ប្រជាសហគមន៍ការពារព្រៃឈើនៅឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរអាចចោទប្រកាន់ពួកគេអំពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ កាលពីពេលកន្លងទៅ។
កាលពីពេលថ្មីៗនេះ អាជ្ញាធរឃុំបានកោះហៅពួកគាត់ឲ្យចូលបំភ្លឺរឿងដុតស្ពានមួយកន្លែង ដែលឆ្លងកាត់ពីព្រៃសហគមន៍ចូលតំបន់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK)។
ប្រធានសហគមន៍ការពារធម្មជាតិភ្នំប្រង់ អះអាងថា ការចោទប្រកាន់ពួកគាត់ គឺក្នុងគោលបំណងបំបាក់ស្មារតីប្រជាសហគមន៍ ដែលមានគំនិតចង់ការពារធនធានធម្មជាតិនៅតំបន់ព្រៃសហគមន៍របស់ខ្លួន។ ពួកគេថា ស្ពានដែលអាជ្ញាធរចោទប្រកាន់ពួកគាត់ ថាបានដុតនោះ មិនមែនជាស្ពានសាធារណៈឡើយ ប៉ុន្តែជាស្ពានដែលជនល្មើសធ្វើឡើងសម្រាប់ដឹកឈើឆ្លងកាត់ចេញពីតំបន់ដីសហគមន៍ប៉ុណ្ណោះ។
ប្រធានសហគមន៍ការពារធម្មជាតិភ្នំប្រង់ លោក ឃួន ធន់ បដិសេធថា ពួកលោកមិនបានដុតស្ពាននៅចំណុចក្បែរទីស្នាក់ការសហគមន៍ ដែលឆ្លងកាត់ពីដីព្រៃសហគមន៍ ទៅតំបន់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ ឡើយ ប៉ុន្តែលោកបញ្ជាក់ថា លោកបានដុតកម្ទេចកំទីនៃបំណែកស្ពានបាក់បែកប៉ុណ្ណោះ កាលពីចុងខែធ្នូ ឆ្នាំ២០១៥៖ «ខ្ញុំភិតភ័យ ព្រោះខ្ញុំម្នាក់ឯង ខ្ញុំមានដៃជើងបរិស្ថាន និងឃុំម្នាក់ដែរ ហើយប្រជាពលរដ្ឋនៅក្នុងភូមិក៏គាំទ្រ ប៉ុន្តែខ្ញុំមិនទុកចិត្ត ព្រោះបក្ខពួកគេច្រើន»។
ការបារម្ភនេះ កើតឡើងក្រោយពេលសមត្ថកិច្ចឃុំសាគ្រាម បានកោះហៅប្រធានសហគមន៍រូបនេះឲ្យចូលទៅបំភ្លឺនៅនគរបាលប៉ុស្តិ៍កាលពីថ្ងៃទី៤ មករា ជុំវិញរឿងដុតស្ពានឈើនោះ។
ទាក់ទងបញ្ហានេះ នាយនគរបាលប៉ុស្តិ៍ឃុំសាគ្រាម លោក នួន ប៊ុនធឿន មានប្រសាសន៍ថា សំណុំរឿងនេះ អាចនឹងបញ្ជូនទៅអធិការស្រុកបន្ត ដើម្បីសម្របសម្រួលគ្នានៅទីនោះ។ លោកថា ការកោះហៅប្រធានសហគមន៍ឲ្យចូលបំភ្លឺ គឺយោងទៅលើពាក្យបណ្ដឹងរបស់ពលរដ្ឋ ដែលចោទប្រកាន់ លោក ឃួន ធន់ ថាបានដុតស្ពានដែលពួកគាត់ធ្លាប់ឆ្លងកាត់រាល់ដង។ លោកថា ស្ពាននោះមិនមែនមានតែជនល្មើសដឹកឈើឆ្លងកាត់ទេ ប៉ុន្តែប្រជាពលរដ្ឋត្រូវការជាចាំបាច់ ដើម្បីដឹកដំឡូង ឬឈើខ្លះសម្រាប់ធ្វើផ្ទះ ជាដើម៖ «បាទ! អានេះវាអាស្រ័យលើប្រជាពលរដ្ឋគាត់សំណូមពរទេបង មិនមែនសមត្ថកិច្ចនគរបាលចេះតែបង្កើតឡើងទេ»។
ស្ពានឈើនោះមិនមានឈ្មោះឡើយ ដោយឆ្លងកាត់ប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ គឺមានប្រវែងបណ្តោយប្រមាណ ២ម៉ែត្រ ទទឹងជាង ២ម៉ែត្រ ធ្វើឡើងកាលពីឆ្នាំ២០១៤។
ដោយឡែកសមាជិកក្រុមប្រឹក្សាឃុំសាគ្រាម លោក ចាន់ សុផល ឲ្យដឹងថា ស្ពាននោះ គឺជនល្មើសដឹកឈើឆ្លងកាត់ផង ប៉ុន្តែមានពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលត្រូវការដឹកផលិតផលកសិកម្មចេញចូល។ លោកថា រឿងនេះ គឺធ្លាប់មកសម្រុះសម្រួលគ្នានៅសាលាឃុំកាលពីពេលកន្លងទៅ ហើយក៏បានស្ងប់ស្ងាត់ទៅវិញហើយរហូតមកដល់ពេលនេះ។
យ៉ាងណា មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញ៉ូង សាមឿន មានប្រសាសន៍ថា ទោះបីជាការបំផ្លាញទ្រព្យសម្បត្តិសាធារណៈជារឿងខុសច្បាប់ក៏ដោយ ប៉ុន្តែលោកថា ករណីនេះ អាជ្ញាធរគប្បីមើលទៅលើអង្គហេតុ ថាតើភាគីមួយណាផ្តល់ផលវិជ្ជមានធំជាង ត្បិតអីភាគីសហគមន៍ធ្វើឡើងដើម្បីការពារព្រៃសហគមន៍របស់ពួកគាត់។ ម្យ៉ាង អាជ្ញាធរត្រូវស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
