ពលរដ្ឋនៅស្រុកបាភ្នំ ខេត្តព្រៃវែង អះអាងថា ល្បែងបៀ និងអាប៉ោងទ្រង់ទ្រាយធំ លេងភ្នាល់ប្រាក់រាប់រយដុល្លារនៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង កំពុងធ្វើសកម្មភាពដោយសេរីពុំមានអាជ្ញាធរណាអើពើ ចុះទៅបង្ក្រាបនោះទេ។
អ្នកភូមិបញ្ជាក់ថា អ្នកចាញ់ល្បែងមួយចំនួនលក់អស់ដីផ្ទះ ហើយដើរបង្កជាចោរកម្មអសន្តិសុខក្នុងសង្គម ប៉ុន្តែអាជ្ញាធរប៉ូលិស បដិសេធថាពុំមានល្បែងស៊ីសងធំដុំឡើយ។
ពលរដ្ឋដែលឃើញបនល្បែងនោះ ឲ្យដឹងថា អ្នកភូមិក្បែរខាង សម្ដែងការមិនពេញចិត្តនឹងល្បែងស៊ីសងនោះទេ ហើយលើកឡើងថា អ្នកលេងភ្នាល់ក្នុងវង់ល្បែងនោះ មានមនុស្សជាច្រើននាក់ រួមទាំងប៉ូលិស និងមន្ត្រីកងរាជអាវុធហត្ថផង ធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងទាំងយប់ថ្ងៃ។
អ្នកភូមិម្នាក់ថ្លែងក្នុងលក្ខខណ្ឌមិនឲ្យបញ្ចេញឈ្មោះ រស់នៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ នៅថ្ងៃទី២១ កក្កដា ថា បនល្បែងនោះត្រូវគេលេងភ្នាល់ដោយសេរី ឋិតនៅខាងក្នុងផ្ទះដេប៉ូលក់ឈើមួយកន្លែង នៅភូមិមាត់ព្រៃ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ធ្វើសកម្មភាពមិនថាយប់ ឬថ្ងៃនោះទេ។
អ្នកភូមិរូបនេះបន្តថា ក្នុងវង់ល្បែងនោះមានបៀ និងអាប៉ោងលេងភ្នាល់មួយលើកៗស៊ីសងប្រាក់រាប់រយដុល្លារ ហើយអ្នកបាញ់មេអាប៉ោងនោះទៀតសោត ថែមទាំងជាមន្ត្រីកងរាជអាវុធហត្ថផង៖ «លេងច្រើន មានអាពួកដើរមកចល័តចុះចល័តឡើង ប៉ុន្តែយើងតែម៉ូតូ ហើយម៉ូតូអ្នកលេងចេះណាស់ មកអ៊ីចឹងមិនយកម៉ូតូចូលទេ។ ដើរអ៊ីចឹងចល័តចុះចល័តឡើង ចូលមួយៗអ៊ីចឹងទៅពេញទៅណាស់! អត់មានអ្នកណាចាត់វិធានការទេរឿងហ្នឹង គឺសមត្ថកិច្ចគេអ្នកលេងសមត្ថកិច្ចអ្នកបើកមិនដឹងពីណាទៅចាប់វិធានការ។ សមត្ថកិច្ចអ្នកបើក ហើយជាអ្នកយកលុយសេវាពីហ្នឹងណាស់។ ម៉ាយប់ដូចគេបង់សេវាប្រចាំថ្ងៃអ៊ីចឹង ម៉ាយប់ ១០ម៉ឺនៗអ៊ីចឹងទៅ គេអួតណាស់។ ហើយយើងរកភស្តុតាងណាឲ្យគេ បើសិនគ្រាន់តែលេងល្បែងក្បែរអធិការចាប់មិនបានផង យើងអាចថាបានហើយ»។
