យុទ្ធនាការ​ជិះ​កង់​រៃ​អង្គាសប្រាក់​ជួយ​កុមារ​កម្ពុជា​មក​ដល់​ខេត្ត​រតនគិរី

0:00 / 0:00

ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​រតនគិរី ហើយ ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទូទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ជួយ​ដល់​អង្គការ​សប្បុរសធម៌​កុលបុត្រ​សម្រាប់​សាងសង់​អគារ​ស្នាក់​នៅ​របស់​កុមារ​កំព្រា។

ប្រជាពលរដ្ឋ​ជា​អាជីវករ មន្ត្រី​រាជការ កម្មករ សិប្បករ និង​កសិករ​ជា​ច្រើន​នាក់​នាំ​គ្នា​បរិច្ចាគ​ប្រាក់​រៀងៗ​​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​សម្រាប់​ជួយ​កុមារ​កម្ពុជា។

ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ប្រមាណ ១០​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ជិះ​កង់​ចាកចេញ​ពី​ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្ពោះ​មក​ខេត្ត​រតនគិរី ដែល​ជា​ខេត្ត​ទី​១១ ដើម្បី​រួម​គ្នា​​ជាមួយ​ក្រុម​យុវជន​យុវនារី​នៃ​សហភាព​សហព័ន្ធ​យុវជន និង​យុវជន​កាកបាទ​ក្រហម​ខេត្ត​រតនគិរី ជាង ១០០​នាក់ ដើរ​រៃ​អង្គាស​ប្រាក់​ជា​លើក​ទី​ពីរ​នៅ​ទីផ្សារ​ក្រុង​បានលុង ដើម្បី​ប្រមូល​ថវិកា​ផ្ដល់​ទៅ​​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​កុមារ​កំពុង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ និង​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ សម្រាប់​សាងសង់​អគារ​ស្នាក់​នៅ​របស់​កុមារ​កំព្រា​ផង​ដែរ។

ក្រុម​យុវជន​ស្ម័គ្រចិត្ត​ដើរ​រៃ​អង្គាស​ប្រាក់ អ្នក​ខ្លះ​កាន់​បដា​រូបភាព​មាន​អត្ថន័យ កង់​គន្ធបុប្ផា​គ្មាន​ស្រា កង់​គន្ធបុប្ផា ១​លាន​ដុល្លារ និង​កង់​គន្ធបុប្ផា ២៥​ខេត្ត​ក្រុង។ ក្រៅ​ពី​បដា​ពាក្យ​ស្លោក​អ្នក​ស្ម័គ្រចិត្ត​ខ្លះ​ទៀត​​កាន់​ហិប​ប្រមូល​វិភាគ​ទាន ខ្លះ​កាន់​ឧបករណ៍​បំពង​សំឡេង​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូល​​រួម​ជាមួយ​យុទ្ធនាការ​សប្បុរសធម៌​នៅ​ទូទាំង ២៥ ខេត្ត ក្រុង​នៃ​ប្រទេស​កម្ពុជា។

អាជីវករ​លក់ដូរ​នៅ​ផ្សារ​បានលុង អ្នកស្រី ព្រំ នី បាន​ចូលរួម​ចំណាយ​ប្រាក់​សប្បុរស ខណៈ​ក្រុម​អ្នក​រៃ​អង្គាស​បាន​កាន់​ហិប​ប្រាក់​សុំ​ជំនួយ​សប្បុរសធម៌​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា នេះ។ អ្នកស្រី​មាន​ទឹក​មុខ​រីករាយ​ និង​សម្ដែង​មោទនភាព​ដែល​បាន​ចូលរួម​បរិច្ចាគ​សម្រាប់​សកម្មភាព​មនុស្សធម៌​នេះ៖ «ខ្ញុំ​រំភើប​ថា បង​ប្អូន​ខ្មែរ​បាន​ជួយ​ខ្មែរ​គ្នា​ឯង​ណា! ខ្ញុំ​ថ្លែង​អំណរគុណ​បាន​ក្មួយ​ជួយ​អ៊ីចឹង»

សំឡេង​អំពាវនាវ​តាម​ឧបករណ៍​បំពង​សំឡេង​ដាស់​អារម្មណ៍​ប្រជាពលរដ្ឋ​ក្រុង​បានលុង មិន​ថា​មនុស្ស​​ចាស់ ឬ​មនុស្ស​វ័យ​កណ្ដាល​នោះ​ទេ សូម្បី​កុមារ​ក៏​បាន​ចូលរួម​បរិច្ចាគ​ប្រាក់​ក្នុង​ហិប​ប្រាក់​មនុស្សធម៌​ជា​ហូរហែ​ពេញ​មួយ​ថ្ងៃ​នៃ​យុទ្ធនាការ​ជិះ​កង់​ប្រមូល​ថវិកា​សប្បុរស​នៅ​ខេត្ត​រតនគិរី នេះ។

ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Ratha Visal
ក្រុម​យុវជន​ធ្វើ​យុទ្ធនាការ​រៃអង្គាស​ប្រាក់​ដើម្បី​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៧។ RFA/Ratha Visal (RFA/Ratha Visal)

