ប្រជាពលរដ្ឋមួយចំនួននៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ យកពេលទំនេរពីការងាររៀងរាល់រដូវប្រាំង នាំគ្នាដើរជីកកង្កែបក្រាំងនៅក្នុងរន្ធតាមមាត់ប្រឡាយទឹកក្បែរភូមិពួកគាត់រស់នៅ ដើម្បីយកមកធ្វើម្ហូប និងលក់សម្រាប់ដោះស្រាយជីវភាពគ្រួសារ។ អ្នកភូមិអះអាងថា របរជីកកង្កែបនេះថ្វីត្បិតតែមិនបានប្រាក់ចំណូលច្រើនដូចរបរផ្សេងក្ដី តែអាចជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ពួកគាត់បានមួយផ្នែកដែរ។
ក្រោយពេលទំនេរពីរដូវច្រូតកាត់ចាប់ពីខែមករា រហូតដល់ខែមេសា រៀងរាល់ឆ្នាំ អ្នកស្រុកថ្មពួក ទាំងក្មេងទាំងចាស់ប្រុសស្រី ខ្លះកាន់ចបកាប់ចបជីក ឧបករណ៍ខ្វារកង្កែប និងទ្រុងដាក់កង្កែបធ្វើពីដើមឫស្សី មានប្រវែងប្រមាណកន្លះម៉ែត្រ ទំហំប៉ុនលប ដែលគេនិយមដាក់តាមភ្លឺស្រែ លីផង ស្ពាយផង រយីងរយោងពេញខ្លួន ហើយដើរឆ្ពោះទៅវាលស្រែក្រោយភូមិរបស់ពួកគាត់ ដើម្បីជីកកង្កែបតាមមាត់ប្រឡាយ។
ទីវាលប្រមាណ ២គីឡូម៉ែត្រពីផ្ទះរស់នៅដែលអ្នកភូមិជីកកង្កែបនោះ នៅក្នុងបាតប្រឡាយដីប្រេះក្រហែង និងគ្មានទឹកមួយតំណក់នោះទេ។ ថ្វីបើពុំមានទឹកក្នុងប្រឡាយក៏ដោយ ក៏អ្នកភូមិយកចបកាប់ដីរកកង្កែបដែលក្រាំងនៅក្នុងរន្ធក្ដាម ហើយយូរៗបានកង្កែបមួយក៏នាំគ្នាដេញចាប់ដាក់ទ្រុងរបស់គាត់រៀងៗខ្លួន។
« សំឡេងដេញចាប់កង្កែប »
កង្កែបដែលពួកគាត់ចាប់បាន ភាគច្រើនប៉ុនកដៃកូនក្មេង និងកូនកង្កែបស្រូវ ជាដើម។
ពលរដ្ឋរស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក គឺលោក ស៊ុត សឿត ប្រាប់វិទ្យុអាស៊ីសេរី នៅក្រោយផ្ទះនៅពេលត្រឡប់ពីជីកកង្កែបថា របរជីកកង្កែបនេះ ថ្ងៃណារកបានកង្កែបច្រើនបានប្រហែល ៣គីឡូក្រាម និងថ្ងៃខ្លះបានមួយគីឡូក្រាម។ បុរសវ័យ ៦៦ឆ្នាំរូបនេះបន្ថែមថា ថ្ងៃណារកបានកង្កែបច្រើន គឺយកកង្កែបមួយចំនួនសម្រាប់ធ្វើម្ហូបប្រចាំថ្ងៃ និងមួយចំនួនទៀតយកទៅលក់ ដើម្បីបានប្រាក់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ៖ « ខ្ញុំទៅរកកង្កែបតាំងពីព្រឹកទល់រសៀលបានវិលត្រឡប់វិញ ហើយជួនកាលទៅម្នាក់ឯង ពេលខ្លះក៏ទៅគ្នាពីរបីនាក់ទៅ គឺរាល់តែឆ្នាំអ៊ីចឹង មិនដែលខានទេ »។

លោកបន្ថែមថា ក្នុងមួយសប្ដាហ៍លោកចេញទៅជីកកង្កែបពី ២ដងទៅ ៣ដង ហើយចំណាយពេលមួយដងប្រមាណ ៦ម៉ោង ទើបត្រឡប់មកផ្ទះវិញ។ ចំណែកឯកង្កែបដែលលោករកបានលក់ឲ្យម៉ូយមកគេយកដល់ផ្ទះ តម្លៃមួយគីឡូក្រាមប្រមាណ ៧ពាន់រៀល។
