សង្គម​ស៊ីវិល​រិះគន់​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​ថា​មិន​អើពើ​បង្ក្រាប​ល្បែង​កន្ទុយ​លេខ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង បារម្ភ​ល្បែង​ចាក់​កន្ទុយ​លេខ​នៅ​ក្រុង​ស្ទឹងត្រែង កើត​មាន​យ៉ាង​អនាធិបតេយ្យ។ ក្តី​បារម្ភ​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ​ជាច្រើន​សម្រុក​លេង​ល្បែង​នេះ ហើយ​ការ​ទប់ស្កាត់ និង​បង្ក្រាប​របស់​សមត្ថកិច្ច ហាក់​មាន​តិចតួច​ណាស់។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ភាព​ព្រងើយ​កន្តើយ​របស់​ស្នងការ​ខេត្ត និង​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង ដែល​បណ្តោយ​ឲ្យ​ករណី​នេះ​កើត​ឡើង​ដដែលៗ។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១ វិច្ឆិកា អំពាវនាវ​រដ្ឋាភិបាល ឲ្យ​ពង្រឹង​យន្តការ​ភូមិ-ឃុំ​មាន​សុវត្ថិភាព ដែល​ក្រសួង​មហាផ្ទៃ បាន​ប្រកាស ៩​ចំណុច ក្នុង​នោះ​ល្បែង​កន្ទុយ​លេខ ក៏​ឋិត​ក្នុង​ចំណោម ៩​ចំណុច​នោះ​ដែរ ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងប់ងុល​ល្បែង​នេះ​រហូត​ដល់​លក់​ទ្រព្យ​សម្បត្តិ ខ្ចី​បុល​គេ ហើយ​អាច​ឈាន​ដល់​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀត​ផង។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ជាច្រើន​ទៀត ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា លោក​ពុំ​មាន​ជំនឿ​ចំពោះ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ខេត្ត​នេះ​ឡើយ ដោយសារ​អ្នក​បើក​ល្បែង​ធំ​ក្នុង​ខេត្ត​នេះ ភាគ​ច្រើន​សុទ្ធតែ​មាន​លុយ​មាន​អំណាច។ លោក​បន្ត​ថា ទីតាំង​ល្បែង​កន្ទុយ​លេខ​ធំ​ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន ៣​កន្លែង ឈ្មោះ សុខឡាង ងី ហៅ ងី​កំប៉ោង និង​ឈ្មោះ វិម៉ាំងសា ហៅ​តា​ម៉ាំង ព្រម​ទាំង​មាន​កូន​កញ្ច្រែង​តូចៗ​ជាច្រើន​ទៀត​ក្នុង​ខេត្ត​នេះ។ លោក​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​ចំណាយ​ប្រាក់​ចាប់​ពី ៦០​ម៉ឺន​រៀល​ទៅ ១​លាន​រៀល​ក្នុង ១​ថ្ងៃ សម្រាប់​ធ្វើ​ដើម​ទុន​លេង​ល្បែង​នេះ៖ «ប្រសិន​ជា​គាត់​ងុប​នឹង​ល្បែង​គាត់​អាច​យក​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន ហើយ​នឹង​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​មាន​ការ​ទាស់ទែង​គ្នា។ អ្នក​គេ​ចាក់​ធំៗ​មួយ​ថ្ងៃ ៥០​ម៉ឺន​ទៅ ៦០​ម៉ឺន អាច​ដល់ ១​ថ្ងៃ​មួយ​លាន​ទៅ ១​លាន​ជាង»

បុរស​ដដែល​បន្ថែម​ថា ល្បែង​កន្ទុយ​លេខ គឺ​ជា​ល្បែង​ហាក់​មាន​ប្រភព​អាថ៌កំបាំង​ពី​ប្រទេស​វៀតណាម ដែល​គេ​មិន​ឃើញ​ទីតាំង​បង្វិល​ឆ្នោត ដើម្បី​ឲ្យ​ប្រាកដ​ថា ឆ្នោត​នោះ​ចេញ​ដោយ​វិធី​ណា​នោះ​ទេ។ តែ​គេ​ឃើញ​ចេញ​លទ្ធផល​តាម​រយៈ​សារ​តាម​ទូរស័ព្ទ​ដៃ និង​ម៉ាស៊ីន​អេឡិចត្រូនិក​មាន ៦​ប៉ុស្តិ៍​ទៅ ៧​ប៉ុស្តិ៍​ចេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ម្យ៉ាង​ទៀត ល្បែង​នេះ​មាន​លទ្ធភាព​ប្រមូល​ប្រាក់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ លោក ងី ហៅ ងី​កំប៉ោង ចាត់​ទុក​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​ថា ជា​ការ​យល់​ច្រឡំ ដោយ​លើក​ហេតុផល​ថា ទីតាំង​ឆ្នោត​របស់​លោក​ជា​ឆ្នោត​របស់​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ​ថា ឌ្រីម វីន (Dream Win Corporations) និង​ឆ្នោត​នាគ​នាំ​សំណាង មាន​ច្បាប់​អនុញ្ញាត​ពី​រដ្ឋាភិបាល​ត្រឹមត្រូវ៖ «បង​អាច​អញ្ជើញ​មក​ផ្ទាល់​ក៏​បាន ឬ​ក៏​ចង់​យ៉ាង​ម៉េច? ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​ដែល​បង្ហាញ​គាត់​ថា ខ្ញុំ​លក់​ឆ្នោត​ស្រប​ច្បាប់ ព្រោះ​ការ​ចោទ​របស់​ប្រជាពលរដ្ឋ​ដោយសារ​មាន​ការ​ឈ្នានីស។ ខ្ញុំ​ព្យាយាម​រក​ប្រាក់​ចំណូល​ដល់​រដ្ឋាភិបាល។ កន្លង​មក ដោយសារ​ខ្ញុំ​អត់​មាន សម័យ​ណា​ក៏​មាន​ឆ្នោត​ខុស​ច្បាប់​ដែរ»

