កម្មករ​រោងចក្រ​ជីម​លី​ជាង​២​ពាន់​នាក់​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ

0:00 / 0:00

ថ្វី​ត្បិត​តែ​ថ្មីៗ​នេះ ក្រុម​ប្រឹក្សា​ការងារ​បាន​សម្រេច​ផ្ដល់​ប្រាក់​ខែ​អប្បបរមា​ចំនួន ១២៨​ដុល្លារ សម្រាប់​ឆ្នាំ​២០១៥ ដែល​តួលេខ​នេះ​មើល​ទៅ​ហាក់​ខ្ពស់​ជាង​ឆ្នាំ​មុនៗ​ក្ដី ក៏​សកម្មភាព​នៃ​ការ​តវ៉ា​របស់​កម្មករ​នៅ​តាម​រោងចក្រ នៅ​តែ​មិន​ថមថយ​ឡើយ។

ទាក់ទិន​រឿង​នេះ កម្មករ​ជាង ២.០០០​នាក់​នៅ​រោងចក្រ ជីម លី (Ghim Li) បាន​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​លក្ខខណ្ឌ​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ជាពិសេស​ជំរុញ​ឲ្យ​ភាគី​រោងចក្រ ត្រូវ​ឲ្យ​បុគ្គលិក​ផ្នែក​ជាង​ម៉ាស៊ីន​ម្នាក់​ដែល​បាន​បញ្ឈប់​ចូល​ធ្វើ​ការ​ឡើង​វិញ។

កម្មករ​ប្រមាណ ២.០០០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​រោងចក្រ ជា​ទី​ដែល​ពួក​គេ​កំពុង​បំពេញ​ការងារ​ក្នុង​វិស័យ​កាត់​ដេរ ដើម្បី​ជំរុញ​ឲ្យ​ភាគី​រោងចក្រ​ផ្ដល់​អត្ថប្រយោជន៍​មួយ​ចំនួន ដែល​ក្រុម​កម្មករ​ចាត់​ទុក​ថា រហូត​មក​ដល់​ពេល​នេះ ខាង​រោងចក្រ​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​តាម​ច្បាប់​ការងារ​នៅ​ឡើយ​ទេ។

រោងចក្រ​ឈ្មោះ ជីម លី ដែល​កម្មករ​ធ្វើ​បាតុកម្ម​នៅ​ពេល​នេះ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ស្រប​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ ផ្នែក​ខាង​លិច​ជាយ​រាជធានី​ភ្នំពេញ។

បាតុកម្ម​ផ្ទុះ​ឡើង​ដែល​មាន​ទ្រង់ទ្រាយ​ធំ​ជា​លើក​ដំបូង​នៅ​ពេល​នេះ គឺ​កើត​ឡើង​ក្រោយ​ពី​កិច្ច​ប្រជុំ​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ ទើប​តែ​បាន​បញ្ចប់​ការ​ខ្វែង​គំនិត​គ្នា ពាក់ព័ន្ធ​ការ​ដំឡើង​ប្រាក់​ខែ​កម្មករ​ក្នុង​ឆ្នាំ​២០១៥ កាល​ពី​ពេល​ថ្មីៗ​នេះ។

