អតីត​ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​ថៃ​ត្រឡប់​មក​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ក្នុង​ស្រុក

0:00 / 0:00

ពលរដ្ឋ​ក្រីក្រ​ភាគ​ច្រើន​និយម​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ដោយ​រំពឹង​ចង់​បាន​ប្រាក់​ចំណូល​ខ្ពស់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ត្រូវ​ខក​បំណង​ក្នុង​រឿង​នេះ និង​ត្រូវ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ជាច្រើន ដូច​ជា​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ត្រូវ​ទាហាន​ឈុត​ខ្មៅ​ថៃ បាញ់​សម្លាប់ ឬ​ធ្វើ​បាប ជំរិត​យក​លុយ​ពេល​ពលករ​ត្រឡប់​មក​ផ្ទះ​វិញ​ក្តី។

បញ្ហា​ទាំង​នេះ បាន​ធ្វើ​ឲ្យ​ពលករ​ម្នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ សព្វថ្ងៃ​រស់នៅ​ខេត្ត​តាកែវ រាងចាល ហើយ​បែរ​មក​ចាប់​របរ​លក់​ដូរ ហើយ​អះអាង​ថា មិន​ត្រឡប់​ទៅ​បម្រើ​ថៃ វិញ​ទេ។

អតីត​ពលករ​ខ្មែរ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ថ្លែង​អំពី​ទុក្ខ​លំបាក​ពេល​ឆ្លង​ដែន​ខុស​ច្បាប់ និង​ស្វែងរក​ការងារ​ធ្វើ​ពេល​ទៅ​ដល់​ប្រទេស​ថៃ ភ្លាមៗ​នោះ។

កំពុង​ស្រង់​ចេក និង​ដំឡូង​ចៀន កុំ​ឲ្យ​ខ្លោច ពលការិនី​មួយ​រូប​រស់នៅ​ភូមិ​មហាសេនា ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ឈ្មោះ លក្ខិណា បាន​ចាប់​យក​របរ​ចៀន​ចេក និង​ដំឡូង​លក់​ក្នុង​ភូមិ។ លក្ខិណា អះអាង​ថា គាត់​រាងចាល​ហើយ​ជីវិត​ជា​កម្មករ​នៅ​ប្រទេស​ថៃ។ លោកស្រី​ថា ថ្វី​ត្បិត​តែ​តម្លៃ​ឈ្នួល​ពលកម្ម​នៅ​ប្រទេស​ថៃ បាន​ថ្លៃ​ជាង​ធ្វើ​ការ​នៅ​ក្នុង​ស្រុក​មែន តែ​ថៅកែ​កាត់​យក​ពន្ធ​ផង តម្លៃ​អាហារ​ហូប​ចុក​ឡើង​ថ្លៃ​ផង។

លោកស្រី​បន្ត​ថា គាត់​ធ្វើ​ការ​ច្រើន​ឆ្នាំ​គ្មាន​សល់​លុយ​ផ្ញើ​មក​ផ្ទះ​ឲ្យ​កូន​រៀន គាត់​ក៏​សម្រេច​ចិត្ត​ត្រឡប់​មក​ស្រុក​កំណើត​ប្រកប​របរ​លក់​ដូរ​បន្តិចបន្តួច ហើយ​បាន​នៅ​ជិត​កូន និង​ក្រុម​គ្រួសារ៖ «ខ្ញុំ​ថា​បើ​សិន​យើង​នៅ​ផ្ទះ​យើង​នេះ ធ្វើ​ការ​នៅ​ខ្មែរ​បែប​គ្រាន់​បើ​ជាង​នៅ​ថៃ ព្រោះ​នៅ​ថៃ និយាយ​រួម​ពិបាក​ណាស់ ជួន​កាល​ផ្តាច់​ទឹក​អត់​ឲ្យ​ទឹក​យើង​មុជ​ក៏​មាន​ដែរ ពេល​កម្មករ​យើង​អ៊ីចឹង​ផ្តាច់​ទឹក​អត់​ឲ្យ​មាន​មុជ​ក៏​មាន​ដែរ អត់​មាន​ទេ បើ​នៅ​ទី​នេះ​មាន​ទឹក​គ្រាន់​ឲ្យ​យើង​មុជ ទៅ​អត់​ទេ។ គេ​គ្មាន​គិត​លុយ​អី​ពី​យើង​ផង គេ​ឲ្យ​មុជ​ស្រាប់។ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​នឹក​ឃើញ​ថា និយាយ​ទៅ​ចាញ់​នៅ​ខ្មែរ​ទេ ជួល​ផ្ទះ​ជួល​អី​នៅ​ក៏​វា​គ្រាន់​បើ​បន្តិច​ដែរ វា​គ្មាន​អ្នក​ណា​ស្តី អ្នក​ណា​ថា​ឲ្យ​យើង យើង​នៅ​ធ្វើ​ការ​ទី​នេះ វា​គ្មាន​អ្នក​ស្តី​ទេ បើ​នៅ​ថៃ គេ​ស្តី​ឲ្យ​គេ​ថា​ធ្វើ​ការ​មិន​ល្អ​អ៊ីចឹង»

