កម្មករកាត់ដេរជាង ៤០០នាក់ ក្នុងចំណោមកម្មករសរុបជាង ៦០០នាក់ នៅរោងចក្រ សាន់ យ័ន (San Yuon) ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ធ្វើបាតុកម្មនៅមុខរោងចក្រកាលពីព្រឹកថ្ងៃទី១៨ ខែមីនា ដើម្បីទាមទារលក្ខខណ្ឌការងារចំនួន ១០ចំណុច។
មន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ស្ពឺ បានកោះហៅតំណាងកម្មករ និងថៅកែរោងចក្រប្រជុំបន្ទាន់មួយ នៅព្រឹកថ្ងៃទី១៨ មីនា ដើម្បីរកដំណោះស្រាយ បន្ទាប់ពីកម្មករជាង ៤០០នាក់ ធ្វើបាតុកម្មនៅមុខរោងចក្រ សាន់ យ័ន។
ប្រធានសម្ព័ន្ធសហជីពកម្មករប្រចាំរោងចក្រ សាន់ យ័ន លោក ខុន ផល្លា ឲ្យដឹងថា គោលបំណងដែលកម្មករមិនធ្វើការ និងចេញមកបាតុកម្មនៅមុខរោងចក្រនោះ ដើម្បីទាមទារលក្ខខណ្ឌ ១០ចំណុច រួមមានសុំឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករ គឺលោក តុន ស៊ីតាក់ ដែលក្រុមហ៊ុនបញ្ឈប់កាលពីថ្ងៃសុក្រ សប្ដាហ៍មុនចូលធ្វើការវិញ ស្នើសុំឲ្យកម្មការិនីមានផ្ទៃពោះមានសិទ្ធិឈប់សម្រាកការងារ ១ថ្ងៃក្នុងមួយខែ ដើម្បីពិនិត្យសុខភាព ដោយមិនត្រូវកាត់ប្រាក់ប្រចាំថ្ងៃ សុំឲ្យពេទ្យនៅកន្លែងការងារមានថ្នាំគ្រប់គ្រាន់ និងសុំឲ្យរាល់ការបញ្ឈប់កិច្ចសន្យាការងារជាមួយកម្មករ ត្រូវមានហេតុផល ជាដើម។
លោកបញ្ជាក់ថា ការបញ្ឈប់តំណាងកម្មករ លោក តុន ស៊ីតាក់ ពីការងារ ធ្វើឡើងដោយគ្មានមូលហេតុច្បាស់លាស់៖ «ក្រុមហ៊ុនបញ្ជាក់មួយទៀតថា ក្រុមហ៊ុនអត់មានការងារធ្វើ ខាងខ្ញុំថាបើអត់ការងារធ្វើ ហេតុអ្វីបញ្ឈប់តែគេមួយ បញ្ឈប់គេទាំងអស់គ្នាទៅ អ៊ីចឹងមានន័យថា ហេតុដែលក្រុមហ៊ុនពាក់ព័ន្ធទៅនឹង តុន ស៊ីតាក់ គាត់ជាថ្នាក់ដឹកនាំសហជីពនៅក្នុងរោងចក្រ»។
ទាក់ទងបញ្ហានេះ តំណាងរោងចក្រ សាន់ យ័ន មានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនពិតជាបានបញ្ឈប់ឈ្មោះ តុន ស៊ីតាក់ មែន ដោយសារតែបុគ្គលិករូបនេះខ្វះសមត្ថភាពធ្វើការ។ ម្យ៉ាង ការបញ្ឈប់នោះមិនខុសច្បាប់ទេ ដោយសារតែឈ្មោះ តុន ស៊ីតាក់ ជាបុគ្គលិកកិច្ចសន្យាសាកល្បងរយៈពេល ២ខែ ហើយកុងត្រាដល់ថ្ងៃបញ្ចប់កាលពីចុងសប្ដាហ៍៖ «ក្នុងខែមីនា ហ្នឹងមិនមែនមានតែគាត់មួយទេ ដែលកិច្ចសន្យាសាកល្បងត្រូវបញ្ចប់ វាមានដល់ទៅ ៦២នាក់ក្នុងចំណោមនោះ យើងបញ្ចប់តែ ២នាក់ទេ»។
ប្រធានការិយាល័យការងារនៃមន្ទីរការងារខេត្តកំពង់ស្ពឺ លោក ចឹក បូរិន ឲ្យដឹងថា ខាងមន្ទីរបានហៅភាគីជម្លោះទាំងពីរទៅចរចាគ្នា កាលពីព្រឹកថ្ងៃទី១៨ មីនា តែភាគីទាំងពីរនៅមិនទាន់សះជាគ្នានៅឡើយ ដោយភាគីក្រុមហ៊ុនយល់ព្រមទទួល ៩ចំណុចដែលកម្មករទាមទារ លើកលែងតែការស្នើសុំឲ្យឈ្មោះ តុន ស៊ីតាក់ ចូលធ្វើការវិញ៖ «ការចរចាយើងបានសះជាចំនួន ១០ចំណុចហើយ យើងឯកភាពគ្នាហើយ។ ដល់ពេលនាយកក្រុមហ៊ុនមកដល់កន្លែង យើងផ្សះផ្សា និងពេលអ្នកបកប្រែគាត់បកប្រែចប់ គាត់អត់ឯកភាព ហើយដើរចេញពីតុចរចាតែម្តង»។
លោក ចឹក បូរិន បញ្ជាក់ថា លោកកំពុងរៀបចំឯកសារពាក់ព័ន្ធនឹងវិវាទនេះ បញ្ជូនទៅឲ្យក្រុមប្រឹក្សាអាជ្ញាកណ្ដាលដោះស្រាយ នៅថ្ងៃទី១៩ មីនា បន្ទាប់ពីខាងមន្ទីរការងារមិនអាចសម្របសម្រួលភាគីជម្លោះទាំងពីរ។
ប្រធានសម្ព័ន្ធសហជីពបញ្ជាក់ថា កម្មករនៅតែបន្តធ្វើបាតុកម្មនៅខាងមុខរោងចក្រទៀត រហូតខាងក្រុមហ៊ុនព្រមទទួលយកតំណាងកម្មករឲ្យចូលធ្វើការវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
