ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ល្បិច​ឆបោក​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស

0:00 / 0:00

មួយ​រយៈ​ចុង​ក្រោយ​នេះ មាន​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល តវ៉ា​ថា មាន​អង្គការ សមាគម ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន និង​មាន​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស​មួយ​ចំនួន​ដែរ​នោះ បាន​បោកប្រាស់​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់។

បញ្ហា​នេះ បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ​យ៉ាង​ខ្លាំង។ ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​តាម​ច្បាប់ ចាប់​ម្ចាស់​ក្រុមហ៊ុន​បោកប្រាស់​ទាំង​នោះ។

តើ​រូបភាព និង​មធ្យោបាយ​នៃ​ការ​ឆបោក​ទាំង​នោះ​មាន​អ្វី​ខ្លះ?

ល្បិច​ល្បួង​លួង​បោក​បញ្ឆោត ហាក់​កំពុង​តែ​ញាំញី​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​កម្ពុជា។ ការ​ដើរ​ឃោសនា​បោកប្រាស់​មាន​ច្រើន​ណាស់​ទាំង​នៅ​ក្នុង​វិស័យ​នយោបាយ ទំនាក់ទំនង​ក្នុង​កិច្ចការ​ជំនួញ និង​វិស័យ​ការងារ រួម​ទាំង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត។

ប៉ុន្តែ​នៅ​ទី​នេះ យើង​ចាប់​អារម្មណ៍​អំពី​ល្បិច​ឆបោក​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស និង​ការ​ដាក់​ប្រាក់​តាម​អង្គការ សមាគម ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន ដោយ​ទទួល​ការប្រាក់​ខ្ពស់​ជាដើម ដែល​កំពុង​ប៉ះ​ទង្គិច​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា។

ផ្ដើម​ចេញ​ពី​ការ​ឃោសនា​បោកប្រាស់​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស តាម​រយៈ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ។ រូបភាព​នៃ​ការ​បោកប្រាស់​ទាំង​នោះ មាន​ក្រុមហ៊ុន​មួយ​ចំនួន​ធានា​ថា នឹង​រក​ការងារ​ល្អ​ឲ្យ​ធ្វើ និង​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ មាន​ទីកន្លែង​ស្នាក់នៅ​ត្រឹមត្រូវ​ជាដើម ប៉ុន្តែ​តម្រូវ​ឲ្យ​បង់​លុយ​ជា​មុន ជា​ថ្នូរ​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ នៅ​ពេល​ក្រុមហ៊ុន​ទាំង​នោះ​ប្រមូល​លុយ​បាន​ច្រើន​ហើយ​នោះ ក៏​ទម្លាក់​ស្លាក​ចោល ឬ​មិន​ទទួល​ខុស​ត្រូវ​អ្វី​ឡើយ ហើយ​ក៏​មាន​ក្រុមហ៊ុន​ខ្លះ​នាំ​ពលករ​ខ្មែរ​ទៅ​ចាក់​ចោល​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ឲ្យ​រស់នៅ​យ៉ាង​វេទនា​គ្មាន​ការងារ​ជាក់ស្តែង ហើយ​ពេល​ខ្លះ​ត្រូវ​បាន​គេ​កេង​ប្រវ័ញ្ច​ប្រាក់​ឈ្នួល និង​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​ការងារ​នោះ​ឡើយ។

រឿង​ពិត​ជាក់ស្តែង​មួយ បាន​កើត​ឡើង​នៅ​ក្នុង​ភូមិ​ស្វាយផ្អែម ឃុំ​បឹង​សាលា​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ អ្នកស្រី សោ ម៉ាច រៀបរាប់​ថា គាត់​ចាញ់​បោក​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ចប អេស៊ា (Job Asia) កាល​ពី​ពេល​ថ្មីៗ​នេះ​អស់​លុយ​ជិត ១​ពាន់​ដុល្លារ ព្រោះ​ស្តាប់​ការ​ឃោសនា​របស់​ទីភ្នាក់ងារ​ក្រុមហ៊ុន​នោះ ហើយ​ក៏​ប្រាថ្នា​ឲ្យ​កូន​ស្រី​ម្នាក់ និង​ប្រុស​ម្នាក់ កំពុង​ពេញ​កម្លាំង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ រក​កម្រៃ​បាន​ច្រើន​ចិញ្ចឹម​គ្រួសារ។