លោកស្រី លក្ខិណា រៀបរាប់​បន្ត​ថា គាត់​ទៅ​ប្រទេស​ថៃ តាម​មេ​ខ្យល់​នាំ​ផ្លូវ។ មេ​ខ្យល់​នាំ​គាត់ និង​ប្ដី​ទៅ​ដល់​ក្រុង​ថេប ធ្វើ​ការ​ផ្នែក​សំណង់។ ការងារ​នៅ​ថៃ ធ្វើ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។ ក្នុង​១​ថ្ងៃ​ទទួល​កម្រៃ​ឈ្នួល​ពលកម្ម​បាន ២៥០​បាត។ តម្លៃ​នេះ​ទាប​ជាង​ការងារ​សំណង់​ដទៃ ដោយសារ​កម្មករ​សម្បូរ ចំណែក​ការងារ​មាន​តិច៖ «គេ​ថា​នៅ​ថៃ នោះ​ប្រាក់​ខែ​ថ្លៃ អ៊ីចឹង​នាំ​គ្នា​ទៅ​ថៃ ថា​រក​ស៊ី​លុយ​វា​ឆាប់​បាន នៅ​ថៃ ហ្នឹង​កន្លះ​ខែ​បើក​ម្តងៗ​ម្នាក់ ៦.០០០​អ៊ីចឹង ប្ដី ៨.០០០ មួយ​ម៉ឺន​អ៊ីចឹង​ទៅ ដល់​អ៊ីចឹង​នាំ​គ្នា​ទៅ​ថៃ ទៅ។ ហើយ​ដល់​ពេល​ចុះ​ឡើងៗ គិត​ទៅ​ចាញ់​យើង​នៅ​រក​ស៊ី​ឯ​ខ្មែរ បាន​មើល​មុខ​កូន​ផង»

លោកស្រី លក្ខិណា ឲ្យ​ដឹង​ថា នៅ​ថៃ ការងារ​ដែល​មេ​ខ្យល់​រក​ឲ្យ​ធ្វើ​របៀប​ម៉ៅការ។ ជួន​កាល​ថ្ងៃ​នេះ​ធ្វើ​នៅ​កន្លែង​នេះ ស្អែក​ធ្វើ​នៅ​កន្លែង​ផ្សេង។ ប៉ុន្តែ​កន្លែង​ស្នាក់​នៅ ទឹក ភ្លើង ប្រើប្រាស់​មិន​បង់​លុយ​ទេ។ ដោយ​ឡែក​ការងារ​ដែល​មេ​ខ្យល់​រក​ឲ្យ​ធ្វើ ត្រូវ​ជិះ​រថយន្ត​រត់​គេច​ខ្លាច​តម្រួត​ថៃ តាម​ចាប់។

