ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលមួយចំនួននៅខេត្តបន្ទាយមានជ័យ រិះគន់អាជ្ញាធរខេត្តនេះ ថាបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូ នៅក្រុងប៉ោយប៉ែត ដោយសេរីពុំមានការទប់ស្កាត់នោះទេ។ សង្គមស៊ីវិល និងពលរដ្ឋ ព្រួយខ្លាចការបណ្ដោយឲ្យពលរដ្ឋខ្មែរចូលលេងល្បែងនៅកាស៊ីណូដោយសេរីបែបនេះ នឹងបង្កអសន្តិសុខក្នុងសង្គម។
ពលរដ្ឋ និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ អំពាវនាវសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធ ទប់ស្កាត់កុំឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែត ជាបន្ទាន់។
ពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់រស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឲ្យដឹងនៅថ្ងៃទី១០ មករា ថា ពលរដ្ឋខ្មែរមកពីទីជិតទីឆ្ងាយ នាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូនៅជាយដែនខ្មែរ-ថៃ នៃក្រុងប៉ោយប៉ែត ដោយសេរីជារៀងរាល់ថ្ងៃ និងពុំមានអាជ្ញាធរណាអើពើទប់ស្កាត់នោះទេ។ ពលរដ្ឋរូបនេះ ព្រួយបារម្ភខ្លាចពលរដ្ឋខ្មែរចូលលេងល្បែងនៅកាស៊ីណូយូរទៅ នឹងកើតមានចោរកម្ម បង្កអសន្តិសុខក្នុងសង្គមជាតិ៖ «ខ្ញុំព្រួយបារម្ភរឿងខ្មែរចូលលេងល្បែងក្នុងកាស៊ីណូនេះខ្លាំងណាស់ ប៉ុន្តែមិនដឹងធ្វើយ៉ាងណា បើអាជ្ញាធរគ្មានវិធានការទប់ស្កាត់សោះ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍យ៉ាងខ្លីថា កន្លងមក អាជ្ញាធរខេត្តតែងទប់ស្កាត់មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរណាម្នាក់ចូលទៅលេងល្បែងស៊ីសងក្នុងកាស៊ីណូនៅក្រុងប៉ោយប៉ែត នោះទេ៖ «អាជ្ញាធរយើងបានគិតគូរយកចិត្តទុកដាក់ណាស់ចំពោះរឿងពលរដ្ឋចូលល្បែងស៊ីសងនេះ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជ្ញាធរខេត្តឆ្លើយបដិសេធឆាប់រហ័សពេក ដោយខ្វះការចុះស្រាវជ្រាវដល់ទីកន្លែងឲ្យបានច្បាស់លាស់។ លោកពន្យល់ថា ការបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងក្នុងកាស៊ីណូ ពុំបានផលចំណេញដល់សង្គមជាតិនោះទេ។ ផ្ទុយទៅវិញ បានប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ពីព្រោះបង្កឲ្យកើតហិង្សាក្នុងគ្រួសារ ដោយសារចាញ់ល្បែងអស់ប្រាក់ និងកើតមានករណីចោរកម្ម ជាដើម៖ «អ៊ីចឹងបញ្ហាដែលកើតឡើងនៅក្រុងប៉ោយប៉ែត នោះ កើតមានមែន ប៉ុន្តែអាជ្ញាធរខេត្តបន្ទាយមានជ័យ ឆ្លើយដោះសា ដើម្បីឲ្យរួចផុតពីការទទួលខុសត្រូវរបស់ប៉ុណ្ណោះ»។
កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ មានកុមារអាយុ ១៣ឆ្នាំម្នាក់ ម្ដាយមានរបរដើរសុំទានរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចងកសម្លាប់ខ្លួនឯង ដោយសារតែពុំបានទៅសុំបាយក្នុងពិធីមង្គលការអ្នកស្រុកឲ្យម្ដាយហូបបាន។ លោក ស៊ុំ ច័ន្ទគា ស៊ើបអង្កេតរកឃើញថា ម្ដាយកុមាររូបនោះមានជីវភាពខ្វះខាត ដោយសារចូលលេងក្នុងបនល្បែងកាស៊ីណូប៉ោយប៉ែត ញឹកញាប់។ បច្ចុប្បន្ន នៅក្រុងប៉ោយប៉ែត មានបនល្បែងកាស៊ីណូទាំងអស់ ១៤កន្លែង ដោយភាគច្រើនមានម្ចាស់ជាជនបរទេស ហ៊ុនជាមួយមន្ត្រីមានអំណាចមួយចំនួននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