អ្នកភូមិបន្តថា អ្នកលេងល្បែងមួយចំនួន ចាញ់អស់ទ្រព្យសម្បត្តិលក់ដីធ្លីផ្ទះសម្បែងរត់ចោលស្រុក ទៅធ្វើការជាកម្មករនៅប្រទេសថៃ ហើយមួយចំនួនទៀត ដោយសារចាញ់ល្បែងបង្កជាបញ្ហាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្បែរខាង។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលស្រុកបាភ្នំ លោក អ៊ន សាគុណ បដិសេធថា នៅស្រុកបាភ្នំ ពុំមានការលេងល្បែងបៀ និងអាប៉ោងទ្រង់ទ្រាយធំភ្នាល់រាប់រយដុល្លារ ដូចការលើកឡើងរបស់អ្នកភូមិនោះឡើយ។ លោកបញ្ជាក់ថា បញ្ហានេះអាជ្ញាធរប៉ូលិសតែងធ្វើសកម្មភាពចុះទៅបង្ក្រាបបនល្បែងដូចភ្លៀងរលឹម៖ «អត់ដូចជាការចោទប្រកាន់របស់អឺ! ប្រជាពលរដ្ឋមួយចំនួនហ្នឹងទេបង! មានមែនមានលេងអឺ! គាត់ហូបចុក ហើយគាត់លេងៗហ្នឹងណាស់ គាត់មិនដឹងនេះគាត់ៗចេះតែយកបៀហ្នឹងមកកាន់លេងតិចតួចហ្នឹង អាគេហៅជើងឡេនអីហ្នឹងណាស់! មានមែន។ ប៉ុន្តែខ្ញុំនេះបានឲ្យកម្លាំងប្រាប់ ហើយហូបស្រាហូបទៅតែកុំលេងល្បែង ខ្ញុំបានប្រាប់ហើយ»។
មន្ត្រីសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តព្រៃវែង អ្នកស្រី អៀង គិមលី ចាត់ទុកការលើកឡើងរបស់អាជ្ញាធរប៉ូលិសស្រុកបាភ្នំ ថាជាលេសមួយដើម្បីដោះបន្ទុកពីការទទួលខុសត្រូវប៉ុណ្ណោះ។ អ្នកស្រីបញ្ជាក់ថា ល្បែងស៊ីសងបើទោះជាតូច ឬធំក្ដី គឺល្បែងទាំងនោះពុំមានផលចំណេញដល់ប្រជាពលរដ្ឋឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអាជ្ញាធរពុំមានវិធានការទាន់ពេលនោះ វាអាចបង្កជាបញ្ហាក្នុងសង្គមនៅថ្ងៃអនាគត៖ «អាជ្ញាធរគួរតែយកចិត្តទុកដាក់ខ្លាំងបន្តិចលើករណីល្បែងស៊ីសងហ្នឹង ព្រោះដូចនិយាយទៅជាធម្មតាស្ទើរតែជាទម្លាប់របស់អ្នកដែលគាត់អត់សូវមានការងារធ្វើ គឺគាត់តែងលេងល្បែង។ អាល្បែងហ្នឹងហើយដែលនាំឲ្យមានបញ្ហានៅក្នុងសង្គម នាំឲ្យមានបញ្ហានៅក្នុងគ្រួសារ។ ទោះបីបើតូចក៏ដោយ ធំក៏ដោយ បើមិនបានធ្វើការអប់រំតាមផ្លូវច្បាប់ ពិន័យគាត់អីទេ ក៏គួរតែហៅគាត់ដើម្បីធ្វើការអប់រំឲ្យគាត់ដឹងពីបញ្ហាផ្លូវច្បាប់ដែរ»។
យ៉ាងណា អ្នកភូមិឲ្យដឹងថា បនល្បែងមានបៀ និងអាប៉ោង ជាដើម ត្រូវគេលេងភ្នាល់នៅស្រុកបាភ្នំ ជាច្រើនកន្លែងបើកដោយសេរី ហើយសកម្មភាពទប់ស្កាត់របស់អាជ្ញាធរភាគច្រើនជាលក្ខណៈបែបទៅគោះទឹកបង្អើលត្រី ពុំដែលចុះទៅបង្ក្រាប ឬចាប់អ្នកលេងល្បែងមកផ្ដន្ទាទោសបានម្ដងណាឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