លោកស្រី​បន្ត​ថា មេ​ខ្យល់​ជា​អ្នក​រក​រថយន្ត​មក​ដឹក​កម្មករ​ពី​កន្លែង​ស្នាក់​នៅ​យក​ទៅ​ដាក់​កន្លែង​ធ្វើ​ការ​នីមួយៗ។ ក្នុង​កន្លះ​ខែ​ម្តង កម្មករ​ត្រូវ​បង់​ថ្លៃ​ឡាន​ឲ្យ​មេ​ខ្យល់​មក​ដឹក​ទៅ​ធ្វើ​ការ​នោះ​ម្នាក់ៗ ១៥០​បាត និង​បង់​ឲ្យ​តម្រួត​ថៃ ទ្វេ​ដង៖ «ខ្ញុំ​អត់​រត់​ទៅ​ទេ ខ្ញុំ​លែង​ចង់​ហើយ ព្រោះ​វា​វេទនា​ណាស់​ពេល​យើង​ជិះ​ឡាន​នោះ គឺ​វា​ប្រញុក យើង​ដូច​មាន់​ដូច​ទា​អ៊ីចឹង។ ប្រញុក​ជួន​កាល ប្ដី​ខ្ញុំ​គេ​ដាក់​អា​រូត​ពី​ក្រោយ​ឡាន​រូត​ឡើង​ជិត កុំ​ឲ្យ​តម្រួត​ឃើញ។ ដល់​ពេល​ខ្ញុំ​ជិះ​នៅ​ខាង​មុខ​កាប៊ីន​ហ្នឹង ប៉ុន្តែ​វា​ញាត់​ថា ម្នាក់ៗ​ចង់​ខ្យល់គ​អស់​ហើយ ខ្លះ​សន្លប់​ខ្លះ​ងាប់​អី​ក៏​មាន​ដែរ មិន​អត់​ទេ ពេល​ខ្ញុំ​មក​ចេញ​មក​វិញ។ ពិបាក​ណាស់​វេទនា​ណាស់ មិន​មែន​ដូច​យើង​ខ្មែរ​ឲ្យ​ជិះ​ល្មមៗ ដូច​ថា​ប្រឡោះ​ប៉ុណ្ណឹង​ឲ្យ​គ្នា ៤​នាក់​អី បើ​នៅ​នោះ ១០​នាក់ មួយ​ប្រឡោះ ១២​នាក់​ក៏​មាន​ដែរ ហើយ​វា​ជាន់​លើ​គ្នា បើ​ថា​ប្ដី​អង្គុយ​អ៊ីចឹង​ហើយ ប្រពន្ធ​អង្គុយ​ពី​លើ​អ៊ីចឹង​ទៀត វេទនា​អ៊ីចឹង បាន​ជា​ខ្ញុំ​លែង​ទៅ​ខ្ញុំ​លែង​ចង់»

ស្ត្រី​មេម៉ាយ​ឈ្មោះ គង់ សារី ជា​ម្តាយ លោកស្រី លក្ខិណា មាន​កូន​ទៅ​ធ្វើ​ការ​នៅ​ថៃ ៣​នាក់ ក្នុង​នោះ​នៅ​លីវ ២​នាក់។ ស្ត្រី គង់ សារី បន្ត​ថា កូនៗ​ទៅ​ធ្វើ​ការ​នៅ​ថៃ គាត់​ឮ​តែ​ដំណឹង​មក​ថា បាន​លុយ​ច្រើន ប៉ុន្តែ​គ្រួសារ លក្ខិណា ជា​កូន​គាត់​ទៅ​ធ្វើ​ការ​នៅ​ថៃ ទាំង​២​នាក់​ប្ដី​ប្រពន្ធ ទម្រាំ​បាន​លុយ​ផ្ញើ ១០​ម៉ឺន​រៀល​មក​ឲ្យ​គាត់​ចិញ្ចឹម​ចៅ គឺ​យូរ​ណាស់ មួយ​ទៅ​២​ខែ​ទើប​ទទួល​បាន​លុយ​ម្តង។ ស្ត្រី​នោះ​បន្ត​ថា គាត់​ចេះ​តែ​ពន្យល់​កូន​ឲ្យ​ត្រឡប់​មក​វិញ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ទៅ​វា​ល្អ​ជាង គឺ​បាន​ជួប​មុខ​កូន​រាល់​ថ្ងៃ ហើយ​មិន​ភ័យ​ព្រួយ​រត់​គេច​ពី​តម្រួត​ថៃ គេ​តាម​ចាប់​ផង។

លោកស្រី​បន្ត​ថា សំណាង​ល្អ​អាជ្ញាធរ​ថៃ បញ្ជូន​កូន​គាត់​មក​វិញ​តាំង​ពី​ខែ​ឧសភា។ ពេល​កូន​មក​ដល់​ផ្ទះ គាត់​ជួល​កន្លែង​ក្បែរ​ផ្លូវ​លំ​ក្នុង​ភូមិ​ឲ្យ​ចាប់​របរ​លក់​ដូរ មាន​ចេក​ចៀន លក់​គ្រឿងទេស លក់​ម្ហូប​ក្លែម។ បច្ចុប្បន្ន កូន​គាត់​ហាក់​មាន​លំនឹង​សេដ្ឋកិច្ច ហើយ​បាន​នៅ​ថែ​កូន​ចៅ ចំណែក​គាត់​ជា​ម្តាយ ក៏​អាច​រក​ស៊ី​ដាំ​ដុះ​សម្រាប់​ខ្លួន​ឯង​ដែរ៖ «វា​មក​អ៊ីចឹង​វា​អត់​ចង់​ទៅ​វិញ វា​ថា​ទៅ​នោះ​ដូច​យ៉ាប់។ ឥឡូវ វា​នៅ​លក់​ចេក​ចៀន​ទី​នេះ ដូច​គ្រាន់​បើ។ មួយ​ថ្ងៃ​បាន​ជាង ១០​ម៉ឺន​អី​ដែរ ទាំង​ដើម​ទាំង​ចុង កាត់​ហើយ​បាន ២​ម៉ឺន​អី​វាន់​ដែរ​ហ្នឹង។ ហើយ​វា​មាន​លក់​អា​នោះ​មួយ​មុខ​ទៀត ១​ថ្ងៃ​បាន ៣ ទៅ ៥​ម៉ឺន​ដែរ​ហ្នឹង»

