សព​ពលករ​ខ្មែរ​៤​នាក់​ដែល​ស្លាប់​នៅ​ថៃ​​បញ្ជូន​មក​ដល់​ស្រុក​កំណើត​នៅ​កំពង់ចាម

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ៤​នាក់ ដែល​បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ត្រូវ​បញ្ជូន​មក​ស្រុក​កំណើត​វិញ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

គ្រួសារ​សព​បាន​សម្ដែង​ភាព​សោកសៅ និង​ភាព​លំបាក​ជា​ខ្លាំង​ក្នុង​ការ​រៀបចំ​ធ្វើ​ពិធី​បុណ្យ​នៅ​ឯ​ស្រុក​កំណើត ពីព្រោះ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ហើយ​ម្យ៉ាង​រឹត​តែ​លំបាក​ក្នុង​គ្រួសារ​បន្ថែម​ទៀត​សម្រាប់​កូន​ប្រពន្ធ​ដែល​នៅ​រស់ ពីព្រោះ​បាត់​បង់​កម្លាំង​ដ៏​សំខាន់​នៅ​ក្នុង​គ្រួសារ។ អាជ្ញាធរ​ខេត្ត​កំពុង​តែ​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គ្រួសារ​សព និង​ពលករ​ផ្សេង​ទៀត​យ៉ាង​យក​ចិត្ត​ទុក​ដាក់។

ក្រុម​គ្រួសារ​សព ៤​នាក់​នៅ​ខេត្ត​កំពង់ចាម បាន​សម្ដែង​អារម្មណ៍​ដូចៗ​គ្នា​ជុំវិញ​ការ​លំបាក នៅ​ពេល​ទទួល​ដំណឹង​ថា​សមាជិក​ក្រុម​គ្រួសារ​ខ្លួន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ។ សមាជិក​ក្រុម​គ្រួសារ​សព​ទាំង​នោះ បាន​នាំ​គ្នា​ទៅ​ទទួល​សាកសព​ពី​ទីក្រុង​ប៉ោយប៉ែត ដើម្បី​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ថ្ងៃ​ទី​១៦ មិថុនា។ សព​ទាំង ៤​នាក់​នោះ មាន​ស្រី​ពីរ​នាក់ ហើយ​មាន​ស្រុក​កំណើត​នៅ​ស្រុក​អូររាំងឪ ម្នាក់ និង​ស្រុក​កងមាស ចំនួន ៣​នាក់។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ថ្លុកជ្រៅ ឃុំ​ខ្ចៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម លោក មាស យីម ដែល​ត្រូវ​ជា​បង​ថ្លៃ​របស់ អ្នកស្រី ឈិន ស្រី ឱ្យ​ដឹង​ថា អ្នកស្រី ឈិន ស្រី រួម​នឹង​កូន​ប្រុស​ឈ្មោះ ចេក បញ្ញា អាយុ ១៨​ឆ្នាំ និង​ប្ដី​ឈ្មោះ យីម ឆន អាយុ ៤០​ឆ្នាំ ត្រូវ​ទទួល​រង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ បណ្ដាល​ឱ្យ​ស្លាប់​ម្តាយ និង​កូន ចំណែក​ឯ​ឪពុក​វិញ​របួស​ធ្ងន់។ លោក​បន្ត​ថា គ្រួសារ​លោក​បាន​នាំ​គ្នា​ទៅ​ទទួល​សាកសព​ម្តាយ និង​កូន​ប្រុស ដើម្បី​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ផ្ទះ​របស់​ម្តាយ ហើយ​គ្រោង​នឹង​យក​ទៅ​បញ្ចុះ​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា៖ «វា​អ្នក​ដែល​ស្លាប់​ទៅ​ហើយ គឺ​ស្លាប់​ទៅ​ហើយ​ណា៎ ប៉ុន្តែ​សំខាន់​អត់​ដឹង​ថា​ឪពុក​អត់​ដឹង​នៅ​ឯណា​នេះ?»

ប្រភព​ដដែល​បន្ត​ថា មូលហេតុ​ដែល​ប្អូន​ថ្លៃ​លោក​សម្រេច​ចិត្ត​ចំណាក​ស្រុក​ទៅ​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ស្រុក​ថៃ នោះ ដោយសារ​តែ​ជីវភាព​នៅ​ឯ​ស្រុក​កំណើត​មាន​ការ​លំបាក​ពេក និង​ម្យ៉ាង​ជំពាក់​បំណុល​គេ​ផង។ លោក​បន្ថែម​ថា ការ​ធ្វើ​បុណ្យ​អាច​ជួប​ការ​ខ្វះខាត ពីព្រោះ​ជា​គ្រួសារ​ខ្សត់​ខ្សោយ​មិន​មាន​ថវិកា​គ្រប់គ្រាន់ ចំណែក​ប្ដី​របួស​ធ្ងន់​ទៀត។ លោក​បន្ថែម​ថា បញ្ហា​បន្ត​ទៀត​ចំពោះ​មុខ​របស់​គ្រួសារ​ប្អូន​ថ្លៃ​លោក​នោះ គឺ​កូន​ប្រុស​ស្រី​ពីរ​នាក់ ដែល​នៅ​រស់ គឺ​កាន់​តែ​លំបាក​មិន​ខាន ពីព្រោះ​អត់​ពី​ម្តាយ​ទៅ​ហើយ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​នៅ​ភូមិ​ចម្ការឪឡឹក ឃុំ​ព្រែកក្របៅ ស្រុក​កងមាស លោក ឆន ស្រស់ ត្រូវ​ជា​បង​ប្រុស អ្នកស្រី ឆន កំសត់ អាយុ ១៨​ឆ្នាំ ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ដែរ​នោះ ឱ្យ​ដឹង​ថា ប្អូន​ស្រី​លោក​ទើប​តែ​នឹង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ប្រហែល ៥​ខែ ប៉ុន្តែ​លោក​មិន​ដឹង​ថា ប្អូន​ស្រី​នោះ​ធ្វើ​ការ​អ្វី​ទេ៖ «ទាំង​ជន​ចេញ​ប្រទេស​ក្រៅ​ប្រទេស​ក៏ដោយ ចំណាក​ស្រុក​ក៏ដោយ ត្រូវ​ស៊ើប​ព័ត៌មាន​ឱ្យ​ច្បាស់​លាស់ ស្រុក​ខ្មែរ​យើង​ក៏​មិន​ខ្វះ​ការងារ​ដែរ​លោកគ្រូ។ ហើយ​នៅ​ពេល​ណា​មួយ ពេល​បែក​ចេញ​ពី​ស្រុក​បែក​ឆ្ងាយ​មួយៗ​ទៅ មាន​បញ្ហា​អ៊ីចឹង គេ​នឹង​ពិបាក​ដោះស្រាយ​ឱ្យ​យើង អ៊ីចឹង​លោកគ្រូ»

