​២០១២​ជា​ឆ្នាំ​ដែល​មាន​កូដកម្ម​ច្រើន​​បំផុត​លើ​វិស័យ​កាត់ដេរ

0:00 / 0:00

ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​រក​ឃើញ​ថា ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ គិត​ពី​ឆ្នាំ​២០០៣ ដល់​ខែ​មីនា ឆ្នាំ​២០១៣ វិវាទ​ដែល​ផ្ទុះ​ឡើង​បណ្ដាល​មក​ពី​ប្រាក់​ឈ្នួល​ទាប និង​អត្ថប្រយោជន៍​ផ្សេងៗ មាន​ជាង ៨០០​ករណី​នៅ​ទូទាំង​ប្រទេស។ ក្នុង​នោះ ឆ្នាំ​២០១២ ត្រូវ​គេ​មើល​ឃើញ​ថា គឺ​ជា​ឆ្នាំ​ដែល​អាក្រក់​បំផុត ដែល​មាន​កូដកម្ម​កើត​ឡើង​ញឹកញាប់ បើ​ប្រៀបធៀប​ទៅ​នឹង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

ជម្លោះ​កើត​ចេញ​ពី​ទំនាស់​នានា រវាង​កម្មករ និយោជិត និង​ភាគី​រោងចក្រ ត្រូវ​គេ​ចាត់​ទុក​ថា បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​នៅ​ក្នុង​វិស័យ​ឧស្សាហ៍​កាត់ដេរ និង​ជា​​ចំណុច​ដែល​​គណបក្ស​នយោបាយ​ទំនង​នឹង​ប្រើប្រាស់​ដើម្បី​ជា​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​កម្មវិធី​នយោបាយ​របស់​ខ្លួន​ផង​នៅ​មុន​ការ​បោះ​ឆ្នោត​សកល​ខាង​មុខ។

ចំណែក​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ដែល​ជា​ស្ថាប័ន​មួយ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធ​តុលាការ​វិញ គិត​ថា ខ្លួន​បាន​រួម​ចំណែក​ដ៏​ចាំបាច់​ក្នុង​ការ​បញ្ចប់​ទំនាស់​ដោយ​ជោគជ័យ​ប្រមាណ ៨០​ភាគរយ ក្នុង​រយៈពេល​ជិត ១០​ឆ្នាំ កន្លង​ទៅ​នេះ។

អភិបាល​នៃ​​ក្រុមប្រឹក្សាភិបាល​មូលនិធិ​អាជ្ញា​កណ្ដាល លោក លី តៃសេង មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជា​ស្ថាប័ន​រដ្ឋ​ឯករាជ្យ​មួយ ដែល​មាន​ចែង​នៅ​ក្នុង​​ច្បាប់​ស្ដីពី​ការងារ ហើយ​អង្គភាព​មួយ​នេះ មាន​តួនាទី​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​រវាង​កម្មករ និយោជិត សហជីព និង​ថៅកែ​រោងចក្រ ដែល​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន​នៅ​កម្ពុជា។

លោក​បន្ត​ថា៖ «ក្រុមប្រឹក្សា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ តាម​ទម្រង់​សមាសភាព​ត្រី​ភាគី​ដោយ​ប្រកាស​របស់​ក្រសួង​ទទួល​បន្ទុក​វិស័យ​ការងារ និង​មាន​ការ​គាំទ្រ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ។ ក្នុង​គោលដៅ​ជួយ​ជំរុញ​ប្រទេស​កម្ពុជា ឲ្យ​មាន​ភាព​រីក​ចំរើន​ខាង​ផ្នែក​សេដ្ឋកិច្ច និង​យុត្តិធម៌​សង្គម»

