អតីត​អ្នក​បើកបរ​ឡាន​ក្រុង​កាពីតូល​បន្ត​​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ

អតីត​អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល (CAPITOL) ប្រមាណ ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មេសា បន្ត​ការ​តវ៉ា​របស់​ខ្លួន​ជា​ថ្មី​ទៀត​​នៅ​ក្បែរ​ក្រុមហ៊ុន​ជិត​ផ្សារ​អូរឫស្សី រាជធានី​ភ្នំពេញ។ ក្នុង​ពេល​ទាមទារ​នោះ ក្រុម​សមត្ថកិច្ច​បាន​រារាំង​មិន​ឲ្យ​ពួកគេ​មក​មុខ​ក្រុមហ៊ុន និង​ហាម​មិន​ឲ្យ​លើក​បដា។

អតីត​អ្នក​បើកបរ​រថយន្ត​ទាំង​នោះ បន្ត​ឈរ​កាន់​បដា​យ៉ាង​ស្ងៀមស្ងាត់ និង​អំពាវនាវ​ដល់​សាធារណជន​ឲ្យ​ផ្អាក​ប្រើប្រាស់​សេវា ឬ​ជិះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​កាពីតូល។

អតីត​អ្នក​បើក​ឡាន​ម្នាក់ លោក ថេប វុទ្ធី ឲ្យ​ដឹង​ថា ការ​ទាមទារ​ថ្ងៃ​នេះ គ្មាន​អ្វី​ក្រៅពី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​ក្រុម​លោក​ចូល​ធ្វើ​ការងារ​វិញ​នោះ​ទេ។ លោក​ថា ក្រៅ​ពី​ការ​តវ៉ា​នៅ​ពេល​នេះ លោក​ក៏​ពឹង​អ្នក​ច្បាប់​អន្តរាគមន៍​ទៅ​ស្ថាប័ន​ផ្សេង​ទៀត៖ «ខ្ញុំ​នៅ​តែ​បន្ត​ការ​ទាមទារ​រហូត​ក្រុមហ៊ុន​មាន​ដំណោះស្រាយ។ ពួក​ខ្ញុំ​បាត់​មុខ​មួយ​រយៈ​ដោយសារ​ពួក​ខ្ញុំ​មាន​របួស គេ​វាយ​បែក​ក្បាល។ ប៉ុន្តែ​ទោះ​បី​ជា​គេ​វាយ​បែក​ក្បាល ឬ​គេ​ចាប់​ដាក់​គុក គេ​រារាំង​យ៉ាង​ម៉េច​ក៏​ពួក​ខ្ញុំ​នៅ​តែ​ពុះពារ»

នៅ​ពេល​ការ​ទាមទារ​គ្មាន​លទ្ធផល អតីត​អ្នក​បើកបរ​បាន​បំបែក​គ្នា​វិញ នៅ​ថ្ងៃ​ដដែល ហើយ​ថា ពួកគេ​នឹង​បន្ត​ទាមទារ​ត​ទៅ​ទៀត។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ត្រូវ​បាន​ថៅកែ​បញ្ឈប់​ពី​ការងារ កាល​ពី​ចុង​ឆ្នាំ​២០១៥ ដោយសារ​ពួក​គេ​បង្កើត​សហជីព និង​ចោទ​ពី​បទ​រំលោភ​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន រំលោភ​បទបញ្ជា​ផ្ទៃ​ក្នុង​ដែល​បាន​លួច​កិបកេង​ទ្រព្យ​សម្បត្តិ​ក្រុមហ៊ុន និង​រំលោភ​ច្បាប់​ការងារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។