ស្រដៀងគ្នានេះដែរ អ្នកភូមិម្នាក់ទៀត គឺលោកស្រី ឈឿម ឈឺន ថ្លែងថា របរជីកកង្កែបនេះជារបរបន្ថែមក្រោយទំនេរពីការងារច្រូតកាត់រៀងរាល់ឆ្នាំ ហើយលោកស្រីថា តែងដើរជីកកង្កែបតាំងពីអាយុជាង ១០ឆ្នាំរហូតមក។ ស្ត្រីវ័យ ៧៤ឆ្នាំរូបនេះ រៀបរាប់ដោយសម្ដីមួយៗទៀតថា មូលហេតុដែលពួកគាត់នាំគ្នាទៅជីកកង្កែប ដោយសារគ្មានការងារធ្វើក្រៅអំពីរបរនេះ ហើយបើទោះបីជាជីកកង្កែបទាំងផ្សងសំណាងមិនបានច្រើនសម្រាប់លក់ក៏ដោយ តែក៏អាចរកបានគ្រាន់ធ្វើម្ហូបកាត់បន្ថយការចំណាយក្នុងគ្រួសារបានខ្លះដែរ៖ « ចា៎ ! ខ្ញុំទៅរកកង្កែបដោយសារខ្ញុំគ្មានអ្វីហូប ក៏ចេះតែទៅជីកទៅ ហើយពេលខ្លះខ្ញុំអស់កម្លាំង ក៏ដេកសម្រាកក្រោមម្លប់ដើមឈើនៅកន្លែងជីកកង្កែបក៏មានដែរ »។
ទាក់ទងនឹងបញ្ហានេះ អភិបាលស្រុកថ្មពួក លោក ប្លែក វារី មានប្រសាសន៍ថា របរជីកកង្កែបជីកក្ដាមរបស់អ្នកស្រុកមានស្ទើរគ្រប់ទីកន្លែងនៅស្រុកថ្មពួក ហើយជាប្រពៃណីអនុវត្តតៗគ្នាយូរលង់ណាស់មកហើយ។ ម្យ៉ាងទៀតលោកថា ប្រជាពលរដ្ឋភាគច្រើនជាមនុស្សចាស់ និងកុមារតូច ដើរជីកកង្កែបនៅរដូវប្រាំងដែលទំនេរពីការងារស្រែចម្ការ៖ « បាទ ! ការជីកកង្កែបនេះ គឺជាការងារបន្ទាប់បន្សំទេដែលប្រជាពលរដ្ឋធ្វើនោះ ហើយកាលពីដើមមិនទាន់មានច្បាប់តឹងតែង ពួកគាត់ក៏ដើរបរបាញ់សត្វតាមព្រៃអ៊ីចឹងដែរ »។
លោកបន្ថែមថា ក្រៅអំពីការរកកង្កែប អាជ្ញាធរស្រុកបានសហការជាមួយអង្គការសង្គមស៊ីវិលមួយចំនួន បង្កើតជាសហគមន៍ចុះបង្រៀនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យចេះរបៀបចិញ្ចឹមត្រី មាន់ និងចិញ្ចឹមកង្កែប ដើម្បីរកប្រាក់ចំណូលគ្រាន់បានដោះស្រាយជីវភាពគ្រួសាររបស់ពួកគាត់៖ « បាទ ! នេះជាការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋទេ ដែលមានទូទាំងស្រុក ហើយគម្រោងនេះ ប្រជាពលរដ្ឋចាប់អារម្មណ៍ខ្លាំងទៅលើការចិញ្ចឹមមាន់ និងចិញ្ចឹមត្រី »។

របាយការណ៍ស្រុកថ្មពួក បង្ហាញថា នៅស្រុកនេះមានចំនួន ៦ឃុំ មានប្រជាពលរដ្ឋរស់នៅជាង ៧ម៉ឺននាក់ និងមានដីស្រែជាង ១ម៉ឺន ៥ពាន់ហិកតារ និងដីដាំដំឡូងមីជាង ២ម៉ឺន ៣ពាន់ហិកតារ។ របាយការណ៍ដដែលឲ្យដឹងទៀតថា នៅឆ្នាំ២០១៥ ប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅប្រទេសថៃ មានចំនួនជាង ៤ពាន់នាក់។ អាជ្ញាធរស្រុកអះអាងថា ប្រជាពលរដ្ឋធ្វើចំណាកស្រុកប្រមាណ ៥០ភាគរយទៅរយៈពេលខ្លីប្រមាណ ៤ខែ វិលត្រឡប់មកធ្វើស្រែនៅឯស្រុកកំណើតវិញ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ធ្វើចំណាកស្រុកមានបីប្រភេទ គឺទី១ ទៅព្រឹកវិលល្ងាច។ ទី២ ទៅរដូវទំនេរពីការងារច្រូតកាត់ប្រមាណ ៤ខែវិលត្រឡប់វិញ និងមួយចំនួនទៀត ទៅធ្វើការងាររយៈពេលយូរប្រមាណមួយឆ្នាំមកលេងស្រុកកំណើតម្ដង។ លោក ស៊ុំ ច័ន្ទគា ពន្យល់ថា កត្តាគ្មានការងារធ្វើក្នុងស្រុក ជាបញ្ហាចម្បងជំរុញឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុក និងដើរជីកកង្កែបពាសវាលពាសកាលរកប្រាក់ដោះស្រាយជីវភាពគ្រួសារ ក្រោយទំនេរពីរដូវធ្វើស្រែធ្វើចម្ការនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