ទោះ​ជា​បែប​ណា សន្និសីទ​កាសែត​ថ្នាក់​ជាតិ​ស្ដីពី​ទំនាក់ទំនង​វិជ្ជាជីវៈ​ដែល​រៀបចំ​ឡើង​នៅ​សណ្ឋាគារ សាន់វ៉េ (Sunway) កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ធ្វើ​ឡើង​​ក្នុង​ន័យ​ដើម្បី​ពិនិត្យ​ឡើង​វិញ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ក្នុង​រយៈពេល ១០​ឆ្នាំ​កន្លង​ទៅ និង​ដើម្បី​កែលំអ​បន្ថែម​ទៀត ធ្វើ​យ៉ាង​ឲ្យ​ស្ថាប័ន​មួយ​នេះ​ប្រព្រឹត្ត​ទៅ​ទទួល​បាន​ការ​ជឿ​ទុក​ចិត្ត​ក្នុង​ការ​សម្រេច​សេចក្ដី​របស់​ខ្លួន។

លោក អ៊ុំ មាន រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ចូល​រួម​គម្រប់​ខួប ១០​ឆ្នាំ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែរ​នោះ និយាយ​ថា គិត​មក​ដល់​ពេល​នេះ ស្ថាប័ន​រដ្ឋ​ជំនាញ​មួយ​នេះ​ហាក់​ធ្វើ​ដំណើរ​ក្នុង​ភាព​វិជ្ជមាន​របស់​ខ្លួន​ប្រសើរ​ឡើង នោះ​បើ​គេ​ធៀប​ក្នុង​រយៈ​ដូច​គ្នា​កាល​ពី​មុន។ លោក​គិត​ថា បើ​ទោះ​ជា​វិវាទ​ហាក់​ឃើញ​ទំហំ​ធំ​នៅ​ពេល​នេះ​ក៏​ពិត​មែន​ចុះ ប៉ុន្តែ​ថា នោះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​នៃ​រូបភាព​ប៉ុណ្ណោះ។

លោក​បន្ត​ថា តាម​រយៈ​យន្តការ​ក្នុង​ការ​ផ្សះផ្សា​វិវាទ​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​នេះ កូដកម្ម និង​បាតុកម្ម​ត្រូវ​រួម​តួច៖ «ក្នុង ១០​ឆ្នាំ​កន្លង​មក​នេះ គឺ​មាន​ថយ​ចុះ។ ម្យ៉ាង​ដោយ​បងប្អូន​យល់​ដឹង​ច្បាប់​ស្តី​អំពី​ការងារ និង​ច្បាប់​ផ្សេងៗ​ទៀត។ ទី​ពីរ គឺ​យើង​បាន​ធ្វើ​ការ​ជួបជុំ​គ្នា​ដើម្បី​ធ្វើ​សិក្ខាសាលា ដើម្បី​យល់​ដឹង​ពី​បញ្ហា​វិវាទ​ការងារ ក៏​ដូច​ជា​ការ​សិក្សា​អំពី​ច្បាប់។ ហើយ​ជាពិសេស​នោះ គឺ​យើង​បាន​លើក​ឡើង​អំពី​ផល ឬ​មួយ​ថា សារប្រយោជន៍​នៃ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ​ឯង»

នៅ​ក្នុង​លិខិត​ដែល​ចែក​ដល់​ដៃ​អ្នក​សារព័ត៌មាន​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ឲ្យ​ដឹង​ថា រយៈពេល​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ កម្ពុជា​កំពុង​ដំណើរការ​លើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ និង​សំលៀក​បំពាក់​ជាង ៧០០​រោងចក្រ​នៅ​ទូទាំង​ប្រទេស ហើយ​កំពុង​ទាញ​យក​យក​កម្លាំង​ពលកម្ម​ពី​វិស័យ​ទាំង​នេះ ប្រមាណ​ជាង​កន្លះ​លាន​នាក់។

