កម្មករជាង ៣០០នាក់នៃរោងចក្រកាត់ដេរ វីន ស៊ីងតិច (Win Shingtex) នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២១ ខែមីនា ប្រមូលផ្ដុំគ្នាតវ៉ាទាមទារសំណង បន្ទាប់ពីថៅកែរោងចក្រសម្រេចរំលាយកិច្ចសន្យាការងារមុនកាលកំណត់។
មន្ត្រីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលសម្របសម្រួលវិវាទនេះ ថ្លែងថា ការចរចារវាងភាគីពាក់ព័ន្ធមិនទាន់ទទួលដំណោះស្រាយនៅឡើយ ព្រោះមិនមានតំណាងថៅកែរោងចក្រចូលរួម។ មន្ត្រីនៃក្រសួងបញ្ជាក់ថា ការចរចារកដំណោះស្រាយ នឹងបន្តធ្វើនៅព្រឹកថ្ងៃទី២២ ខែមីនា ទៀតដោយមានវត្តមានមេធាវីរោងចក្រ។
បាតុកម្មរបស់កម្មកររោងចក្រ វីន ស៊ីងតិច (Win Shingtex) ជាង ៣០០នាក់ក្នុងចំណោមកម្មករសរុបជាង ៥០០នាក់ ធ្វើឡើងដោយហែក្បួនចេញពីខាងមុខរោងចក្រ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឆ្ពោះមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប៉ុន្តែត្រូវបានមន្ត្រីនៃក្រសួងនេះមកសម្របសម្រួល នៅពេលពួកគេហែក្បួនមកដល់ខាងមុខវត្តជម្ពូវ័ន។
ការតវ៉ារបស់កម្មករ ធ្វើឡើងបន្ទាប់ពីរោងចក្រ វីន ស៊ីងតិច ប្រកាសរំសាយកម្មករទាំងអស់កាលពីថ្ងៃទី៥ ខែមីនា ដោយលើកមូលហេតុថា រោងចក្រពុំអាចដំណើរការតទៅទៀត ព្រោះមិនទទួលបានការបញ្ជាទិញពីបរទេសសម្រាប់ឆ្នាំ២០១៦។
ភាគីកម្មករអះអាងថា ថៅកែរោងចក្របានរំលាយកិច្ចសន្យាការងាររបស់ពួកគេដោយមិនបានជូនដំណឹងជាមុន និងមិនបានផ្ដល់សំណងសមរម្យដល់ក្រុមកម្មករដែលត្រូវបានបញ្ឈប់ឡើយ។
លេខាធិការនៃសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) លោក ផាន ធា លើកឡើងថា ថៅកែរោងចក្រហាក់មិនមានឆន្ទៈផ្ដល់សំណងជូនកម្មករឡើយ។ លោកជំរុញឲ្យភាគីថៅកែរោងចក្រ ផ្ដល់សំណងឲ្យបានឆាប់រហ័ស ខណៈកម្មករកំពុងប្រឈមនឹងភាពខ្វះខាតក្នុងជីវភាព៖ «រំលាយកិច្ចសន្យាតាំងពីថ្ងៃទី៥ មក។ ឥឡូវមកដល់ថ្ងៃនេះ វាច្រើនថ្ងៃមកហើយដែរ តែអត់ទាន់ឃើញមានដំណោះស្រាយ។ អ៊ីចឹងយើងមានតែជំរុញ ឲ្យខាងអ្នកកាសែត និងបងៗខាងសមត្ថកិច្ចដែលពាក់ព័ន្ធ ខាងក្រសួងការងារហ្នឹងឲ្យជួយជំរុញទៅខាងនិយោជកវិញ»។
ឆ្លើយតបនឹងការបារម្ភរបស់កម្មករ ប្រធានរដ្ឋបាលរោងចក្រ វីន ស៊ីងតិច អ្នកស្រី ម៉ី ស៊ីលីនដា ដែលមានវត្តមានក្នុងការចរចាកាលពីព្រឹកថ្ងៃទី២១ ខែមីនា ឲ្យដឹងថា ថៅកែរោងចក្រកំពុងចាត់ចែងការទូទាត់សំណងជូនកម្មករទាំងអស់៖ «ចាសបង! យើងនឹងរកដំណោះស្រាយទៀត។ រោងចក្រនេះ Head Office (ការិយាល័យកណ្ដាល) នៅហុងកុង។ គាត់មានតំណាងមេធាវីរបស់គាត់ជាអ្នកដោះស្រាយ ដល់អ៊ីចឹង ខាងខ្ញុំជាប្រធានរដ្ឋបាលពិតមែន តែខ្ញុំអត់អាចឆ្លើយអីបានទេបង»។
អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញា នៃក្រសួងការងារ លោក វង្ស សុវណ្ណ ដែលសម្របសម្រួលក្នុងវិវាទនេះ មានប្រសាសន៍ថា ក្រសួងនឹងបន្តដោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀត នៅព្រឹកថ្ងៃទី២២ ខែមីនា ដោយមានមេធាវីតំណាងរោងចក្រចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
