គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅតាមគុម្ពោតព្រៃចិញ្ចើមផ្លូវឆ្ពោះទៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។ គ្រាប់មិនទាន់ផ្ទុះមួយចំនួន នៅមានគុណភាពល្អ ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សបាន។ មន្ត្រីជំនាញផ្នែកបោសសម្អាតគ្រាប់មីនប្រចាំខេត្តបាត់ដំបង បញ្ជាក់ថា គ្រាប់មិនទាន់ផ្ទុះទាំងនោះអាចជនមិនស្គាល់មុខលួចយកទៅបោះចោល ដើម្បីគេចពីការទទួលខុសត្រូវផ្លូវច្បាប់។
សមត្ថកិច្ចពាក់ព័ន្ធនៅស្រុកសង្កែ ដែលចុះទៅដល់ទីកន្លែង មានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នា នៅពេលឃើញមជ្ឈមណ្ឌលបោសសម្អាតគ្រាប់មីនស៊ីម៉ាក់ (CMAC) ប្រមូលបានគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ដាក់តម្រៀបនៅតាមចិញ្ចើមផ្លូវ។
អធិការរងនគរបាលស្រុកសង្កែ លោក ជា វណ្ឌី មានប្រសាសន៍ពីទីកន្លែងប្រមូលគ្រាប់មិនទាន់ផ្ទុះនៅថ្ងៃទី៤ តុលា ថា សមត្ថកិច្ចបានទទួលដំណឹងពីប្រជាពលរដ្ឋនៅក្នុងឃុំរកា ដែលបានដើររកកាប់ឧសនៅតាមចិញ្ចើមផ្លូវ ហើយក៏ប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះទាំងនោះកាលពីរសៀលថ្ងៃទី៣ តុលា។ លោកសន្និដ្ឋានថា គ្រាប់ទាំងអស់នោះជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម ហើយជនមិនស្គាល់មុខអាចលួចយកមកបោះចោលនៅទីនោះ៖ « យើងបានរាយការណ៍ទៅខាងស៊ីម៉ាក់ (CMAC) ដើម្បីឲ្យចុះមករាវគ្រាប់ភ្លាមៗក្រោយពីទទួលដំណឹងពីប្រជាពលរដ្ឋ ហើយគ្រាប់ដែលអាចគ្រោះថ្នាក់ខ្លាំងមានគ្រាប់បេ៤០ មីនស្គរ និងគ្រាប់រ៉ុកកែត ជាដើម » ។
មជ្ឈមណ្ឌលមីនប្រចាំកងឯកភាពកម្ចាត់គ្រាប់មីនទី២ ខេត្តបាត់ដំបង បានយកឧបករណ៍ និងចុះរាវគ្រាប់មីនប្រមាណ ៣ម៉ោងនៅតាមចិញ្ចើមផ្លូវចម្ងាយប្រហែល ១គីឡូម៉ែត្រពីសាលាឃុំរកា នៅចំណុចក្រុមទី១៧ នៃភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ហើយប្រមូលបានគ្រាប់កាំភ្លើងត្បាល់ ៦០មិល្លីម៉ែត្រចំនួន ១២គ្រាប់ គ្រាប់បេ៤០ (B40) ៣គ្រាប់ បេ៤១ មួយគ្រាប់ មីនស្គរ ១៣គ្រាប់ កន្ទុយគ្រាប់កាំភ្លើង ៦០មិល្លីម៉ែត្រ និងកន្ទុយគ្រាប់ ១០០មិល្លីម៉ែត្រចំនួន ៣៥គ្រាប់ និងគ្រាប់រ៉ុកកែត ១០៧មិល្លីម៉ែត្រមួយគ្រាប់។
មន្ត្រីសម្របសម្រួលការងារមីនប្រចាំកងឯកភាពកម្ចាត់មីនទី២ ខេត្តបាត់ដំបង អ្នកស្រី ហម ចន្ថា មានប្រសាសន៍ថា គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមួយចំនួនមានគុណភាពល្អ ហើយអាចផ្ទុះបានគ្រប់ពេល ប្រសិនបើមានមនុស្សទៅប៉ះទង្គិចវាដល់កម្រិត ឬយកគ្រាប់នោះទៅដុត ជាដើម៖ « ចា៎ ! នេះជាសារមួយដែលត្រូវផ្ដល់ទៅប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នករស់នៅភូមិរកា និងភូមិអូរមុនី ត្រូវបញ្ឈប់ការយកគ្រាប់មកបាចតាមដងផ្លូវទៀត ព្រោះទង្វើនេះបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស » ។
អ្នកស្រីបន្ថែមថា គ្រាប់ទាំងអស់នេះប្រហែលជាជនមិនស្គាល់មុខយកមកពីកន្លែងទិញអេតចាយ ហើយលួចយកទៅបោះចោលដើម្បីគេចពីសមត្ថកិច្ច។
ទោះបីជាយ៉ាងណា សមត្ថកិច្ចពុំទាន់រកមុខសញ្ញាជនដៃដល់ ដើម្បីសួរនាំរកប្រភពគ្រាប់ទាំងនោះបាននៅឡើយ។
មន្ត្រីកងរាជអាវុធហត្ថសង្កែ សុំមិនឲ្យបញ្ចេញឈ្មោះ និងសំឡេង សន្និដ្ឋានថា គ្រាប់ទាំងអស់នេះប្រហែលជាជនមិនស្គាល់មុខលួចយកទៅប្លុងចោលកាលពីដើមឆ្នាំ២០១៦ គឺចន្លោះពី ៣ទៅ ៥ខែយ៉ាងយូរ។
មន្ត្រីបោសសម្អាតគ្រាប់មីនស៊ីម៉ាក់ (CMAC) បានប្រមូលយកគ្រាប់ទាំងអស់ទៅរក្សាទុកនៅស្នាក់ការរបស់ខ្លួន ដើម្បីកម្ទេចចោលក្នុងពេលឆាប់ៗ៕
វីដេអូ៖ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ត្រូវគេពង្រាយតាមចិញ្ចើមថ្នល់
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
