គ្រាប់​បែក​ដៃ​១​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជិត​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ចូល​ទស្សនា​អង្គរ

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់នៅ​ភូមិ​មណ្ឌល៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ប្រទះ​ឃើញ​គ្រាប់​បែក ១​គ្រាប់ កាល​ពី​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ សីហា នៅ​ចម្ងាយ​ប្រមាណ​ជាង ៥០​ម៉ែត្រ​ភាគ​ខាង​ជើង​ពី​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរវត្ត។

សមត្ថកិច្ច និង​អាជ្ញាធរ​ជាច្រើន​ផ្នែក បាន​ព្យាយាម​មិន​អធិប្បាយ​អំពី​ការ​ប្រទះ​ឃើញ​គ្រាប់​បែក​នោះ​យ៉ាង​ណា​ទេ ក៏ប៉ុន្តែ​អ្នក​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ខ្លះ បាន​អះអាង​ក្រៅ​ផ្លូវ​ការ​ថា គឺ​ជា​ប្រភេទ​គ្រឿង​ផ្ទុះ​ដែល​ផលិត​នៅ​អតីត​សហភាព​សូវៀត។

មន្ត្រី​ជាន់​ខ្ពស់​របស់​អាជ្ញាធរ​អប្សរា ទទួល​បន្ទុក​ការពារ និង​ថែ​រក្សា​ប្រាសាទ​បុរាណ អះអាង​ថា ភ្ញៀវ​ទេសចរ​បរទេស​ជាច្រើន នៅ​តែ​នាំ​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​នានា មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ទេ។ ការ​ថ្លែង​បែប​នេះ បន្ទាប់​ពី​គេ​បាន​ប្រទះ​ឃើញ​គ្រាប់​បែក ១​គ្រាប់ ដែល​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​លក់​សំបុត្រ​ឲ្យ​អ្នក​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​មក។

អគ្គនាយក​អាជ្ញាធរ​អប្សរា គឺ​លោក ប៊ុន ណារិទ្ធិ។ លោក​មាន​ប្រសាសន៍​ក្នុង​ពេល​ដែល​អញ្ជើញ​ទៅ​ចូលរួម​ពិធី​សម្ពោធ​ពិព័រណ៍​ស្ត្រី​ខ្មែរ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១៨ សីហា ថា លោក​សូម​អំពាវនាវ​កុំ​ឲ្យ​ជន​រួម​ជាតិ និង​ភ្ញៀវ​ទេសចរ​បរទេស មាន​ការ​ភិតភ័យ​ចំពោះ​ហេតុការណ៍​ដែល​គេ​ប្រទះ​ឃើញ​គ្រាប់​បែក ១​គ្រាប់​នោះ​ឡើយ។ លោក ប៊ុន ណារិទ្ធិ បញ្ជាក់​ថា គ្រាប់​បែក ១​គ្រាប់ ដែល​គេ​ប្រទះ​ឃើញ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ចម្ងាយ​ប្រមាណ​ជាង ៥០​ម៉ែត្រ​ភាគ​ខាង​ជើង​ពី​កន្លែង​លក់​សំបុត្រ​ឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​អង្គរ​នោះ គឺ​មិន​មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច និង​អាច​បង្ក​ជា​គ្រោះថ្នាក់​ទេ ពីព្រោះ​អ្នក​ជំនាញ​ផ្នែក​ដោះ​មីន​ស៊ីម៉ាក់ (CMAC) បាន​យក​ចេញ​ដោយ​សុវត្ថិភាព​ហើយ ព្រម​ទាំង​សមត្ថកិច្ច​នៅ​តែ​បន្ត​ស៊ើប​អង្កេត​ថា តើ​ហេតុ​អ្វី​បាន​ជា​គ្រាប់​បែក​មាន​វត្តមាន​នៅ​ទីនោះ?៖ «អាជ្ញាធរ​អប្សរា​ដឹង​ថា​ជា​គ្រាប់​បែក​ដៃ មិន​ដឹង​ថា​មាន​អ្នក​ទម្លាក់​ចោល ឬ​ក៏​អ្នក​ភ្លេចភ្លាំង ឬ​ក៏​មាន​ចេតនា​អ្វី យើង​មិន​ដឹង​ទេ ប៉ុន្តែ​គ្រាប់​បែក​នោះ​មិន​មាន​លក្ខណៈ​ជា​គ្រាប់​បែក​បង្កៃ ឬ​ក៏​មាន​ដក​គន្លឹះ និង​ខ្សែ​អ្វី ដែល​ត្រូវ​ឲ្យ​ផ្ទុះ​ទេ»

