លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មគណនាជុំវិញតម្លៃប្រេងឥន្ធនៈ ដើម្បីដោះស្រាយបញ្ហាលក់និងចែកចាយសាំងនៅតាមស្ថានីយនានា ដែលចេះតែដំឡើងនិងបញ្ចុះតម្លៃប្រេងសាំងស្រេចតែនឹងចិត្ត។
ថ្លែងក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី១៩ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកនឹងជួបពិភាក្សាជាមួយម្ចាស់ក្រុមហ៊ុនលក់ប្រេងឥន្ធនៈ ដើម្បីកំណត់និងដោះស្រាយបញ្ហា ដែលម្ចាស់អាជីវកម្មចេះតែដំឡើងនិងបញ្ចុះតម្លៃដោយគ្មានគោលការណ៍ជាក់លាក់នោះ៖ «ប្រយ័ត្នចុះមួយរយរៀលមុនភ្ជុំ ឡើងបីរយរៀលក្រោយភ្ជុំណា។ កុំ។ ប៉ុន្តែរឿងដែលគួរឲ្យចង់សើចវានៅកន្លែងនេះ លឺសូរតែប្រេងឡើងថ្លៃនៅក្រុងឡុងដ៏នៅញូយ៉ក ភ្លាមឡើងថ្លៃប្រេងនៅភ្នំពេញ។ អាឡើងចុះកុំឲ្យតាមវ៉ាល់របស់ខ្លួននៅភ្នំពេញ។ យោគយល់បាននៅពេលដែលមួយប៉ារ៉ែល៥៥ ដល់គេចុះមក៥០ខ្លួនមិនទាន់ចុះបានទេនៅប៉ុន្មានថ្ងៃដំបូង ដោយសារតែខ្លួនដឹកអា៥៥មកស្តុកនឹងយោគយល់បាន។ ប៉ុន្តែរឿងយោគយល់មិនបាននៅត្រង់នេះ ដល់ប្រេងឡើងដល់៦០គាត់ដំឡើងនៅទីនេះភ្លាម ក្នុងពេលដែលគាត់អត់ទាន់បានឡើងតែមួយដំណក់។ គឺខ្ញុំនឹងត្រូវធ្វើការផ្ទាល់ហៅមេធំៗទៅជួប»។
នៅអំឡុងខែតុលា ក្រុមហ៊ុនលក់ប្រេងសាំងភាគច្រើនបានបញ្ចុះថ្លៃលក់ជូនអតិថិជន។ ក្នុងមួយលីត្រមានតម្លៃជិត៤ពាន់រៀល។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៥នេះ ក្រុមហ៊ុនចែកចាយប្រេងសាំងភាគច្រើនបានយល់ព្រមបញ្ចុះថ្លៃតាមសំណើរបស់រដ្ឋាភិបាលក្នុងការកំណត់តម្លៃឲ្យបានសមរម្យតាមការប្រែប្រួលតម្លៃប្រេងសាំងក្នុងទីផ្សារពិភពលោក។
ការអនុវត្តរបស់ក្រុមហ៊ុនទាំងនេះបានធ្វើឡើងឆ្លើយតបនឹងការសន្យារបស់ខ្លួនក្នុងជំនួបដែលដឹកនាំដោយក្រសួងពាណិជ្ជកម្ម ទាក់ទងនឹងយន្តការកំណត់តម្លៃប្រេងឲ្យបានសមរម្យ ខណៈតម្លៃលើទីផ្សារប្រេងអន្តរជាតិធ្លាក់ចុះយ៉ាងគំហុក នៅរយៈពេល ២ខែចុងក្រោយ ដោយធ្លាក់ដល់ក្រោម ៥០ដុល្លារ ក្នុងមួយបារ៉ែល (ប្រមាណ ១១៩លីត្រ) ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