បុរស​ឈ្មោះ ហ៊ី ជា អាយុ ៥៩​ឆ្នាំ រស់នៅ​ភូមិ​ពុទ្ធិសាម ឃុំ​ស្រង៉ែ ស្រុក​ទ្រាំង ខេត្ត​តាកែវ ឲ្យ​ដឹង​ថា គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​មេ​ខ្យល់​ដឹក​នាំ ៦​ឆ្នាំ​មក​ហើយ។ មុន​ទៅ គឺ​គាត់​បាន​យក​ប្លង់​ដី​ស្រែ​ទៅ​បញ្ចាំ​ធនាគារ អេស៊ីលីដា ធនាគារ​ភូមិ ធនាគារ​អម្រឹត និង​ខ្ចី​លុយ​ឯកជន ដើម្បី​នាំ​កូន និង​ក្រុម​គ្រួសារ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ លោក​ថា កម្រៃ​ឈ្នួល​ពលកម្ម​នៅ​ថៃ ៦​ឆ្នាំ បាន​ត្រឹម​ផ្ញើ​មក​សង​ការ​ប្រាក់​ធនាគារ និង​ឯកជន​ប៉ុណ្ណោះ។ ឥឡូវ ថៃ បញ្ជូន​គាត់ និង​ប្រពន្ធ​មក​វិញ គាត់​មិន​មាន​លុយ​សង​គេ​ទេ។ គាត់​បារម្ភ​ក្រែង​គេ​ដក​យក​ផ្ទះ​លក់​ឡាយឡុង ទើប​គាត់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក តែ​កម្រ​គេ​ជួល គាត់​មាន​វ័យ​ចាស់​ណាស់។ គាត់​មិន​មាន​ដើម​ទុន​លក់​ដូរ​ទេ ក៏​ទៅ​ខ្ចី​គេ​ធ្វើ​ដើម​រក​ស៊ី​ទៀត។ គាត់​ចាប់​ផ្ដើម​លក់​ដូរ​តិចតួច មិន​ដឹង​ថា​អាច​ចំណេញ​លុយ​យក​ទៅ​បង់​ការ​ប្រាក់​បាន ឬ​អត់​នោះ​ទេ។ ប៉ុន្តែ​គាត់​សង្ឃឹម​កូន​នៅ​ថៃ ២​នាក់ មិន​ទាន់​បញ្ជូន​មក​វិញ ព្រោះ​ថៅកែ​ថៃ តវ៉ា​ខ្វះ​កម្លាំង​ធ្វើ​ការ៖ «មិន​ដឹង​មាន​មុខ​របរ​អី​ផង​ឥឡូវ​ហ្នឹង។ មិន​មាន​ស្អី​ភ្ជួរ​យក​កម្រៃ​ផង​ហ្នឹង មាន​តែ​ទៅ​ភ្នំពេញ ធាក់​ស៊ីក្លូ​អី​ចិញ្ចឹម​ជីវិត​ទៀត​ទៅ»

ចាប់​តាំង​ពី​ថ្ងៃ​ខែ​ឧសភា ឆ្នាំ​២០១៤ មក​ដល់​បច្ចុប្បន្ន ក្រុម​យោធា​ថៃ បាន​ចាប់​ពលករ​ខ្មែរ​ជាង ២០​ម៉ឺន​នាក់ ដែល​លួច​ធ្វើ​ការ​នៅ​ថៃ ខុស​ច្បាប់ បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។ បច្ចុប្បន្ន​មាន​ពលករ​ប្រមាណ ១០​ម៉ឺន​នាក់ ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ទៅ​ធ្វើ​ការ​នៅ​ថៃ វិញ ដោយ​មាន​ការ​ជួយ​សម្រួល​ពី​អាជ្ញាធរ​នៃ​ប្រទេស​កម្ពុជា និង​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។