នាយក​គ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លោក អាលាសាន់ សយ៍ (Alassane Sow) ថ្លែង​ថា ដើម្បី​ធានា​នៅ​សុក្រឹតភាព ឬ​ភាព​ត្រឹមត្រូវ និង​ជំនឿ​ទុក​ចិត្ត​ពី​អ្នក​ប្រើប្រាស់​សេវា ដ៏​ដរាបណា​ស្ថាប័ន​នេះ​អនុវត្ត​គោលការណ៍​អព្យាក្រឹត និង​ឈរ​លើ​គោលជំហរ​ឯករាជ្យ។ ក៏ប៉ុន្តែ​លោក​គិត​ថា អ្វី​ដែល​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បំពេញ​បេសកកម្ម​របស់​ខ្លួន​ក្នុង​ពេល​កន្លង​ទៅ​​ហាក់​ទទួល​បាន​ការ​សាទរ​ជា​ជាង​អ្វី​ដែល​ស្ថាប័ន​នេះ​មាន​កំហុស។

លោក​បន្ត​ថា៖ «ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺ​ជា​ស្ថាប័ន​មួយ​ទទួល​ជំនួយ​ក្នុង​ការ​រួម​ចំណែក​ដើម្បី​ពង្រឹង​អភិបាល​ល្អ ដែល​ជា​ធាតុ​ដ៏​សំខាន់ និង​ធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​ធានា​ពី​ឯករាជ​ភាព​របស់​ខ្លួន​ចំពោះ​ការ​សម្រេច​សេចក្ដី ហើយ​រចនាសម្ព័ន្ធ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល គឺ​ជា​ការ​ផ្សព្វផ្សាយ​ពី​គុណភាព និង​ការ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ចូលរួម»

ចំណែក​តម្លៃ​នៃ​ការ​នាំ​ចេញ​សំលៀកបំពាក់ និង​វាយនភណ្ឌ​សរុប​ជាង ៤​ពាន់​លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ឆ្នាំ​២០១២។ តួលេខ​នេះ បាន​កើន​ឡើង​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៣ ដែល​តម្លៃ​សរុប​ក្នុង​ការ​នាំ​ចេញ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​នោះ។

លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​ថា គេ​មិន​គួរ​សាទរ​អ្វី​ដែល​បាន​កើន​ឡើង​តាម​រយៈ​កំណើន​នៃ​ការ​នាំចេញ​ដ៏​ច្រើន​លើសលប់​នេះ​ទេ។ លោក​បន្ត​ថា ប្រសិន​បង្វែរ​លុយ​ដែល​បាត់បង់​ដោយ​ពី​អំពើ​ពុករលួយ​តាម​រយៈ​គយ ក្នុង​មួយ​ឆ្នាំ​ជិត ២​ដង​នៃ​ការ​នាំ​ចេញ​ទៅ​ជា​ប្រាក់​ខែ​កម្មករ​វិញ​នោះ ទើប​ចាត់​ទុក​ថា វា​ជា​តុល្យភាព​នៃ​កំណើន​សេដ្ឋកិច្ច​មួយ​ដ៏​ពិត​ប្រាកដ និង​ស៊ី​ជម្រៅ​ទៅ​បាន។

លោក ជា មុនី បន្ត​ថា៖ «ឧស្សាហកម្ម​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា មាន​កំណើន​រហូត​ទៅ​ដល់ ៤​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ផល​ដែល​ទទួល​បាន​​ឲ្យ​កម្មករ គឺ​ទទួល​បាន​តែ​ប្រាក់​ខែ​ក្នុង​មួយ​ខែ ក្នុង​មួយ​ថ្ងៃ​មួយ​ម៉ឺន​រៀល។ អ៊ីចឹង​ក្នុង​នោះ​យើង​រក​ឃើញ​ថា ការ​ចំណាយ​របស់​រោងចក្រ សហគ្រាស​ហ្នឹង​ឯង​ទៅ​លើ​គយ​ហ្នឹង គឺ​មាន​ចំនួន ២​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ អ៊ីចឹង​ចំណាយ​ក្រោម​តុ ២​ពាន់​លាន​ដុល្លារ។ បើ​យើង​យក​ចំណាយ​ពុករលួយ​ទាំង​អស់​ហ្នឹង យក​មក​ដំឡើង​ឲ្យ​កម្មករ កម្មករ​ទទួល​បាន​ប្រាក់​បៀវត្ស​គោល​ក្នុង​ម្នាក់ ១៨០​ដុល្លារ»

