្បូង ហើយម្យ៉ាងទៀត មានករណីភេរវកម្មអីហ្នឹង អាហ្នឹងវាជាកត្តាមួយដែលធ្វើឲ្យការធ្វើដំណើរត្រូវបានកាត់បន្ថយដែរ»។
កំណើនភ្ញៀវទេសចរក្នុងអត្រា ៥% ក្នុងឆ្នាំ២០១៥ ត្រូវបានអ្នកស្រាវជ្រាវការអភិវឌ្ឍសេដ្ឋកិច្ច លោក ស្រី ចន្ធី ចាត់ទុកថា ជាកំណើនប្រសើរមួយ ត្បិតការថយចុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ជាបញ្ហាប្រឈមដល់កំណើនភ្ញៀវទេសចរមកកម្ពុជា៖ «ទេសចរភាគច្រើនដែលមកលេងប្រទេសយើងហ្នឹង គឺចិន ច្រើនជាងគេ។ ដល់ពេលសេដ្ឋកិច្ចចិន មានបញ្ហា ហើយមានបញ្ហាក្នុងតំបន់ទៀត ទំនាស់រឿងឈូងសមុទ្រចិន ជាមួយយៀកណាម ជាមួយអីហ្នឹង អ៊ីចឹងចំនួនទេសចរចិន ដែលមកលេងក៏វាកើនតិច ដោយសារសេដ្ឋកិច្ចគាត់ធ្លាក់ ហើយទេសចរក្នុងតំបន់វាអាស្រ័យលើសេដ្ឋកិច្ចចិន ដែរ។ អ៊ីចឹងក៏មានចំនួនមិនច្រើនដែរដែលកើនឡើង ចង់បង្កើនលើសនេះទៀត ក៏វាមិនទៅរួចដែរ ដោយសារយើងពឹងផ្អែកលើទេសចរក្នុងតំបន់ភាគច្រើន»។
ទោះបីយ៉ាងណា លោក ស្រី ចន្ធី មានប្រសាសន៍ថា វិស័យទេសចរណ៍កម្ពុជា អាចនឹងទទួលបានភ្ញៀវកាន់តែច្រើន ប្រសិនបើអាចទាក់ទាញភ្ញៀវពីប្រទេសច្រើនទៀត ក្រៅពីប្រទេសក្នុងតំបន់អាស៊ី។ លោកយល់ឃើញថា ក្រសួងទេសចរណ៍ កំពុងខិតខំអនុវត្តគោលនយោបាយលើកស្ទួយវិស័យទេសចរណ៍។
ទន្ទឹមនឹងនេះ លោក ស្រី ចន្ធី ប្រមើលមើលថា នៅឆ្នាំ២០១៦ ចំនួនភ្ញៀវទេសចរមកកម្ពុជា នឹងបន្តកើនឡើង ក្នុងនោះភ្ញៀវទេសចរពីបណ្ដាប្រទេសសមាជិកអាស៊ាន នឹងកើនឡើង ដោយសារភាពអនុគ្រោះនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ដែលទើបប្រកាសបង្កើតជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ កន្លងទៅ។ ក្រៅពីនេះ លោកថា កំណើននោះនឹងបន្ត ប្រសិនបើកម្ពុជា អាចរក្សាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយបានល្អប្រសើរ ជាពិសេសនៅខណៈមានការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