ក្តី​សង្ឃឹម​ប្រែ​ផ្ទុយ​ស្រឡះ ដូច​ពាក្យ​ចាស់​ពោល​ថា «ប្រាក់​ក៏​បង់ ថង់​ក៏​ដាច់» ព្រោះ​ក្រុមហ៊ុន​មិន​គោរព​កិច្ចសន្យា​ការងារ ហើយ​ក្លាយ​ជា​កូន​បំណុល​គេ​ដែល​ពុំ​មាន​លទ្ធភាព​សង​ប្រាក់​ទៅ​ម្ចាស់​បំណុល​វិញ​ឡើយ៖ «ដំបូង​ឡើយ​គេ​ថា នាំ​ទៅ​ធ្វើ​ការ​នៅ​រោងចក្រ​សាច់​មាន់ ត្រូវ​បង់​លុយ​ធ្វើ​ប៉ាសស្ព័រ​ចំនួន ២៥០​ដុល្លារ តែ​ក្រោយ​មក​ទៀត​គេ​ថា​មាន​ការងារ​ល្អ​មួយ​ទៀត គឺ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ដំឡើង​ម៉ូតូ​ហុងដា (Honda) បាន​ប្រាក់​ខែ​ច្រើន​រហូត​ដល់ ២​ម៉ឺន​បាត ប៉ុន្តែ​ត្រូវ​ថែម​លុយ ២០០​ដុល្លារ​ទៀត ហើយ​បើ​អ្នក​ថ្មី គឺ​បង់​លុយ ៣៥០​ដុល្លារ»

នៅ​ក្នុង​ភូមិ​នោះ​ក៏​មាន​អ្នក​ខ្លះ​សម្រេច​ចិត្ត​ទៅ​ខ្ចី​ប្រាក់​ពី​ធនាគារ ដោយ​ដាក់​ប្លង់​ផ្ទះ និង​ប្លង់​ដី ដើម្បី​យក​ប្រាក់​ជិត ១​ពាន់​ដុល្លារ ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ដោយ​ផ្ទាល់​ដៃ និង​គ្មាន​លិខិត​ស្នាម​បញ្ជាក់​ត្រឹមត្រូវ​ឡើយ ក្នុង​ក្ដី​រំពឹង​ថា នឹង​បាន​ការងារ​ធ្វើ និង​មាន​ជីវភាព​ប្រសើរ​ជាង​មុន បន្ទាប់​ពី​ពួក​គេ​ពុំ​អាច​រក​ការងារ​ធ្វើ​បាន​នៅ​ក្នុង​ប្រទេស។ ពេល​យក​ប្រាក់​ទៅ​បង់​ឲ្យ​ក្រុមហ៊ុន​ហើយ ពួក​គាត់​រង់ចាំ​ក្រុមហ៊ុន​ទូរស័ព្ទ​ហៅ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ចាំ​បាត់ៗ ស្ងាត់​សូន្យ​រហូត​មក​ដល់​ពេល​នេះ។

ទាក់ទិន​បញ្ហា​នេះ ខាង​ភាគី​ថៅកែ​ក្រុមហ៊ុន ចប អេស៊ា បកស្រាយ​ថា ទើប​តែ​ទទួល​បាន​ព័ត៌មាន ហើយ​សន្យា​ថា​នឹង​បញ្ជូន​ពួក​គាត់​ទៅ​ថៃ ឆាប់ៗ​នេះ ប៉ុន្តែ​ពួក​គាត់​អស់​ចិត្ត​លែង​ចង់​ទៅ សុំ​តែ​ប្រាក់​របស់​ពួក​គេ​គ្រប់​ចំនួន​មក​វិញ​ប៉ុណ្ណោះ។

ប្រធាន​ផ្នែក​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា មាន​ក្បួន​ឃោសនា​បោកប្រាស់​របស់​មេ​ខ្យល់​ជាច្រើន​ទៀត​ដែរ ដូចជា​អ្នក​ខ្លះ​មាន​គ្នា​បី​ទៅ​បួន​នាក់ ពាក់​សម្ញែង​គ្រឿង​អលង្ការ​ខ្សែ​ក និង​ខ្សែ​ដៃ​ជ្រែក​ខ្លួន ហើយ​ដើរ​ប្រាប់​គេ​ថា ទាំង​នេះ​គឺ​ជា​លទ្ធផល​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ក្រៅ​ពី​នេះ​ក៏​មាន​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ និង​ការ​ឃោសនា​នៅ​តាម​សាលា​ឯកជន​បង្រៀន​ភាសា​បរទេស​ដូចជា ភាសា​កូរ៉េ និង​ជប៉ុន ជាដើម៖ «នៅ​ពេល​បើក​សាលា​បង្រៀន​ហើយ បែរ​ជា​ទៅ​ឃោសនា​ប្រាប់​ថា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​ទាមទារ​ឲ្យ​បង់​លុយ​ម្នាក់ ៣​ពាន់ ទៅ ៤​ពាន់​ដុល្លារ​អ៊ីចឹង​ទៅ។ អ្នក​ដែល​បង់​លុយ​ទាំង​នោះ សុទ្ធតែ​យក​ដី​ទៅ​បញ្ចាំ​គេ ដូចជា​ធនាគារ ជាដើម ដល់​តែ​ពេល​ចុង​ក្រោយ គឺ​អត់​មាន​អី​ទាំងអស់»

