ប្រជាពលរដ្ឋជនជាតិដើមភាគតិចរស់នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ព្រួយបារម្ភពីអំពើចោរកម្ម និងការវាយតប់បង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដោយសារតែកន្លែងលេងល្បែងស៊ីសងកើតមានកាន់តែច្រើននៅក្នុងមូលដ្ឋានសហគមន៍រស់នៅ។ ចំណែកមន្ត្រីមូលដ្ឋានទម្លាក់ការទទួលខុសត្រូវនេះទៅលើមន្ត្រីប៉ូលិសប៉ុស្តិ៍រដ្ឋបាលថា មិនបានបង្ក្រាបកន្លែងលេងល្បែងស៊ីសងទាំងនោះទេ។
ផ្ទះប្រជាពលរដ្ឋខ្មែរចំនួនបីកន្លែងនៅភូមិពូឆប ឃុំដាក់ដាំ មានបើកលេងល្បែងបៀ ប៊ូល និងបុកប៊ីយ៉ា ស៊ីសងជាប្រាក់ដោយគ្មានការបង្ក្រាប។
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំដាក់ដាំ លោក ទើយ ធិ ចាត់ទុកថា ការបើកលេងល្បែងស៊ីសងនេះ នឹងបង្កផលប៉ះពាល់ដល់សហគមន៍ជនជាតិដើមភាគតិចដោយសារកើតមានអំពើលួចគោក្របី និងការវាយតប់គ្នាដោយហិង្សាកើតឡើងដោយសារឥទ្ធិពលនៃវប្បធម៌ចាញ់ល្បែងពាលានេះ។
លោកអំពាវនាវសុំឲ្យអាជ្ញាធរស្រុក ខេត្ត ចាត់វិធានការបង្ក្រាបករណីនេះជាបន្ទាន់៖ «ចាក់លុយមែនទែន លេងបៀហ្នឹងទាំងស្រីទាំងប្រុស ព្រោះតែលេងល្បែងហ្នឹងហើយបានជាកើតជាចោរលួច កើតជាអំពើហិង្សា ចាញ់ល្បែងហ្នឹងទៅលួចប្លន់គេ ហើយកើតមានអំពើហិង្សាវាយតប់គ្នា មេប៉ុស្តិ៍ចូលលេងដែរទាំងប្ដីប្រពន្ធ»។
សហគមន៍ដាក់ដាំរយៈពេលជាង ១ខែកន្លងទៅមានចោរលួចគោអ្នកភូមិ ៥ករណី និងក្រុមយុវជនវាយបង្ករបួសស្នាមគ្នាមួយករណី។
មេឃុំដាក់ដាំ លោក សម វ៉ាន្នី ទទួលស្គាល់ថា អាជ្ញាធរឃុំមិនមានលទ្ធភាពបញ្ឈប់ផ្ទះបើកលេងល្បែងខុសច្បាប់នេះបានទេ ពីព្រោះនាយនគរបាលប៉ុស្តិ៍នៅតំបន់នោះមិនទទួលយកការណែនាំពេលចុះបង្ក្រាបកន្លែងបើកល្បែងនោះឡើយ។ ម្យ៉ាងវិញទៀត មន្ត្រីនគរបាលមូលដ្ឋាននេះ និងភរិយាគឺជាអ្នករួមចំណែកលេងល្បែងនៅទីនោះដូចគ្នា៖ «ទៅបើកជាមួយគេ ប៉ូលិសហ្នឹងឲ្យគេបើករឿងហ្នឹង។ មានសិទ្ធិចាប់ស្អី ប៉ូលិសមិនឲ្យយើងផង ហើយយើងអាជ្ញាធរទាំងមូល»។
ឆ្លើយតបការចោទប្រកាន់នេះ នាយនគរបាលប៉ុស្តិ៍ដាក់ដាំ លោក ផង់ ហៀក បដិសេធថា កន្លែងបើកលេងល្បែងនោះមិនមានលេងបៀស៊ីសងជាប្រាក់ទេ គឺមានតែល្បែងកម្សាន្តប៊ូល និងបុកប៊ីយ៉ា តែប៉ុណ្ណោះ៖ «អត់ទេៗ មានលេងបៀឯណា មានតែបុកប៊ីយ៉ា ប៊ូល»។
ទាក់ទិនករណីល្បែងស៊ីសងនេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្ត មណ្ឌលគិរី លោក សុក រដ្ឋា អះអាងដែរថា មិនមានតែភូមិពូឆប នោះទេ ល្បែងស៊ីសងច្រើនប្រភេទ មានបៀ ឆ្នោតកន្ទុយលេខ បុកប៊ីយ៉ា ភ្នាល់បាល់ ឬលេងបាល់ដាក់ប្រាក់កើតមានច្រើនកន្លែងនៅក្រុងសែនមនោរម្យ និងតាមបណ្ដាស្រុកនានាក្នុងខេត្តនេះ។
លោកកត់សំគាល់ថា ការកើនឡើងនៃកន្លែងល្បែងភ្នាល់ស៊ីសងជាប្រាក់គឺជាកត្តាបង្កឲ្យមានបញ្ហាអសន្តិសុខចំពោះប្រជាពលរដ្ឋដូចជាករណីលួចគោក្របី ចោរកម្មលួចម៉ូតូ និងអំពើប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋកើតមានជាបន្តបន្ទាប់៖ «បទល្មើសកំពុងកើនឡើងម្ដងបន្តិចៗដោយសារការគ្រប់គ្រងសន្តិសុខ មិនបានជាប់លាប់ល្អ។ សុវត្ថិភាពប្រជាពលរដ្ឋដែលគាត់មិនពាក់ព័ន្ធល្បែងស៊ីសងធ្វើឲ្យគាត់ព្រួយបារម្ភពីការរស់នៅបារម្ភពីកូនចៅទៅរៀនសូត្រ គេចវេះទៅលេងល្បែង»។
ទោះជាយ៉ាងនេះក្តី ស្នងការខេត្តមណ្ឌលគិរី លោក តូច យ៉ុន ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានផ្ដល់ព័ត៌មានពីកន្លែងបើកលេងល្បែងនោះ។ លោកអះអាងថា នឹងចាត់សមត្ថកិច្ចប៉ូលិសចុះបង្ក្រាបករណីនេះ៖ «អត់អី ខ្ញុំឲ្យកម្លាំងទៅ អរគុណបងជួយផ្ដល់ព័ត៌មាន»។
ក្រសួងមហាផ្ទៃ បានដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពតាំងពីឆ្នាំ២០០៩ ពោលគឺបានណែនាំឲ្យអាជ្ញាធរមូលដ្ឋានរួមគ្នាលុបបំបាត់ល្បែងស៊ីសង គ្រឿងញៀន ការជួញដូរមនុស្ស និងបទល្មើសផ្សេងទៀត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ក៏ប៉ុន្តែមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តមណ្ឌលគិរី កត់សំគាល់ថា ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរហូតបច្ចុប្បន្នមិនបានជោគជ័យទេ ខណៈដែលបទល្មើស ជាពិសេសល្បែងស៊ីសងកាន់តែកើតមានច្រើនឡើង ជាពិសេសល្បែងអបាយមុខនេះកំពុងជះឥទ្ធិពលអាក្រក់ទៅលើសហគមន៍ជនជាតិដើមភាគតិចបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
