ប្រជាពលរដ្ឋខ្មែរនៅបណ្ដាខេត្តជាច្រើន តែងស្គាល់ថា ណែមផលិតអំពីត្រីជាផលិតផលរបស់អ្នកភូមិនៅខេត្តបាត់ដំបង មានរសជាតិឆ្ងាញ់ពិសារ។ ដោយសារតែណែមមានឈ្មោះបោះសំឡេងទូទាំងប្រទេសនេះ ធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលប្រកបរបរផលិតណែមរស់នៅតំបន់នោះ កាក់កបនឹងរបរនេះ ដោយមិនបាច់ធ្វើចំណាកស្រុកចេញទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសនោះទេ។
តើអ្នកភូមិរកប្រាក់ចំណូលពីរបរផលិតណែមនេះដោយរបៀបណា?
អ្នកភូមិក្មេងចាស់ប្រុសស្រីជាច្រើនគ្រួសារដែលប្រកបរបរផលិតណែមនេះ ផលិតជាលក្ខណៈគ្រួសារ គឺពួកគាត់តែងតែមមាញឹកការងារខ្លាំងចាប់តាំងពីព្រលឹមទល់ម៉ោងប្រមាណ ៣រសៀលជារៀងរាល់ថ្ងៃ។ នៅក្នុងនោះមានអ្នកដែលផលិតណែមច្រើនជាងគេប្រចាំភូមិប្រមាណជា ៣០គ្រួសារក្នុងមួយភូមិ ហើយចែកចាយទៅឲ្យប្រជាពលរដ្ឋដែលពុំមានទ្រព្យធនក្បែរខាង យកសាច់ណែមទៅច្រកថង់ ហើយគិតជាប្រាក់ឈ្នួលតាមការងារដែលពួកគាត់ធ្វើប្រចាំថ្ងៃ។
អ្នកផលិតណែមដែលធំជាងគេប្រចាំភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺអ្នកស្រី ភ្លឹង ស៊ីណាត អង្គុយលើទោងនៅខាងមុខផ្ទះនិយាយរៀបរាប់ថា អ្នកស្រីប្រកបរបរធ្វើណែមនេះប្រមាណ ៣ឆ្នាំមកហើយ ដោយដំបូងឡើយផលិតតែបន្តិចបន្តួចទៅតាមទ្រព្យធន គឺសាច់ណែមប្រមាណពី ៣០ ទៅ ៥០គីឡូក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ ប៉ុន្តែរយៈពេលប្រមាណ ២ឆ្នាំមកនេះ តម្រូវការកើនឡើងជាបន្តបន្ទាប់ រហូតផលិតអស់ប្រមាណពី ៥០០គីឡូក្រាមទៅ ១តោនក្នុងមួយថ្ងៃ។ អ្នកស្រីបន្ថែមថា ការផលិតណែមដ៏ច្រើនបែបនេះ បើរំពឹងតែសមាជិកក្នុងក្រុមគ្រួសារធ្វើមិនទាន់តម្រូវការឡើយ គឺត្រូវបែងចែកទៅឲ្យអ្នកភូមិក្បែរខាងជួយច្រកសាច់ណែមដាក់ថង់ ហើយគិតតម្លៃឈ្នួលទៅតាមសាច់ណែមដែលគាត់ផលិតបាន៖ «ឈ្នួលវេចហ្នឹងណែមវែងមួយ ១០០ណែមតម្លៃ ១ពាន់រៀល។ ចំណែកឯណែមខ្ចៅ ១០០ណែមចំនួន ៦០០រៀល។ ក៏ប៉ុន្តែបើអ្នកវេចលឿនក្នុងមួយថ្ងៃគេធ្វើបានប្រមាណពី ៧ពាន់ទៅ ១ម៉ឺនណែមអ៊ីចឹង ហើយបើអ្នកធ្វើមិនសូវលឿន ក៏យកតិចទៅតាមហ្នឹងដែរ»។
ស្ត្រីវ័យ ៤០ឆ្នាំប្លាយ សម្បុរស្រអែមរូបនេះបន្តថា ការច្រកណែមដាក់ថង់នេះ អ្នកច្រកពុំមានចំណាយដើមទុនអ្វីច្រើននោះទេ គឺគ្រាន់តែចំណាយកម្លាំង និងទិញឧបករណ៍បន្តិចបន្តួច ដើម្បីច្រកណែមជាការស្រេច៖ «មុននឹងគេមកវេចរបស់យើង អ្នកភូមិគាត់ទិញប្រដាប់ច្រកណែមរួចជាស្រេចហើយ ចំពោះយើងគិតលុយថ្លៃកម្លាំងពលកម្មរបស់គាត់ប្រចាំថ្ងៃ។ ខ្ញុំមានសាច់ណែមហ្នឹងមានថង់មានម្ទេសមានខ្សែ ៤មុខហ្នឹង។ ត្រៀមឲ្យគេហ្នឹងចំនួនប៉ុន្មានទៅក្នុងម្ដង? ចំនួនថង់ ហើយម្ទេសហ្នឹងយើងចែកទៅតាមចំនួនគីឡូសាច់ណែម បើច្រើនយើងឲ្យច្រើនទៅតាមហ្នឹងទៅ»។