មាន​ល្បិច​ជាច្រើន​ស្នៀត​ទៀត ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ស្ម័គ្រ​ចិត្ត​វេច​សម្ពាយ ចាក​ចោល​ភូមិ​ស្រុក​ទៅ​ធ្វើ​ការ​នៅ​បរទេស ជាពិសេស​ប្រទេស​ថៃ ប៉ុន្តែ​ទីបំផុត ពួក​គេ​ក្លាយ​ជា​ទាសករ​លើ​ទូក​នេសាទ​ថៃ រាប់​ថ្ងៃ ខែ ឆ្នាំ នៅ​លើ​ទឹក​សមុទ្រ​ពុំ​មាន​កោះ​ត្រើយ​ឡើយ ហើយ​ជីវិត​រស់​ទៅ​បាន​ដោយសារ​ថ្នាំ​ញៀន។

ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ និង​ការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៃ​សមាគម​អាដហុក (Adhoc) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា កត្តា​នាំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ព្រោះ​ការងារ​នៅ​ក្រៅ​ប្រទេស​នោះ ដោយសារ​កង្វះ​ការងារ​ក្នុង​ស្រុក​ផង កង្វះ​ចំណេះ​ដឹង និង​ព័ត៌មាន​អកុសល​មិន​ពិត​ប្រាកដ​ជាច្រើន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​អ្នកស្រី​ទាមទារ​ឲ្យ​ក្រសួង​ព័ត៌មាន ត្រួត​ពិនិត្យ​បញ្ហា​នេះ​ឡើង​វិញ៖ «ខាង​វិទ្យុ​ខ្លះ គឺ​ឲ្យ​តែ​ខាង​ក្រុមហ៊ុន​ណា​ឲ្យ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជ្រើសរើស​ពលករ គឺ​ដឹង​តែ​ផ្សព្វផ្សាយ ដែល​វា​ផ្ទុយ​នឹង​សារាចរ​ណែនាំ​របស់​ក្រសួង​ការងារ ដែល​គេ​ថា មុន​ពេល​មាន​សិទ្ធិ​ផ្សព្វផ្សាយ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ណា ត្រូវ​តែ​មាន​លិខិត​បញ្ជាក់​ពី​ប្រទេស​នោះ​ថា ត្រូវ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​នេះ មាន​តម្រូវ​ការ​ពលករ​ចំនួន​ប៉ុន្មាន តែ​ធាតុ​ពិត​វា​អត់​អ៊ីចឹង​ទេ»

