តម្លៃប្រេងសាំងនៅកម្ពុជា តាមស្ថានីយមួយចំនួន បានបញ្ចុះតម្លៃលក់រាយមកនៅក្រោម ៤ពាន់រៀលក្នុង១លីត្រ ចាប់ពីថ្ងៃទី២១ មករា តទៅ បន្ទាប់ពីមានការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២០ មករា។
សេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ក្រោយជំនួបរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល ជាមួយតំណាងក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈធំៗនៅកម្ពុជា បានបញ្ជាក់ថា ក្រសួងនឹងបន្តស្នើឲ្យប្រតិបត្តិករទាំងនោះជួបប្រជុំជារៀងរាល់ ១០ថ្ងៃម្ដង ដើម្បីពិនិត្យមើលតម្លៃប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីធានាថាតម្លៃប្រេងលើពិភពលោក និងនៅកម្ពុជា មានតម្លៃសមស្រប។
តែក្រុមហ៊ុនចែកចាយសាំងបរទេសមួយចំនួនទៀត នឹងបញ្ជាក់ពីការបញ្ចុះតម្លៃតាមការស្នើសុំរបស់ក្រសួងពាណិជ្ជកម្ម បន្ទាប់ពីទទួលបានការឯកភាពពីថ្នាក់ដឹកនាំប្រចាំតំបន់របស់ខ្លួន។
តម្លៃប្រេងសាំងនៅកម្ពុជា បានចាប់ផ្ដើមបញ្ចុះតម្លៃជាបន្តបន្ទាប់ បន្ទាប់ពីប្រមុខរដ្ឋាភិបាល និងបក្សប្រឆាំង ចេញមុខអំពាវនាវឲ្យក្រុមហ៊ុនសាំងទាំងនោះបញ្ចុះតម្លៃលក់រាយរបស់ខ្លួន នៅស្របពេលដែលតម្លៃប្រេងឆៅនៅលើពិភពលោករបស់អង្គការប្រទេសផលិតប្រេងដែលហៅកាត់ថា អូប៉ិច (OPEC) បានធ្លាក់ចុះមកត្រឹមតែជាង ៤៣ (៤៣,០៤) ដុល្លារក្នុងមួយបារ៉ែល (សមាមាត្រនឹង ១៦០លីត្រក្នុង១ធុង) គិតត្រឹមថ្ងៃទី២០ មករា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