អ្នកស្រីពន្យល់ថា គ្រឿងផ្សំសម្រាប់ផលិតណែមជាទំនិញរបស់ខ្មែរផលិតក្នុងស្រុក រួមមាន សាច់ត្រី អំបិល ស្ករ មើមខ្ទឹមស ម្សៅស៊ុប ម្ទេស និងរំដេង ជាដើម យកមកកិនច្របាច់បញ្ចូលគ្នា រួចច្រកថង់ឲ្យបានស្អាតល្អជាការស្រេច៖ «យើងកិនត្រី ហើយគ្រឿងផ្សំហ្នឹងចំនួនពីរដងឲ្យវាហ្មត់ដាក់បញ្ចូលគ្នា ហើយយកទៅក្រឡុកឲ្យដើម្បីវាចូលសាច់គ្នា។ សំខាន់យើងត្រូវវ៉ៃវាឲ្យដល់បានសាច់ណែមហ្នឹងស្វិតល្អ ចំពោះណែមដែលវាជូរ គឺវាជូរហ្នឹងគ្រឿងផ្សំហ្នឹងឯង គឺវាមិនខុសអ្វីពីការធ្វើតាប៉ែ ឬធ្វើផ្អកនោះទេ»។
អ្នកស្រីឲ្យដឹងទៀតថា ក្នុងណែមមួយគីឡូត្រូវចំណាយអស់ដើមទុនប្រមាណ ១ម៉ឺន ២ពាន់រៀល ហើយទទួលប្រាក់ចំណេញប្រមាណ ៣០០រៀលប៉ុណ្ណោះ។
សព្វថ្ងៃ ណែមដែលអ្នកភូមិផលិតជាប្រភេទណែមសាច់ត្រីមាន ៣ប្រភេទ គឺណែមវែង ណែមខ្ចៅគ្រាប់តូច និងគ្រាប់ធំ។
អ្នកភូមិដែលស៊ីឈ្នួលវេចខ្ចប់ណែមម្នាក់ឈ្មោះ អ្នកស្រី ឈួន ពិសាល រស់នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ដៃច្រកណែមដាក់ថង់បណ្ដើរនិយាយរៀបរាប់បណ្ដើរថា ការស៊ីឈ្នួលច្រកណែមនេះជារបរមួយក្បែរផ្ទះ រកប្រាក់ចំណូលដោយមិនបាច់ចេញទៅស្វែងរកការធ្វើនៅឯប្រទេសថៃ នោះទេ។ អ្នកស្រីបន្តថា របរស៊ីឈ្នួលច្រកណែមនេះ ត្បិតរកប្រាក់ចំណូលបានមិនទៀងទាត់ក្ដី ប៉ុន្តែអាចជួយដោះស្រាយជីវភាពគ្រួសារបានមួយកម្រិតដែរ៖ «បាន ៣ពាន់គ្រាប់អ៊ីចឹង ៣ម៉ឺនរៀល ហើយធ្វើបានច្រើនបំផុតហ្នឹងក្នុងថ្ងៃបានតែ ៣ម៉ឺនរៀលទេថ្លៃឈ្នួលហ្នឹង ហើយជួលគេចងក្នុងមួយពាន់ ៣ពាន់រៀល។ បើនិយាយពីការងារនេះវាពិបាកដែរហ្នឹង តែវាជាការងារមួយយើងធ្វើក្នុងផ្ទះរបស់ដោយមិនបាច់ចេញទៅក្រៅប៉ុណ្ណឹង»។
ទាក់ទងនឹងបញ្ហានេះ មេឃុំព្រែកខ្ពប លោក ម៉ៅ សេង មានប្រសាសន៍បញ្ជាក់ថា សព្វថ្ងៃប្រជាពលរដ្ឋដែលប្រកបរបរធ្វើណែមនេះប្រមាណ ៦០គ្រួសារ បានដំណើរការប្រមាណ ៣ឆ្នាំមកហើយ។ ក្នុងនោះ អ្នកភូមិដែលប្រកបរបរនេះច្រើនគេមានចំនួនពីរភូមិ គឺព្រែកខ្ពប និងភូមិខ្វិត នៃឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកថា ចាប់តាំងពីប្រជាពលរដ្ឋប្រកបរបរធ្វើណែមនេះមក គឺពុំសូវមានអ្នកភូមិណាធ្វើចំណាកស្រុកដូចនៅតំបន់ផ្សេងនោះទេ ហើយរបរនេះធ្វើឲ្យពួកគាត់មានជីវភាពធូរធារជាបន្តបន្ទាប់៖ «បាទ! បានអ្នកធ្វើគេកិនសាច់ត្រីហើយអ៊ីចឹងទៅ គេយកមកដាក់តាមផ្ទះរបស់ភូមិក្បែរខាង ដើម្បីឲ្យជួយធ្វើគ្រាន់បានកម្រៃដោះស្រាយជីវភាពគ្រួសាររបស់មួយកម្រិតដែរ»។
អ្នកភូមិបន្ទាប់ពីផលិតណែមបានហើយ មានម៉ូយនៅតាមបណ្ដាខេត្តផ្សេងៗទូទាំងប្រទេស នាំទៅចែកចាយបន្ត ដោយដឹកតាមរថយន្តពីខេត្តបាត់ដំបង ទៅទីក្រុងភ្នំពេញជារៀងរាល់ថ្ងៃ។ ចំពោះខេត្តដែលនាំណែមទៅលក់នោះមានជាអាទិ៍ ខេត្តព្រៃវែង រតនគិរី ព្រះសីហនុ ក្រចេះ ព្រះវិហារ សៀមរាប និងខេត្តឧត្ដរមានជ័យ ជាដើម។
តែយ៉ាងណា ណែមដែលអ្នកភូមិផលិតសព្វថ្ងៃនេះ ពួកគាត់នៅនិយមធ្វើជាលក្ខណៈគ្រួសារនៅឡើយ។ ម្យ៉ាងទៀត ណែមដែលពួកគាត់ផលិត អាចរក្សាទុកបានត្រឹមតែពី ៤ ទៅ ៥ថ្ងៃប៉ុណ្ណោះ ហើយពុំទាន់មានលទ្ធភាពនាំចេញទៅលក់នៅក្រៅប្រទេសនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
