ក្រុមកម្មករដែលចេញតវ៉ាចំនួន ៣ថ្ងៃជាប់គ្នា ទាមទារឲ្យថៅកែបើកលុយបន្ថែមម៉ោងឲ្យពួកគេ កំពុងរង់ចាំការដោះស្រាយពីមន្ត្រីមន្ទីរការងារខេត្តកណ្ដាល ដែលចូលជួបភាគីតំណាងរោងចក្រ។
កម្មការិនី ពលៈ សុភ័ក្តណា ជាប្រធានក្រុមកម្មករផ្នែកដេរនៅរោងចក្រហ្គោលឌិន ផ្លាស បានថ្លែងនៅថ្ងៃទី៥ កុម្ភៈ ថា មូលហេតុដែលនាំឲ្យមានការតវ៉ានេះ គឺដោយសារតែភាគីថៅកែរោងចក្រមិនព្រមបើកលុយធ្វើការថែមម៉ោងនិងប្រាក់ខែ ដែលកម្មករបានធ្វើក្នុងខែមករា កន្លងមក ទើបនាំឲ្យផ្ទុះការតវ៉ាតាំងពីថ្ងៃច័ន្ទ ទី៣ កុម្ភៈ មក។
កម្មការិនីម្នាក់ទៀត ឈ្មោះ លឿង ចន្ថារី បានត្អូញថា ក្រៅអំពីការទាមទារឲ្យបើកប្រាក់ធ្វើការបន្ថែមម៉ោងនោះ ពួកគាត់ក៏ទាមទារឲ្យថៅកែរោងចក្រនេះ គោរពច្បាប់ការងារជាង ១០ចំណុចផ្សេងទៀត ពីព្រោះកន្លងមករោងចក្រនេះមិនដែលគោរពច្បាប់ការងារឡើយ។ ចំណុចទាំងនោះមានដូចជា ត្រូវមានពេទ្យក្នុងរោងចក្រ កុំឲ្យរើសអើងបញ្ឈប់ស្ត្រីមានផ្ទៃពោះជាដើម។
ប្រធានការិយាល័យការងារនៃមន្ទីរការងារខេត្តកណ្ដាល លោក លឹម សារ៉ុម ដែលបានចូលសម្របសម្រួលជាមួយភាគីរោងចក្រមានប្រសាសន៍ថា លោកបានចូលជួបតំណាងរោងចក្រចំនួន ២ថ្ងៃជាប់គ្នា រកឃើញថា ភាគីកម្មករធ្វើកូដកម្មខុសច្បាប់ការងារដោយសារគ្មានការជូនដំណឹង។ រីឯភាគីរោងចក្រ មានជំហររឹងប៉ឹងមិនយល់ដឹងពីច្បាប់ការងារទាក់ទងនឹងការផ្ដល់ប្រាក់ឈ្នួលបន្ថែមម៉ោងជូនកម្មករទេ។ លោកថា ជាដំណោះស្រាយនោះ លោកបានដាក់លិខិតជូនដំណឹងទៅតំណាងរោងចក្រ តំណាងកម្មករ ឲ្យមកជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី៦ កុម្ភៈ នៅមន្ទីរការងារដើម្បីបញ្ចប់ទំនាស់។
ទាក់ទងទៅនឹងដំណើរការនៃការទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមា ឬប្រាក់ខែគោលកម្មករនេះដែរ ក្រុមសហជីពបានជួបគ្នានៅក្នុងសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់សហជីពប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី៤ កុម្ភៈ ដោយជជែកជុំវិញការកែទម្រង់គណៈកម្មាធិការប្រឹក្សាការងារ ហៅកាត់ថា អ៊ិល.អេ.ស៊ី (LAC) ដែលជាស្ថាប័នទទួលបន្ទុកកិច្ចការដំឡើងប្រាក់ឈ្នួលអប្បបរមា។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា បានអះអាងថា សហជីពមួយចំនួនគ្រោងនឹងដាក់លិខិតទៅសាលារាជធានីភ្នំពេញ សុំធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលកម្មករចំនួន ១៦០ដុល្លារ។ ដោយឡែកមន្ត្រីក្រសួងការងារបានឲ្យដឹងថា លោក គាត ឈន់ ជាអ្នកដឹកនាំគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួល នឹងកោះប្រជុំភាគីរដ្ឋាភិបាលដើម្បីពិភាក្សាគ្នាស្ដីពីប្រាក់ឈ្នួលអប្បបរមានៅក្នុងសប្ដាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