ករណី​នេះ​ដែរ ស្នងការ​ខេត្ត​ស្ទឹងត្រែង លោក ម៉ៅ តារា បដិសេធ​ថា បច្ចុប្បន្ន​ពុំ​មាន​កន្លែង​លេង​ល្បែង​កន្ទុយ​លេខ​ទេ ព្រោះ​នគរបាល​ធ្លាប់​បង្ក្រាប​រួច​ហើយ គឺ​មាន​តែ​ឆ្នោត​នាគ​នាំ​សំណាង ដែល​មាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​ប៉ុណ្ណោះ៖ «បង​ប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន គាត់​មិន​យល់ ឃើញ​តែ​គេ​មាន​កន្លែង​គេ​កត់។ គេ​មាន​ម៉ាស៊ីន មិន​មែន​ទៅ​កត់​ដៃ​ដូច​ឆ្នោត​កន្ទុយ​លេខ​វៀតណាម ទេ អា​ណា​មិន​ស្រប​ច្បាប់ គឺ​យើង​បិទ​អស់​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ថ្លែង​បញ្ជាក់​ថា ល្បែង​កន្ទុយ​លេខ​បាន​កើត​មាន​ឥត​ឈប់​ឈរ ទោះ​បី​ជា​អាជ្ញាធរ​អះអាង​ពី​ការ​បង្ក្រាប​នេះ​ក្ដី ហើយ​សមត្ថកិច្ច​ខេត្ត​នេះ​ហាក់​ដូចជា​ត្រូវ​ថ្នាំ​សណ្ដំ​របស់​ឈ្មួញ។ លោក​ថា ជាក់ស្តែង​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​ការ​ទប់ស្កាត់​ល្បែង​ស៊ី​សង​ដែល​កំពុង​រីក​ដូច​ផ្សិត៖ «បង្ក្រាប​ហើយ​លែង​វិញ ដោយ​មិន​មាន​ចំណាត់​ការ​ណា​មួយ​ឲ្យ​ខ្លាំង ជាពិសេស គឺ​លោក​ព្រះរាជអាជ្ញា គាត់​គួរ​តែ​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​មែន​ទែន ព្រោះ​អី​យើង​ឃើញ​ល្បែង​ស៊ី​សង​ឡើង​ដល់​ពីរ​កន្លែង​ទៀត​ហើយ»

ទោះ​យ៉ាង​ណា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង លោក ជា ពេជ្រ មាន​ប្រសាសន៍​ថា តំណាង​អយ្យការ និង​សមត្ថកិច្ច​ជំនាញ បាន​ពិភាក្សា​ពី​គោលការណ៍​ទប់ស្កាត់​ករណី​នេះ ដោយ​ជូន​ដំណឹង​ទៅ​អ្នក​ពាក់ព័ន្ធ​ឲ្យ​បញ្ឈប់ តែ​បើ​មិន​បញ្ឈប់​នោះ​ទេ នឹង​មាន​វិធានការ​ចុះ​បង្ក្រាប និង​ចាប់​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

ច្បាប់​ស្ដីពី​ការ​បង្ក្រាប​ល្បែង​ស៊ី​សង​ឆ្នាំ​១៩៩៦ មាត្រា​៥ ចែង​ថា ចំពោះ​អ្នក​បើក​ល្បែង​ស៊ី​សង អ្នក​កាន់​កាប់​ល្បែង​ស៊ី​សង អ្នក​ចាត់​ចែង និង​ភ្នាក់ងារ​ស៊ី​សង ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ដល់ ២០​លាន​រៀល និង​ដាក់​គុក​ពី ១​ឆ្នាំ​ដល់ ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។