ប្រធាន​កង​ឯកភាព​កម្ចាត់​មីន​ទី​៦ របស់​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា ស៊ីម៉ាក់ ប្រចាំ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ លោក រ័ត្ន ពុធណា បាន​បដិសេធ​មិន​ធ្វើ​ការ​ពន្យល់​ថា គ្រាប់​បែក​ប្រភេទ​នោះ​ឈ្មោះ​អ្វី ហើយ​ផលិត​ចេញ​ពី​ប្រទេស​ណា​ទេ ដោយ​លោក​ជំរុញ​ឲ្យ​សួរ​រឿង​នេះ​ទៅ លោក ហេង រតនា ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា វិញ៖ «ឥឡូវ​នេះ​ខាង​ខ្ញុំ​ជំនាញ​កំពុង​ធ្វើ​ការ ព្រោះ​ខ្ញុំ​នៅ​ប្រជុំ​ខាង​ក្រៅ។ បើ​មិន​អ៊ីចឹង​អាច​ទាក់ទង​ទៅ​ឯកឧត្តម ហេង រតនា ព្រោះ​ជំនាញ​ពួក​ខ្ញុំ​បាន​រាយការណ៍​ជូន​ទៅ​គាត់​អស់​ហើយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ហេង រតនា អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា បាន​ទេ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​សន្ទនា។

ទោះ​យ៉ាង​ណា អ្នក​ជំនាញ​ខាង​គ្រឿង​ផ្ទុះ​ខ្លះ បាន​អះអាង​ក្រៅ​ផ្លូវ​ការ​ថា គ្រាប់​បែក ១​គ្រាប់​ដែល​គេ​ប្រទះ​ឃើញ​កាល​ពី​ម៉ោង​ជាង ៧​ព្រឹក​ថ្ងៃ​ទី​១៨ សីហា នោះ គឺ​ជា​ប្រភេទ​គ្រាប់​បែក​ធុន អូ.ហ្សិត.អឹម ៤ (OZM4) ដែល​ផលិត​នៅ​អតីត​សហភាព​សូវៀត។

អធិការ​នគរបាល​ក្រុង​សៀមរាប លោក ទិត្យ ណារ៉ុង មាន​ប្រសាសន៍​ថា តាម​ការ​សន្និដ្ឋាន គឺ​គ្រាប់​បែក​នោះ​ទំនង​ជា​មាន​អ្នក​ជ្រុះ ពីព្រោះ​វា​នៅ​ថ្មី ហើយ​ត្រូវ​បាន​គេ​ខ្ចប់​នឹង​ក្រដាស​ដែល​មាន​ខ្លាញ់​គោ ដើម្បី​ការពារ​ជាតិ​ច្រែះ។ វា​មិន​ត្រូវ​បាន​រៀបចំ​ដាក់​បង្កៃ ឬ​ក៏​មាន​ចេតនា​ធ្វើ​ឲ្យ​ផ្ទុះ​អ្វី​ឡើយ។ មន្ត្រី​នគរបាល​ខេត្ត​សៀមរាប ក៏​សន្និដ្ឋាន​ប្រហាក់​ប្រហែល​គ្នា​ថា គ្រាប់​បែក​ដៃ​នោះ​ទំនង​ជា​ទាហាន​ណា​ម្នាក់​ជ្រុះ ពីព្រោះ​ផ្លូវ​មួយ​ខ្សែ​ដែល​គេ​ប្រទះ​ឃើញ​គ្រាប់​នោះ គឺ​ជា​ផ្លូវ​ដែល​ចូល​ទៅ​កាន់​ទី​បញ្ជាការ​របស់​កង​វរៈ​សេនា​តូច​វិស្វកម្ម នៃ​កង​យោធពល​ខេមរភូមិន្ទ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។