អនុប្រធាន​ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ លោក ធុល វិសាល ថ្លែង​ថា យុទ្ធនាការ​សប្បុរសធម៌​នេះ​គឺ​មាន​គោលបំណង​ប្រមូល​ប្រាក់​ជួយ​កុមារ​កម្ពុជា ហើយ​ថវិកា​ដែល​ប្រមូល​បាន​នោះ ៥០% ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៥០% ជួយ​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ ដើម្បី​កសាង​មណ្ឌល​កុមារ​កំព្រា និង​ធ្វើ​អគារ​ស្នាក់នៅ​ឲ្យ​កុមារ​កំព្រា។ លោក​បន្ត​ថា យុទ្ធនាការ​នេះ​គ្រោង​ប្រមូល​ថវិកា​ឲ្យ​បាន ១​លាន​ដុល្លារ​សម្រាប់​ដំណើរ​ជិះ​កង់​នៅ​​ខេត្ត​ក្រុង​ចំនួន​២៥៖ «ជួយ​កុមារ​កម្ពុជា នេះ​ជា​លើក​ទី​ពីរ​ហើយ កាល​ពី​លើក​ទី​១ យើង​ប្រមូល​ថវិកា​បាន ដប់​ប្រាំមួយ​ម៉ឺន​បី​រយ​សាមសិប​ដុល្លារ កាល​ពី​ឆ្នាំ​២០១៤»

​យុទ្ធនាការ​ជិះ​កង់ ២៥​ខេត្ត-​ក្រុង​នេះ បាន​ឆ្លង​កាត់​ខេត្ត​ចំនួន ១០ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង។ ខេត្ត​ដែល​ប្រមូល​ថវិកា​បាន​ច្រើន​ជាង​គេ​គឺ​ខេត្ត​ប៉ៃលិន ប្រមូល​ថវិកា​បាន​ជាង ១​ម៉ឺន​​ដុល្លារ។

សមាជិក​សហភាព​សហព័ន្ធ​យុវជន​ខេត្ត​រតនគិរី លោក សេង វឌ្ឍនា កត់សំគាល់​ថា សកម្មជន​កាកបាទ​ក្រហម និង​សកម្មជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្ត​រតនគិរី ជាង ១០០​នាក់ បាន​ចូលរួម​ប្រមូល​ប្រាក់​នៅ​ខេត្ត​រតនគិរី ជាមួយ​យុវជន​ជិះកង់​ប្រមូល​ថវិកា​សប្បុរស​នេះ។ លោក​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​សំខាន់​ដែល​យុវជន​នៅ​ខេត្ត​ភាគ​ឦសាន​សម្រេច​ចិត្ត​ចលនា​មហាជន​ឲ្យ​បរិច្ចាគ​ប្រាក់​ដើម្បី​ប្រយោជន៍​សង្គម៖ «សមាជិក​របស់​យើង​ជាង ១០០​នាក់ ចូល​រួម​រៃអង្គាស​ទាំង​អស់​គ្នា​ណា!»

​កាល​ពី​ឆ្នាំ​២០១៤ ក្រុម​យុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ បាន​ធ្វើ​យុទ្ធនាការ​ជិះ​កង់​ប្រមូល​ថវិកា ២៥​ខេត្ត-​ក្រុង ទទួល​បាន​ប្រាក់​ជាង ១៦​ម៉ឺន​ដុល្លារ។ ដោយ​ឡែក​យុទ្ធនាការ​ជិះ​កង់​ដែល​ប្រារព្ធ​នៅ​ឆ្នាំ​២០១៧ នេះ ពួកគេ​មាន​ផែនការ​ជិះ​គង់​ជាង ៤​ពាន់​គីឡូម៉ែត្រ​ដើម្បី​ប្រមូល​ថវិកា​ឲ្យ​បាន ១​លាន​ដុល្លារ​ក្នុង​រយៈពេល ៦០​ថ្ងៃ។

នៅ​ថ្ងៃ​ទី​២៨ ខែ​មករា អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ពិធី​ស្វាគមន៍​ក្រុម​យុវជន​ជិះ​កង់​នៅ​បរិវេណ​សាលា​ខេត្ត និង​ធ្វើ​ពិធី​រៃ​អង្គាស​ប្រាក់​ពី​មន្ត្រី​រាជការ​ជុំវិញ​សាលា​ខេត្ត​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​សកម្មភាព​មនុស្សធម៌​នេះ។

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មករា យុទ្ធនាការ​ជិះ​កង់​រៃ​អង្គាស​ប្រាក់​បាន​ប្រមូល​ថវិកា​សប្បុរសធម៌​បាន​ចំនួន​ជាង ២.៦០០​ដុល្លារ​អាមេរិក ធ្វើ​ឲ្យ​តួលេខ​ថវិកា​ដែល​ប្រមូល​បាន​កើន​ឡើង​សរុប​ជិត ៦​ម៉ឺន​ដុល្លារ​អាមេរិក។

​តាម​ការ​គ្រោង​ទុក នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ក្រុម​យុវជន​ជិះកង់​ប្រមូល​ថវិកា​សប្បុរស​នឹង​បន្ត​ដំណើរ​ទៅ​ស្រុក​កោះញែក ដែល​ជា​ដំណើរ​ជិះ​កង់​ឆ្ពោះ​ទៅ​ខេត្ត​មណ្ឌលគិរី ជា​ខេត្ត​ទី​១២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។