ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អះអាងថា ល្បែងចាក់កន្ទុយលេខធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ នៅក្រុងប៉ោយប៉ែត ជាយដែនខ្មែរ-ថៃ ដោយពុំមានសមត្ថកិច្ចណាអើពើបង្ក្រាបនោះទេ។ អ្នកភូមិបញ្ជាក់ថា ល្បែងស៊ីសងនេះ បង្កជាអសន្តិសុខកើតចោរកម្មលួចទ្រព្យសម្បត្តិក្នុងមូលដ្ឋានញឹកញាប់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។
ប្រជាពលរដ្ឋនៅតំបន់ប៉ោយប៉ែត អំពាវនាវឲ្យសមត្ថកិច្ចប៉ូលិស និងមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់ល្បែងស៊ីសងអនាធិបតេយ្យនេះជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងសង្គមជាតិ។
ប្រជាពលរដ្ឋម្នាក់រស់នៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងមិនឲ្យបញ្ចេញឈ្មោះ នៅថ្ងៃទី២ មីនា ថា ល្បែងចាក់កន្ទុយលេខទ្រង់ទ្រាយធំ ចាក់ម្ដងៗរាប់លានរៀល ធ្វើសកម្មភាពពេញបន្ទុកនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកភូមិរូបនេះបន្តថា ល្បែងចាក់កន្ទុយលេខនេះ មេខ្លោងធំមានចំនួន ២កន្លែង គឺមានទីតាំងជាប់ផ្លូវជាតិលេខ៥ នៅម្ដុំខាងមុខសណ្ឋាគារប៉ោយប៉ែតផាស់ ធ្វើសកម្មភាពជារៀងរាល់ថ្ងៃច្រើនឆ្នាំមកហើយ ដោយពុំមានសមត្ថកិច្ចណាទប់ស្កាត់នោះទេ៖ «អ្នកដែលជាល្បែងនោះរួមមាន ឈ្មោះលោក សម ហេងជា ប្រធានការិយាល័យសុរិយោដី ស្រុកអូរជ្រៅ និងម្នាក់ទៀតនៅជាប់គ្នានោះដែរ គឺឈ្មោះ ប្រុស។ អ្នកទាំងពីរបើកល្បែងជាច្រើនឆ្នាំហើយ ពុំដែលមានសមត្ថកិច្ចពាក់ព័ន្ធទប់ស្កាត់នោះឡើយ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអធិការប៉ូលិសក្រុងប៉ោយប៉ែត គឺលោក អ៊ុំ សុផល ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២ មីនា ដោយទូរស័ព្ទរោទ៍តែពុំមានអ្នកទទួល។
ចំណែកឯនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែត លោក អ៊ឹម សុភារៈ មានប្រសាសន៍បញ្ជាក់យ៉ាងខ្លីថា លោកពុំមានអំណាចទៅបង្ក្រាបល្បែងចាក់កន្ទុយលេខទាំងនោះឡើយ ហើយបិទទូរស័ព្ទទៅវិញ៖ «ការងារហ្នឹងទាល់តែបងទៅសួរថ្នាក់ដឹកនាំបានត្រូវ មកសួរខ្ញុំអ៊ីចឹងខុសហើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ល្បែងចាក់កន្ទុយលេខនៅក្រុងប៉ោយប៉ែត កើតមានយ៉ាងអនាធិបតេយ្យជាច្រើនឆ្នាំមកហើយ។ លោកថា ល្បែងស៊ីសងនៅតំបន់ជាយដែនខ្មែរ-ថៃ ដោយខុសច្បាប់នេះ ពុំបានផ្ដល់ផលចំណេញអ្វីដល់ប្រជាពលរដ្ឋឡើយ ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការជុំវិញករណីនេះជាបន្ទាន់ ពីព្រោះបើពុំមានការទប់ស្កាត់ទេ ល្បែងស៊ីសងនេះនាំឲ្យកើតអសន្តិសុខក្នុងសង្គមជាតិ៖ «បញ្ហានេះជានិទ្ទណ្ឌភាពមួយដែលសមត្ថកិច្ចមិនបានអនុវត្តច្បាប់ ហើយសមត្ថកិច្ចហាក់ដូចជាមានផលប្រយោជន៍ណាមួយចេញអំពីល្បែងទាំងអស់នេះ។ បញ្ហានេះ គឺជាភាពទន់ជ្រាយរបស់សមត្ថកិច្ចមួយ ដែលមានចែងក្នុងច្បាប់ ហើយបែរជាមិនអនុវត្តទៅវិញ»។
អ្នកភូមិឲ្យដឹងថា នៅក្រុងប៉ោយប៉ែត មិនត្រឹមតែមានល្បែងចាក់កន្ទុយលេខមួយប៉ុណ្ណោះទេ គឺនៅមានល្បែងបៀ និងអាប៉ោងទៀត ហើយសកម្មភាពលេងល្បែងនេះកើតមានជាប្រចាំតាមមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