លោកស្រី សួស លាព ដែល​ជា​កម្មការិនី​ម្នាក់​ក្នុង​ចំណោម​កម្មករ​ប្រមាណ ២​ពាន់​នាក់​នៃ​រោងចក្រ ជីម លី ឲ្យ​ដឹង​ថា មូលហេតុ​ដែល​ពួក​គេ​តវ៉ា​នេះ ដោយសារ​ភាគី​រោងចក្រ​ខកខាន​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់​ការងារ​របស់​ប្រទេស​កម្ពុជា។ លោកស្រី​បន្ត​ថា ភាគី​រោងចក្រ​ក្រៅ​ពី​មិន​បាន​ឆ្លើយ​តប​ទៅ​តាម​ច្បាប់​ការងារ​ហើយ ថែម​ទាំង​បាន​បញ្ឈប់​បុគ្គលិក​ផ្នែក​ជាង​ម៉ាស៊ីន​ដោយ​គ្មាន​ហេតុផល​ទៀត​ផង៖ «តវ៉ា​ឃើញ​ថា​រោងចក្រ​គេ​នៅ​ជិត​ហ្នឹង​គេ​មាន​លុយ​បាយ​ថ្ងៃ​ត្រង់ ហើយ​និង​មាន​លុយ​ឡាន​អី​លុយ​ធ្វើ​ដំណើរ​ហ្នឹង​លើស​ពី​រោងចក្រ​ខ្ញុំ ហើយ​និង​តវ៉ា​មួយ​ទៀត តាំង​ពី​ដូរ​រដ្ឋបាល​ថ្មី​នេះ​មក ច្បាប់​កែប្រែ​រហូត។ តាំង​ពី​អ្នក​មាន​ផ្ទៃពោះ តាំង​ពី​ការ​កោត​កាត់ ហូប​អាហារ​ពេល​ព្រឹក​តឹងតែង​ពេល​មុន​ឆ្ងាយ​ណាស់។ ឥត​ដូច​រដ្ឋបាល​មុន​ទេ។ អ៊ីចឹង​ហើយ​ពួក​ខ្ញុំ​មាន​ការ​ឈឺ​ចាប់ មាន​ការ​តវ៉ា ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ ជីម លី ហ្នឹង»

បន្ថែម​ពី​លើ​នេះ ការ​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា បើ​ទោះ​ជា​ដឹង​ថា​ឋិត​ក្រោម​កម្ដៅ​ថ្ងៃ​ក៏ដោយ ក៏​ក្រុម​កម្មករ​បាន​ក្រាញ​ននៀល​មិន​ចាក​ចេញ​ដែរ រហូត​ដល់​ម៉ោង​រំសាយ​ជិត​បាយ​ថ្ងៃ​ត្រង់។ លក្ខខណ្ឌ​មួយ​ចំនួន​ដែល​កម្មករ​ទាមទារ ក្នុង​នោះ​រួម​មាន ស្នើ​ឲ្យ​ភាគី​រោងចក្រ​ទទួល​យក លោក សេស ពិសី ជា​ជាង​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​មុន​បុណ្យ​អុំ​ទូក​បាន​ចូល​ធ្វើ​ការ​វិញ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​បាយ​ថ្ងៃ​ត្រង់​ម្នាក់ ៤​ពាន់​រៀល ហើយ​ស្នើ​ឲ្យ​រោងចក្រ​ផ្ដល់​លុយ​ថ្លៃ​ធ្វើ​ដំណើរ ឬ​ថ្លៃ​ស្នាក់នៅ​ចំនួន ១៥​ដុល្លារ​ក្នុង​មួយ​ខែ ស្នើ​ឲ្យ​រោងចក្រ​ផ្ដល់​លុយ​ព្រីម​ចំនួន ១៨​ដុល្លារ​ក្នុង​មួយ​ខែ និង​ស្នើ​ឲ្យ​បើក​ប្រាក់ ៥​ភាគរយ​ដល់​កម្មករ​និយោជិត​ណា​ចប់​កិច្ចសន្យា​ការងារ។ លើស​ពី​នេះ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បើក​លុយ ៥០​ភាគរយ​បី​ខែ​មុន​ដល់​ស្ត្រី​ដែល​ដាក់​ច្បាប់​ឈប់​សម្រាក​សម្រាល​កូន។ ជាង​នេះ​ទៀត ស្នើសុំ​ឲ្យ​រោងចក្រ​រៀបចំ​ទីតាំង​ដាក់​កង់ និង​ម៉ូតូ​ឲ្យ​បាន​សមរម្យ ជាពិសេស​ជំរុញ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ម៉ោង​ធ្វើ​ការ​តាម​គោលការណ៍​ចាស់។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ព្រមាន​ថា បើ​សំណើ​នេះ​មិន​ត្រូវ​បាន​ភាគី​រោងចក្រ​ដោះស្រាយ​ទេ លោក​នឹង​ដឹក​នាំ​ចលនា​កម្មករ​ធ្វើ​យុទ្ធនាការ​តវ៉ា លុះត្រា​មាន​ដំណោះស្រាយ៖ «ខ្ញុំ​គាំទ្រ​ពួក​គាត់​ទាំង​ស្រុង។ បើ​ទោះ​បី​ការ​ទាមទារ​របស់​ពួក​គាត់​មាន​លក្ខណៈ​ប្រសើរ​ជាង​ច្បាប់​ក៏ដោយ ហើយ​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​ពួក​គាត់ លុះត្រា​ដល់​ទី​បញ្ចប់។ ហើយ​ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​ឲ្យ​ពួក​គាត់​ទេ នោះ​ខ្ញុំ​នឹង​ដឹក​នាំ​បងប្អូន​កម្មករ​ជាង ២​ពាន់​នាក់​នេះ​ទៅ​ស្រែក​នៅ​មុខ​ក្រសួង​ការងារ ដើម្បី​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ មក​អន្តរាគមន៍»

