កម្មករ​រោងចក្រ​ក្លូប័ល​តវ៉ា​ទាមទារ​អត្ថប្រយោជន៍​ការងារ​ក្រោយ​ថៅកែ​រោងចក្រ​បញ្ឈប់

ដោយ អ៊ុំ រង្សី
2016.06.14
កម្មករ​រោងចក្រ ក្លូប័ល តវ៉ា ៨៥៥ កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​សំណង​ប្រាក់​អតីតភាព​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo/Alexander Ledet

កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ប្រមាណ​ជិត ១.០០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​សំណង​អតីតភាព​ការងារ និង​ចេញ​មក​ដោះស្រាយ​ចំពោះ​ការ​បញ្ឈប់​កម្មករ​ជា​ច្រើន​រយ​នាក់​ជា​បន្ទាន់។ ពួកគេ​អះអាង​ថា ការ​បញ្ឈប់​កម្មករ​ពី​ការងារ​នោះ​ខុស​ច្បាប់។

ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឈាន​ដល់​នាំ​គ្នា​ដុត​កង់​ឡាន​នៅ​ខាង​មុខ​រោងចក្រ បន្ទាប់ពី​ពួកគេ​បាន​ធ្វើ​កូដកម្ម​អស់​រយៈពេល ១៤​ថ្ងៃ​មក​ហើយ នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ថៅកែ​រោងចក្រ។

កម្មករ​តវ៉ា​ទទូច​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​យ៉ាង​ណា​ដាក់​សម្ពាធ​លើ​ថៅកែ​រោងចក្រ​នេះ ឲ្យ​ទូទាត់​ប្រាក់​ខែ​ជូន​កម្មករ និង​ដោះស្រាយ​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​ពួកគេ​ឲ្យ​បាន​ឆាប់រហ័ស។

តំណាង​កម្មករ​តវ៉ា លោកស្រី ពេជ្រ សាវឿន ឲ្យ​ដឹង​ពី​មូលហេតុ​តវ៉ា​ថា លោកស្រី និង​កម្មករ​ប្រមាណ ៦៣៥​នាក់​ទៀត ត្រូវ​បាន​ថៅកែ​រោងចក្រ​នេះ​បញ្ឈប់​តាំង​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ទាំង​ដែល​លោកស្រី​អះអាង​ថា គ្មាន​កំហុស និង​មិន​បាន​ជូន​ដំណឹង​បាន​ត្រឹមត្រូវ«ខាង​ក្រុមហ៊ុន​បញ្ឈប់​ពួក​ខ្ញុំ​ដោយ​មិន​មាន​ឆន្ទៈ​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​ទេ គាត់​ត្រូវ​បញ្ឈប់ បញ្ឈប់​យក​ម៉ង។ គាត់​ជូន​ដំណឹង​តែ​មួយ​ថ្ងៃ​នោះ​ទេ យើង​ដឹង​ហើយ​បើ​គិត​ពី​ផ្លូវ​ច្បាប់​វិញ គឺ​គាត់​ខុស​ទាំង​ស្រុង។ តើ​សួរ​ថា​ពួក​ខ្ញុំ​ថា​ខុស​អី? ពួក​ខ្ញុំ​យល់​ព្រម​ឈប់​អត់? តែ​នេះ​អត់​មាន​ប្រាប់​ពួក​ខ្ញុំ​សោះ។ ចឹង​ពួក​ខ្ញុំ​ត្រូវ​តែ​តវ៉ា»

​ចំណែក​តំណាង​កម្មករ​តវ៉ា​ម្នាក់​ទៀត កញ្ញា សុន ស្រីមុំ អះអាង​ថា កម្មករ​ជា​ច្រើន​រយ​នាក់​គ្មាន​ការងារ​ធ្វើ​ពេញលេញ​នឹង​គេ ហើយ​បណ្ដាល​ឲ្យ​កញ្ញា និង​កម្មករ​ដទៃ​ទៀត​ខ្វះ​លុយកាក់​ជួល​ផ្ទះ បង់​ថ្លៃ​ឈ្នួល​ឡាន​ធ្វើ​ដំណើរ និង​សម្រាប់​ចិញ្ចឹម​ជីវភាព​ប្រចាំថ្ងៃ«ខ្ញុំ​សំណូមពរ​ឲ្យ​សម្ដេច​នាយក​រដ្ឋមន្ត្រី ឲ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ខ្ញុំ​ផង ព្រោះ​ថា​កម្មករ​ទាំងអស់​គាត់​អត់​ចង់​ធ្វើ​ការ​តវ៉ា​នោះ​ទេ។ ចឹង​សូម​ឲ្យ​ខាង​រោងចក្រ​ធ្វើ​តាម​ការ​តវ៉ា​របស់​ពួក​ខ្ញុំ​មក ព្រោះ​ពួក​ខ្ញុំ​មាន​ជីវភាព​លំបាក​ណាស់»

កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​ផ្ដិត​មេដៃ​លើ​ញត្តិ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​សំណង​ប្រាក់​អតីតភាព​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
កម្មករ​រោងចក្រ​សំលៀកបំពាក់ ក្លូប័ល អាប៉ារែល (GLOBAL Apparels Limited) នៅ​ភូមិ​ត្រពាំងទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នាំ​គ្នា​ផ្ដិត​មេដៃ​លើ​ញត្តិ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​ផ្ដល់​សំណង​ប្រាក់​អតីតភាព​ការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៦។
Photo/Alexander Ledet

​ខ្លឹមសារ​ក្នុង​ញត្តិ និង​បដា​របស់​កម្មករ​រោងចក្រ​ដែល​តវ៉ា បាន​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ដែល​កម្មករ​អះអាង​ថា ជា​ជន​ជនជាតិ​ម៉ាឡេស៊ី សុំ​ឲ្យ​ដោះស្រាយ​អត្ថប្រយោជន៍​ការងារ​ចំនួន ៥​ចំណុច​រួម​មាន សុំ​ឲ្យ​បើកប្រាក់​ឈ្នួល​របស់​កម្មករ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៦ នេះ ជា​បន្ទាន់ ចំពោះ​កម្មករ​ទាំង ៦៣៥​នាក់​ដែល​រោងចក្រ​បាន​បញ្ឈប់​ត្រូវ​តែ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ផ្សេងៗ​តាម​ច្បាប់​ស្ដីពី​ការងារ ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​ដែល​មាន​កិច្ចសន្យា​មិន​កំណត់។ ដោយ​ឡែក​កម្មករ​ដែល​រោងចក្រ​បាន​ផ្ដាច់​កិច្ចសន្យា​ការងារ​មិន​កំណត់​រយៈពេល​កន្លង​មក និង​បាន​ទូទាត់​ប្រាក់​បំណាច់​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី​ការងារ​នោះ សុំ​ឲ្យ​ទូទាត់​រំលឹក​សង​ឡើង​វិញ។

​ឆ្លើយ​តប​នឹង​ការ​ចោទ​នេះ បុគ្គលិក​រោងចក្រ ក្លូប័ល អាប៉ារែល ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​បដិសេធ​ព័ត៌មាន​ដែល​ថា រោងចក្រ​ធ្វើ​ទុក្ខបុកម្នេញ​កម្មករ ដើម្បី​ជា​លេស​បញ្ឈប់​កម្មករ។

ក្នុង​ចំណោម​កម្មករ​ជាង ៦០០​នាក់​ដែល​រោងចក្រ​បាន​បញ្ឈប់ មាន ៤០០​នាក់ រោងចក្រ​បាន​ទូទាត់​ប្រាក់ខែ​រួច​រាល់​ហើយ។ បុគ្គលិក​រូប​នេះ​ឲ្យ​ដឹង​ថា ចំពោះ​កម្មករ​ដែល​នៅ​សេសសល់ រោងចក្រ​ក៏​មិន​បិទ​ទ្វារ​ដែរ ហើយ​រោងចក្រ​រក្សា​ជំហរ​ផ្ដល់​សំណង​ជូន​កម្មករ​ដដែល។

បុគ្គលិក​រូប​នេះ​បន្ត​ថា បច្ចុប្បន្ន​រោងចក្រ​ជួប​បញ្ហា​ដោយ​ខ្វះ​អ្នក​បញ្ជា​ទិញ ជា​ហេតុ​ធ្វើ​ឲ្យ​រោងចក្រ​ផ្អាក​ដំណើរ​ការ និង​ឈាន​ដល់​បញ្ឈប់​កម្មករ​ជា​ច្រើន​នាក់។

យ៉ាង​ណា​ក៏ដោយ ប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា ដែល​ឃ្លាំមើល​ការងារ​តវ៉ា​នេះ អ្នកស្រី ហែម សាវឿន យល់​ថា កម្មករ​មាន​សិទ្ធិ​ទាមទារ​សំណង​ប្រាក់​អតីតភាព និង​អត្ថប្រយោជន៍​របស់​ខ្លួន ដើម្បី​ជៀសវាង​ការ​បោកប្រាស់​ពី​ថៅកែ។ លោកស្រី​ជំរុញ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​អន្តរាគមន៍​ជូន​ពួកគាត់​ជា​បន្ទាន់«ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ទាន់ ព្រោះ​អី​ខ្ញុំ​តវ៉ា​ជាង ១០​ថ្ងៃ​ហើយ ក្រុមហ៊ុន​ហ្នឹង​គាត់​អត់​បាន​ជូន​ដំណឹង​អី​ទាំងអស់ តែ​កម្មករ​យើង​នៅ​តែ​តវ៉ា។ ដូច្នេះ​ត្រូវ​ដោះស្រាយ​ជូន​ពួក​គាត់»

​ភាគី​កម្មករ នៅ​តែ​អះអាង​ថា ពួកគេ​នឹង​ដង្ហែ​ក្បួន​បន្ត​តវ៉ា​ទៅ​កាន់​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ បើ​សិន​នៅ​តែ​គ្មាន​ដំណោះស្រាយ​ពី​ភាគី​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។