អតីតអាជីវករប្រមាណ ១០០នាក់ នៅផ្សារប្រសូត្រចាស់ ស្ថិតក្នុងខេត្តស្វាយរៀង នាំគ្នាតវ៉ាទាមទារសំណងថ្លៃតូប បន្ទាប់ពីលេចឮថា អាជ្ញាធរស្រុកស្វាយទាប ជួលដីផ្សារប្រសូត្រចាស់ នោះ ទៅឲ្យក្រុមហ៊ុនឯកជនសាងសង់ផ្សារទំនើប។
ទាក់ទិនបញ្ហានេះ អភិបាលស្រុកស្វាយទាប សារភាពថា អាជ្ញាធរពិតជាជួលដីឲ្យក្រុមហ៊ុនសាងសង់ផ្សារទំនើបមែន ដើម្បីឲ្យស្របតាមការអភិវឌ្ឍ ហើយដោយឡែករឿងអាជីវករទាមទារសំណងនោះ ក៏អាជ្ញាធរកំពុងពិនិត្យដោះស្រាយដែរ។
តំណាងឲ្យអតីតអាជីវករផ្សារប្រសូត្រចាស់ លោក ធឹក ពន្លឺ មានប្រសាសន៍ថា អាជ្ញាធរពុំបានគិតគូរពិភាក្សាផ្តល់សំណងតូបជូនពួកគាត់ឡើយ ជុំវិញគម្រោងរុះរើតូបពួកគាត់ ដើម្បីជួលដីផ្សារប្រសូត្រចាស់ ទៅឲ្យក្រុមហ៊ុនឯកជនសាងសង់ផ្សារទំនើបនោះ។
លោកបន្តថា ការធ្វើមិនដឹងមិនឮរបស់អាជ្ញាធរនេះហើយ ទើបបានជាពួកគាត់ប្រមូលផ្តុំគ្នានៅមុខសាលាស្រុកស្វាយទាប រយៈពេលពីរបីថ្ងៃចុងក្រោយនេះ ដើម្បីឲ្យអភិបាលស្រុកស្វាយទាប ដោះស្រាយសំណងថ្លៃតូបជូនពួកគាត់ ព្រោះតូបទាំងនោះពុំទាន់មានអ្នកណាប៉ះពាល់ធ្វើឲ្យខូចខាតនោះទេ បើទោះបីជាអាជីវករប្រមាណ ៩៥ភាគរយ បានប្ដូរទៅទិញតូបលក់នៅផ្សារប្រសូត្រថ្មី ក្បែរគ្នាក៏ដោយ៖ «អត់មានកុងត្រាទេ ហើយដីរបស់រដ្ឋនោះក៏ពួកខ្ញុំទទួលស្គាល់ដែរ តែតូបទាំងនោះជារបស់ពួកខ្ញុំ ដូច្នេះខ្ញុំសុំសំណងតូបវិញ ព្រោះអាជ្ញាធរស្រុកយកទៅឲ្យឯកជន ហើយមិនមែនយកទៅឲ្យកាកបាទក្រហមឯណា ហើយបើយកទៅឲ្យរដ្ឋវិញ ក៏ពួកខ្ញុំមិនទាមទារដែរ»។
ក្រុមអាជីវករខ្លះរអ៊ូរទាំថា អាជ្ញាធរស្រុកស្វាយទាប ហាក់ដូចជាមានចេតនាលាក់បាំងរឿងនេះ ដោយចង់ជួលដីដោយស្ងាត់ៗទៅឲ្យក្រុមហ៊ុន។ លោក ធឹក ពន្លឺ ឲ្យដឹងដែរថា ផ្សារប្រសូត្រចាស់ នោះ គឺមានជាង ១០០តូប ហើយដែលពួកគាត់ទាមទារក្នុងមួយតូបតម្លៃ ២ពាន់ដុល្លារ។
ជាការឆ្លើយតបចំពោះបញ្ហានេះ អភិបាលស្រុកស្វាយទាប លោក សំ ឆា មានប្រសាសន៍ថា លោកបានទទួលសំណើទាមទារសំណងនេះហើយ។ តែយ៉ាងណា លោកឆ្លើយថា អាជីវករមិនបានទាមទាររហូតដល់ ២ពាន់ដុល្លារនោះទេ ព្រោះសំណង់តូបទាំងនោះពុកផុយស្ទើរអស់ទៅហើយ។
ជាងនេះទៅទៀត គឺអាជីវករបានជួលត្រឹមរយៈពេល ១០ឆ្នាំ ដែលមកដល់ពេលនេះវាផុតកុងត្រាទៅហើយ។ លោកបញ្ជាក់ថា អាជ្ញាធរស្រុកកំពុងពិនិត្យបញ្ជីឈ្មោះអាជីវករឡើងវិញ ដើម្បីធ្វើការដោះស្រាយ៖ «សំណើរបស់ពួកគាត់ដែលសាលាស្រុកទទួលបាននោះ គឺដាក់សំណើត្រឹម ២០០ដុល្លារ ហើយសំណើដែលផ្ដិតមេដៃស្នើសុំនោះ ខ្ញុំកំពុងឲ្យគេពិនិត្យមើលហើយថា តើអ្នកណាខ្លះមានឈ្មោះពិតប្រាកដ ដើម្បីរាយការណ៍ទៅខេត្ត ព្រោះថាពីមុនផ្សារនេះមានតែជាង ៤០តូបទេ តែឥឡូវមានអាជីវករច្រើនពេកដែលមិនស្របនឹងចំនួនតូបពិតប្រាកដ»។
ផ្សារប្រសូត្រចាស់ ដែលមានទំនាស់នេះ គឺស្ថិតនៅភូមិកណ្ដៀងរាយ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ដែលអាជីវករខ្លះបានទិញតូបតាំងពីឆ្នាំ១៩៩២ មក និងពុំចុះកុងត្រាដូចការលើកឡើងរបស់អភិបាលស្រុកនោះទេ ហើយពួកគាត់ក៏មិនបានទាមទារយកដីនោះដែរ គឺទាមទារតែថ្លៃតូបប៉ុណ្ណោះ។
បើទោះបីជាយ៉ាងណាក៏ដោយចុះ ក្រុមអតីតអាជីវករផ្សារប្រសូត្រចាស់ ទាំងនោះ ព្រមានថា បើអាជ្ញាធរស្រុកនៅតែមិនពន្លឿនការដោះស្រាយ និងបំភ័ន្តការពិតក្នុងការដោះស្រាយរឿងសំណងថ្លៃតូបនេះ នោះគឺពួកគាត់នឹងបន្តប្ដឹងទាមទារសំណងរហូតដល់ថ្នាក់លើទៀតផង ដោយមិនព្រមបញ្ឈប់បញ្ហានេះងាយៗនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