កន្លង​ទៅ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ហេង សួរ បង្ហាញ​ថា ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន ៣៨ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ ប៉ុន្តែ​សមាគម​អាដហុក អះអាង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៦០ ដែល​មាន​សិទ្ធិ​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស ដូចជា​ប្រទេស​ថៃ ម៉ាឡេស៊ី សិង្ហបុរី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន ជាដើម ប៉ុន្តែ​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល ទៅ​បោក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ រួច​ទម្លាក់​ស្លាក​ក្រុមហ៊ុន​ចោល ហើយ​គេច​ខ្លួន​បាត់។ នៅ​ឆ្នាំ​២០១៥ នេះ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ថា​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​បរទេស​ចំនួន​ពីរ មាន​រឿង​អាស្រូវ​បោកប្រាស់​ពលករ រួម​មាន​ក្រុមហ៊ុន រ៉ៃស៍ ណេតឆឺរ៉ល (Rice Natural) និង​ក្រុមហ៊ុន សេនឆឺរី (Century)។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹក​នាំ​ការ​បង្ក្រាប​ការ​ជួញ​ដូរ និង​រត់​ពន្ធ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម និង​ផ្លូវ​ភេទ​លើ​ស្ត្រី និង​កុមារ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ការ​ជួញ​ដូរ​កម្លាំង​ពលកម្ម​ទៅ​ក្រៅ​ប្រទេស គឺ​មាន​ការ​កើន​ឡើង ប៉ុន្តែ​មិន​ទាន់​មាន​តួលេខ​ច្បាស់លាស់​នៅ​ឡើយ។ អ្នកស្រី​បន្ត​ថា ពលករ​ខ្មែរ​ភាគ​ច្រើន គឺ​ត្រូវ​បាន​ក្រុមហ៊ុន​ខ្លះ​បញ្ជូន​ទៅ​ធ្វើ​ការ​ខុស​ជំនាញ ឬ​វិស័យ​ការងារ​អន់ៗ ហើយ​បាន​ប្រាក់​ខែ​ទាប។ យ៉ាង​ណា​ក៏ដោយ អ្នកស្រី​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​ចរចា​ជាមួយ​ប្រទេស​ទទួល ជាពិសេស​ភាគី​ថៃ ធ្វើ​យ៉ាង​ណា​ធានា​ផល​ប្រយោជន៍​សម្រាប់​ភាគី​ទាំង​សង​ខាង និង​បញ្ចៀស​ការ​បោកប្រាស់​កម្លាំង​ពលកម្ម​បន្ត​ទៀត៖ «ប្រទេស​ថៃ គឺ​មាន​ពលករ​ខុស​ច្បាប់​ដល់​ទៅ​រាប់​លាន​នាក់ រួម​មាន​កម្ពុជា ឡាវ និង​ភូមា ជាដើម មាន​ន័យ​ថា ដោយសារ​ឱកាស​នៅ​ទីនោះ​បើក​សម្រាប់​អ្នក​មិន​មាន​ច្បាប់​ត្រឹមត្រូវ»

មួយ​រយៈ​ចុង​ក្រោយ​នេះ ពលករ​ខ្មែរ​រងគ្រោះ​លើ​ទូក​នេសាទ​ថៃ រាប់​រយ​នាក់ ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា វិញ ក្រោយ​ពេល​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​បរទេស ជួយ​សង្គ្រោះ​ពួក​គេ​ពី​ទូក​នេសាទ​ថៃ ដែល​ឆ្លង​ចូល​ដែន​សមុទ្រ​ប្រទេស​ដទៃ​ដោយ​ខុស​ច្បាប់។

ក្រៅ​ពី​ករណី​បោកប្រាស់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ នៅ​មាន​ករណី​បោកប្រាស់​ជាច្រើន​ទៀត​នៅ​ក្នុង​ស្រុក ដូចជា​មាន​អង្គការ សមាគម ក៏ដូចជា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន កំពុង​ដើរ​ធ្វើ​សកម្មភាព​ពន្យល់​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ​យក​ប្រាក់​ទៅ​ផ្ញើ ឬ​វិនិយោគ​រក​ស៊ី​នៅ​កន្លែង​ពួក​គេ ដោយ​សន្យា​ថា​នឹង​ផ្ដល់​ការប្រាក់​ខ្ពស់​រហូត​ដល់ ១០​ភាគរយ។

និស្សិត​រៀបរាប់៖ «ឈ្មោះ​ក្រុមហ៊ុន ហ្វ័រ អីលិច (For Elex) ដែល​មាន​ការ​វិនិយោគ​ប្រេង​នៅ​អាមេរិក គេ​ថា​ប្រសិន​បើ​យើង​ដាក់​ប្រាក់ នឹង​បាន​ការប្រាក់​ច្រើន គឺ​បាន ១០​ភាគរយ ហើយ​ឮ​ដូច្នេះ​មួយ​ខែ​ក្រោយ​មក ខ្ញុំ​ឲ្យ​អ្នក​ផ្ទះ​ផ្ញើ​លុយ​មក​ឲ្យ​ខ្ញុំ​ចំនួន ១​ពាន់​ដុល្លារ ដើម្បី​ដាក់​លុយ​នឹង​គេ​ទៅ។ ដាក់​ហើយ​ក្រុមហ៊ុន​នោះ​គេ​ថា ក្រុមហ៊ុន អ៊ារើ ហើយ​ដំណើរ​ការ​មិន​កើត​ទេ ដូច្នេះ​លុយ​នោះ​ក៏​អសារបង់​ទៅ»។ នេះ​ជា​ការ​រៀបរាប់​របស់​និស្សិត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់នៅ​ភ្នំពេញ ដែល​ចាញ់​បោក​ក្រុមហ៊ុន​អស់​លុយ ១​ពាន់​ដុល្លារ។