ឆ្លើយ​តប​រឿង​នេះ ប្រធាន​រដ្ឋបាល​រោងចក្រ ជីម លី លោក សោម ពិសិដ្ឋ ឲ្យ​ដឹង​ថា ខាង​ភាគី​រោងចក្រ​បាន​បញ្ជូន​សំណុំ​រឿង​ទៅ​ក្រសួង​សាមី ដែល​តំណាង​ដោយ​រដ្ឋាភិបាល​ដោះស្រាយ​រួច​ហើយ។ ជាង​នេះ​ទៀត សំណើ​ដែល​កម្មករ​បាន​ទាមទារ ក៏​ត្រូវ​បាន​រៀបចំ​រួច​ហើយ​ដែរ​នៅ​ក្នុង​របាយការណ៍​ដែល​បាន​បញ្ជូន​នៅ​ពេល​នេះ៖ «យើង​បាន​បិទ​បញ្ជី​អី​ហ្នឹង​រីផត (Report) រួច​ទៅ​ហើយ។ ខាង​ក្រសួង អ៊ីចឹង​យើង​ឲ្យ​ខាង​មន្ទីរ​ការងារ​គេ​អ្នក​ធ្វើ​ការងារ​ហ្នឹង​ណា»

យ៉ាង​ណា ការ​តវ៉ា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ពុំ​មាន​ការ​បង្ក្រាប​ដែល​ឈាន​ទៅ​ដល់​ការ​អំពើ​ហិង្សា​កើត​ឡើង​ទេ។

សព្វថ្ងៃ​នេះ ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ទទួល​បាន​ចំនួន ១០០​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១២៨​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៥ នៅ​ពេល​នេះ គឺ​ហាក់​ផ្ទុយ​ពី​ការ​រក​ឃើញ​ដោយ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១២ ដែល​កាល​ណោះ​រដ្ឋាភិបាល​រក​ឃើញ​ថា ប្រាក់​ខែ​ដែល​កម្មករ​អាច​រស់នៅ​បាន​សមរម្យ គឺ​នៅ​ក្នុង​ចន្លោះ​ពី ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ។

ដោយ​ឡែក​អនុប្រធាន​គណៈកម្មការ​ប្រឹក្សា​ការងារ និង​ជា​តំណាង​ឲ្យ​រោងចក្រ លោក ណាង សុធី ព្រមាន​ថា បើ​ប្រាក់​ឈ្នួល​របស់​កម្មករ​ពិត​ជា​ត្រូវ​បាន​ដំឡើង​យ៉ាង​គំហុក​ដូច​នៅ​ពេល​នេះ រោងចក្រ​ពី ៣០ ទៅ ៥០​រោងចក្រ អាច​នឹង​ត្រូវ​បិទ​ទ្វារ​មិន​ដំណើរ​ការ ហើយ​នឹង​ធ្វើ​ឲ្យ​កម្មករ​យ៉ាង​តិច ៥​ម៉ឺន​នាក់​គ្មាន​ការងារ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។