ប្រភព​ដដែល​បន្ថែម​ថា ការ​រៀបចំ​ពិធី​បុណ្យ​សព​ប្អូនស្រី គឺ​មិន​អាច​ធ្វើ​អ្វី​ធំ​ដុំ​បាន​ឡើយ ពីព្រោះ​សូម្បី​តែ​អង្ករ​ក៏​ស្ទើរ​តែ​គ្មាន​សម្រាប់​ដាំ​បាយ​ឱ្យ​អ្នក​ចូលរួម​ផង។ លោក​ចង់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​សប្បុរស​ទាំងអស់ ជួយ​ចូលរួម​ចំណែក​បំពេញ​នូវ​ការ​ខ្វះខាត​របស់​គ្រួសារ​សព​ទាំង​នោះ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ទាក់ទង​នឹង​ការ​លើក​ឡើង​ពី​ទុក្ខ​លំបាក​ចំពោះ​មុខ​របស់​គ្រួសារ​សព​នេះ អភិបាល​រង​ខេត្ត​កំពង់ចាម លោក ជីម លាវ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​សហការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រួសារ​សព ដែល​រួម​មាន​ការ​បញ្ជូន​រថយន្ត​ដឹក​សព​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ទៅ​ទទួល​សព ពី​ប៉ោយប៉ែត មក​ស្រុក​កំណើត។ លោក​បន្ត​ថា ខាង​ខេត្ត​នឹង​ចាត់​ចែង​ខាង​ស្រុក ដើម្បី​ឱ្យ​គិតគូរ​ដោះស្រាយ​បញ្ហា​ចំពោះ​មុខ​របស់​គ្រួសារ​សព​ទាំង​នោះ៖ «ខេត្ត​បាន​ធ្វើ​សេចក្តី​ណែនាំ​ទៅ​ស្រុក​ឱ្យ​រៀបចំ​ចូលរួម​បុណ្យ​សព ហើយ​ខេត្ត​ក៏​មាន​គម្រោង​នឹង​ចូលរួម​បុណ្យ​សព​ដែរ»

លោក​បញ្ជាក់​ថា ក្រៅ​ពី​សព​ដែល​ស្លាប់ ខាង​អាជ្ញាធរ​ខេត្ត រួម​និង​ខាង​មន្ទីរ​ការងារ ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​រៀបចំ​ការងារ​ឱ្យ​ប្រជា​ពលករ​ដែល​បាន​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ដែល​មាន​ចំនួន ១.៤៤៩​នាក់ ឱ្យ​មាន​ការងារ​ធ្វើ​ល្អ​ប្រសើរ​ឡើង​វិញ។

ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ​ពលករ​ខ្មែរ​ស្លាប់​នៅ​ប្រទេស​ថៃ នេះ​ដែរ ក្រសួង​ការ​បរទេស​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​១៦ មិថុនា ឱ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​ឡើង​ពីរ​ករណី បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ៨​នាក់​ស្លាប់ ក្នុង​នោះ​ស្រី ៦​នាក់។ ករណី​ទី​១ គឺ​នៅ​យប់​ថ្ងៃ​ទី​១៤ មិថុនា ឈាន​ចូល​ថ្ងៃ​ទី​១៥ មិថុនា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ខេត្ត​ឆាក់ឆឹងសៅ ប្រទេស​ថៃ បណ្ដាល​ឱ្យ​ពលករ​ខ្មែរ​ខុស​ច្បាប់​ចំនួន ៦​នាក់​ស្លាប់ ក្នុង​នោះ​ស្រី ៥​នាក់ និង​របួស​ចំនួន ១៣​នាក់។ លិខិត​ដដែល​បន្ត​ថា អ្នក​របួស​ស្រាល ៦​នាក់ ត្រូវ​បញ្ជូន​មក​កម្ពុជា ចំណែក​សាកសព ៦​នាក់ ក៏​បញ្ជូន​មក​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ មិថុនា ក្នុង​នោះ​ខេត្ត​កំពង់ចាម ៤​នាក់ ខេត្ត​ព្រៃវែង ១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ម្នាក់។ ករណី​ទី​២ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មិថុនា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​ក្នុង​ខេត្ត​ឈុនបូរី ប្រទេស​ថៃ បណ្ដាល​ឱ្យ​មនុស្ស ២​នាក់​ស្លាប់ និង​រង​របួស​ចំនួន ១៨​នាក់ ដោយ​ឡែក ៩​នាក់​ដែល​របួស​ស្រាល ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរពេទ្យ​ប្រទេស​ថៃ មក​កម្ពុជា វិញ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។