លើស​ពី​នេះ​ទៀត ថ្មីៗ​នេះ​អង្គការ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ភូមិ​កម្ពុជា បាន​ដើរ​ឆបោក​ឲ្យ​ប្រជាពលរដ្ឋ ១៣​គ្រួសារ​នៅ​ក្នុង​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ទៅ​ខ្ចី​បុល​លុយ​ពី​ធនាគារ​អេស៊ីលីដា (Acleda Bank) ក្នុង​ម្នាក់ ២​ពាន់​ដុល្លារ អ្នក​ខ្លះ ៣​ពាន់​ដុល្លារ ទៅ ៤​ពាន់​ដុល្លារ មក​ចង​ការ​បន្ត​ឲ្យ​ខ្លួន​ជា​ថ្នូរ​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​រហូត​ដល់ ៤០​ភាគរយ។ ហើយ​ជន​ឆបោក​ធានា​ជួយ​បង់​ប្រាក់​រំលស់​ប្រចាំ​ខែ​ជំនួស ប៉ុន្តែ​ការ​ជួយ​បង់​រំលស់​បាន​តែ ២ ទៅ ៣​ខែ​ប៉ុណ្ណោះ ក៏​បាត់​ស្រមោល​ពួក​គេ។ ប្រជាពលរដ្ឋ​ទាំង ១៣​គ្រួសារ កំពុង​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌ​ក។

មាត្រា​៣៧៨ នៃ​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ឆបោក​ត្រូវ​ផ្ដន្ទាទោស​ពី ៦​ខែ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៦​លាន​រៀល។ មាត្រា​៣៩២ ចែង​ថា អំពើ​រំលោភ​លើ​ទំនុក​ចិត្ត ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦​ខែ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល​ទៅ ៦​លាន​រៀល។

អង្គការ​សង្គម​ស៊ីវិល ថា​បញ្ហា​ទាំង​នេះ​គឺ​ជា​មេរោគ​ដ៏​អាក្រក់​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​ស្រាប់ រឹត​តែ​ក្រ​ថែម​ទៀត ហើយ​គ្រួសារ​ខ្លះ​ប្រឈម​មុខ​អស់​ដី​អស់​ផ្ទះ មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ឈាន​ដល់​ការ​បែក​បាក់​គ្នា​ទៀត​ផង។

ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ទាមទារ​ឲ្យ​រដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ពង្រឹង​វិធានការ​តាម​ច្បាប់​ចាប់​ម្ចាស់​ក្រុមហ៊ុន​បោកប្រាស់​ទាំង​នោះ។

ទន្ទឹម​នឹង​នេះ លោក មឿន តុលា រិះគន់​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ថា​អសកម្ម ហើយ​ពេល​ខ្លះ​លោក​មាន​មន្ទិល​សង្ស័យ​ថា អាជ្ញាធរ និង​ជន​ឆបោក ហាក់​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា៖ «អាជ្ញាធរ​សព្វថ្ងៃ​ពូកែ​ណាស់​រឿង​តាម​ដាន​អ្នក​ណា​តវ៉ា​រឿង​ដីធ្លី អ្នក​ណា​មាន​និន្នាការ​នយោបាយ​អី​ក៏​ដឹង​ដែរ ប៉ុន្តែ​ត្រង់​ក្រុមហ៊ុន​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​រាប់​សិប​ខែ​គាត់​អត់​សោះ»

កន្លង​ទៅ​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​គណៈកម្មការ​មូលប័ត្រ​កម្ពុជា រួម​ជាមួយ​ធនាគារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​អាជីវកម្ម​របស់​អង្គការ សមាគម និង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​កៀរគរ​ឲ្យ​ប្រជាពលរដ្ឋ​ដាក់​ប្រាក់​សន្សំ ដើម្បី​ទទួល​បាន​ការប្រាក់​ខ្ពស់​រហូត​ដល់​ទៅ ១០% ក្នុង​មួយ​ខែ។ ក្រសួង​សេដ្ឋកិច្ច បញ្ជាក់​ថា អង្គការ សមាគម និង​ក្រុមហ៊ុន​ទាំង​នោះ មាន​ដូចជា អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍ ហៅ​កាត់​ថា អេ.អាយ.អែហ្វ (AIF) សមាគម​អ្នក​ប្រឹក្សា​វិនិយោគ អាយ.ស៊ី.អេ (ICA) និង​ក្រុមហ៊ុន អ៊ី.ប៊ី.ស៊ី (EBC) ហើយ​អង្គការ សមាគម និង​ក្រុមហ៊ុន​ទាំង​នេះ ក៏​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត ឬ​អាជ្ញាប័ណ្ណ​ដើម្បី​ធ្វើ​សកម្មភាព​អាជីវកម្ម​ប្រភេទ​នេះ​នៅ​ឡើយ​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។