អ្នក​នយោបាយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​បន្ថែម​ទៀត

0:00 / 0:00

ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​​ទាំង​ពីរ​នៅ​តែ​ស្នើ​បន្ត​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ទាំង​អស់​ត្រូវ​តែ​​ស្វែង​រក​លទ្ធភាព​បញ្ចុះ​តម្លៃ​ប្រេង​សាំង​ជា​បន្ត​ទៀត។ ប៉ុន្តែ​បញ្ហា​​នៃ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នេះ មេ​ដឹក​នាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង ​ក៏​បាន​​បញ្ចូល​សារ​នយោបាយ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​​ពី​ប្រជាពលរដ្ឋ​ ​រៀងៗ​ខ្លួន ឬ​មាន​ន័យ​ថា ក្រោម​ការ​ដឹក​នាំ​របស់​ពួក​គេ ធ្វើ​ឲ្យ​សាំង​ធ្លាក់​ថ្លៃ។

ទាំង​លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មក​ពី​បក្ស​កាន់​អំណាច គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក សម រង្ស៊ី ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រេង​ឥន្ធនៈ​​ ដែល​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា ចំនួន ៧​ក្រុមហ៊ុន​ ត្រូវ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​របស់​​ខ្លួន ស្រប​ពេល​ដែល​តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក។

ប៉ុន្តែ​លោក សម រង្ស៊ី ហាក់​បន្ទោស​​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​​ ដែល​ដឹក​នាំ​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា​មាន​ឆន្ទៈ​តិច​តួច​ក្នុង​ការ​ស្វែង​រក​លទ្ធភាព​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា។

​​លោក​សម រង្ស៊ី មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​​១៨ មករា ថា ​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​មិន​បាន​នោះ ដោយ​សារ​តែ​ម្ចាស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ភាគ​ច្រើន​ស្និទ្ធ​​នឹង​​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល ឬ​មាន​ន័យ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា ទុក​ឱកាស​​​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ទាំង​នោះ ស្វែង​រក​​លទ្ធភាព​រក​ប្រាក់​​ចំណេញ​ខ្ពស់​តាម​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន៖ «រដ្ឋាភិបាល​អត់​រវល់​ទេ ប្រហែល​ជា​គ្នា​គេ ​ក្រុម​ហ៊ុន​ប្រេងសាំង​ជា​របស់​គ្នា​គេ ហើយ​​គេ (រដ្ឋាភិបាល) មិន​ចង់​យក​រឿង​ហ្នឹង​មក​និយាយ»

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា​ ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​មិន​បាន​ ដោយ​សារ​តែ​ការ​ទិញ​ស្តុក​​ពី​មុន​វា​មិន​មាន​តម្លៃ​ខ្ពស់ តែ​នៅ​​ពេល​នេះ ​លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​​​ទាំង​អស់​ មិន​អាច​យក​លេស​នេះ​មក​​​​កំណត់​​តម្លៃ​លក់​ទៀត​នោះ​ទេ ព្រោះ​និន្នាការ​នៃ​តម្លៃ​លក់​ប្រេង​សាំង​នៅ​លើ​ពិភពលោក បាន​បន្ត​ធ្លាក់​ថ្លៃ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ លោក​​ទទូច​ឲ្យ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​​ គួរ​បញ្ចុះ​តម្លៃ​លក់​ប្រេង​សាំង​របស់​ខ្លួន​ដោយ​កុំ​លក់​យក​ចំណេញ​កប់​ក្ដោង​ពេក ជា​ពិសេស​ក្រុមហ៊ុន​​វិនិយោគ​ប្រេង​ឥន្ធនៈ​មក​ពី​​បរទេស៖ «ក្នុង​ស្រុក​ក៏​ដោយ ក្រៅ​ស្រុក​ក៏​ដោយ សូម​មេត្តា​ពិនិត្យ​មើល​លទ្ធភាព​បញ្ជុះ​តម្លៃ​ប្រេង​សាំង​ឡើង​វិញ ព្រោះ​សាំង​ទិញ​មក​មុន វា​ល្មម​អស់​ហើយ កុំ​លក់​យក​ចំណេញ​ច្រើន​ពេក»

​បញ្ហា​នេះ​ ក្រុមហ៊ុន​ប្រេង​សាំង​បរទេស​មួយ​ចំនួន​​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​បន្ថែម​លើ​លទ្ធភាព​បញ្ចុះ​តម្លៃ​សាំង​​​ ដោយ​សារ​ក្រុមហ៊ុន​ទាំង​នោះ​អះអាង​ថា​ ពួក​គេ​កំពុង​ជាប់​រវល់​បិទ​បញ្ជី​ចំណូល​ចំណាយ​​​របស់​ក្រុមហ៊ុន​ប្រចាំ​ឆ្នាំ​២០១៤។

ទោះ​​ជា​យ៉ាង​ណា​ក៏​ដោយ ​ការ​ស្នើ​សុំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ លោក សម រង្ស៊ី កន្លង​ទៅ​ ក៏​បាន​ជំរុញ​ឲ្យ​ថ្លៃ​សាំង​នៅ​កម្ពុជា ធ្លាក់​ថ្លៃ​​ជាង ២០% ដោយ​គិត​ចាប់​តាំង​ពី​ខែ​​តុលា ឆ្នាំ​២០១៤​ រហូត​ដល់​ខែ​មករា ឆ្នាំ​២០១៥ ស្រប​ពេល​តម្លៃ​ប្រេង​ឆៅ​នៅ​លើ​​ទីផ្សារ​អន្តរជាតិ ធ្លាក់​ថ្លៃ​ជាង ៥០%។

ការ​ធ្លាក់​ថ្លៃ​ប្រេង​សាំង​ប្រមាណ ២០% ពេល​បច្ចុប្បន្ន អ្នក​នយោបាយ​​តែង​យក​លេស​ថា ដោយ​សារ​តែ​បទ​អន្តរាគមន៍​របស់​គេ​រៀង​ខ្លួន ឬ​​​​​​គេ​ចង់​បង្ហាញ​គណបក្ស​នយោបាយ​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ធ្វើ​ការ​ងារ​ដើម្បី​ផល​ប្រយោជន៍​​ប្រជាពលរដ្ឋ និង​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន​យល់​ឃើញ​ថា ប្រេង​នៅ​លើ​ពិភពលោក​ចុះ​ថោក ហើយ​​ថ្លៃ​សាំង​នៅ​កម្ពុជា ចុះ​ថោក​ដែរ វា​គឺ​ជា​រឿង​ធម្មតា។ ប៉ុន្តែ ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​​ណា​មួយ​អាច​​ធ្វើ​ឲ្យ​សាំង​​​នៅ​កម្ពុជា លក់​ថោក នៅ​​​​​ពេល​ដែល​ថ្លៃ​សាំង​ពិភពលោក​​ឡើង​ថ្លៃ​វិញ ទើប​​​ ចាត់​​ទុក​ថា គណបក្ស​នយោបាយ​នោះ​​​ស្រឡាញ់​ជាតិ និង​ប្រជាពលរដ្ឋ​ពិត​ប្រាកដ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។