ការ​វាយ​តម្លៃ​ពាក់​កណ្ដាល​គម្រោង ឬ Mid Line Evaluation របស់​វិទ្យាស្ថាន​ឯករាជ្យ​សម្រាប់​ការ​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​សម្រាប់​ការ​អភិវឌ្ឍ​នៃ​ប្រទេស​កម្ពុជា (CDRI) កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាល​រក​ឃើញ​ថា ៩៣​ភាគរយ នៃ​អ្នក​ប្រើប្រាស់​សេវា​មាន​ទំនុក​ចិត្ត​លើ​ឯករាជភាព និង​ប្រសិទ្ធភាព​ចំពោះ​ការ​កាត់​ក្ដី​នៅ​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល។

ប្រតិកម្ម​​នឹង​លើក​ឡើង​នេះ ត្រូវ​បាន​លោក ជា មុនី ចាត់​ទុក​ថា យ៉ាង​ណា​ក៏​ដោយ​ចុះ​យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នេះ នៅ​មិន​ទាន់​រាប់​ថា ជា​សេចក្ដី​សម្រេច​ចុង​ក្រោយ​នៅ​ឡើយ​ទេ។ ក្នុង​ន័យ​នេះ​លោក​គិត​ថា ព្រោះ​អ្វី​ដែល​ស្ថាប័ន​មួយ​នេះ​អនុវត្ត​កន្លង​ទៅ គឺ​ពុំ​មែន​ជា​ការ​បញ្ចប់​ទៅ​នៃ​វិវាទ និង​ថា បាន​ប្រើប្រាស់​ពេល​វេលា​កាត់​ក្ដី​ដ៏​យូរ ដែល​នាំ​ឲ្យ​បាត់បង់​ផលប្រយោជន៍​របស់​កម្មករ។

លោក ជា មុនី បន្ត​ថា៖ «វា​មិន​ទាន់​ជោគជ័យ ឬ​កម្រិត​មួយ ដែល​អាច​ឲ្យ​ខាង​ភាគី​កម្មករ​ហ្នឹង​ទទួល​យក​បាន​ទេ។ ព្រោះ​ភាគី​កម្មករ​ជួល​កាល​ថា គាត់​ត្រូវ​បាន​ខាតបង់​នៅ​ពេល​ដែល​ការ​កាត់​សេចក្ដី​ហ្នឹង គឺ​កាត់​សេចក្ដី មិន​បាន​ទៅ​ហ្នឹង​ពហុ​ប្រយោជន៍​របស់​គាត់។ អ៊ីចឹង​គាត់​ថា បើ​អត់​បាន​ពហុ​ប្រយោជន៍​គាត់​ថា​ខាត។ ក៏​ប៉ុន្តែ​ខាង​និយោជក​វិញ ក៏​គាត់​ត្អូញត្អែរ​ដែរ​ថា វិវាទ​ដែល​កើត​ឡើង​ធ្វើ​ឲ្យ​គាត់​ខាត​បង់​ទៅ​នឹង​ការ​ចំណាយ​ទៅ​លើ​ស្ថាប័ន​ផ្សេងៗ»

ក៏​ប៉ុន្តែ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​បង្ហាញ​ក្នុង​របាយការណ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២១ ឧសភា ថា ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ទទួល​ដោះស្រាយ​សំណុំ​រឿង​វិវាទ​ការងារ​បាន​ជាង ១​ពាន់​សំណុំ​រឿង​ដែល​គ្រប​ដណ្ដប់​លើ​កម្មករ​និយោជិក​ជាង ៦០​ម៉ឺន​នាក់​ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​សំណុំ​រឿង​ទាំង​នេះ​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស​ជា​ទូទៅ​ក្នុង​រយៈពេល​ត្រឹម ១៥​ថ្ងៃ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។