លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យក្រសួងអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ សហការរៀបខ្លឹមសារប្រឆាំងអំពើពុករលួយសម្រាប់បញ្ចូលនៅក្នុងកម្មវិធីសិក្សារបស់សិស្ស និងនិស្សិត ឲ្យបាននៅដើមឆ្នាំសិស្សឆ្នាំថ្មី ឆ្នាំ២០១៤។
នៅក្នុងសារលិខិតដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ដើម្បីអបអរឱកាសទិវាជាតិ អន្តរជាតិ ប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ បានសរសេរដោយជំរុញឲ្យស្ថាប័នទាំង២នេះ ខិតខំដាក់បញ្ចូលមេរៀនប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងកម្មវិធីសិក្សា នាបវេសនកាលឆ្នាំ២០១៤ ឆ្នាំ២០១៥។ ក្នុងលិខិតដដែលបានបញ្ជាក់គោលបំណងថា ឲ្យទំពាំងស្នងឫស្សី លូតលាស់ដោយមានទឹកចិត្តស្រឡាញ់ សុចរិតភាព និងស្អប់ខ្ពើមនូវអំពើពុករលួយ។
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា នេះជាទិសដៅរដ្ឋាភិបាលដែលចង់ឲ្យយុវជនជំនាន់ក្រោយ ត្រូវដឹង យល់ និងចូលរួម និងការអនុវត្តច្បាប់ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ៖ «អ្វីដែលយើងចង់ធ្វើ គឺយើងបានធ្វើហើយ ចំពោះអ្នកប្រតិបត្តិករ អ្នកដែលរំលោភលើច្បាប់ប្រឆាំងអំពើពុករលួយ ហើយយើងបានដាក់វិន័យដាក់ទណ្ឌកម្ម។ ក៏ប៉ុន្តែអ្វីដែលយុវជនជំនាន់ក្រោយ គឺយើងត្រូវឲ្យគេដឹង គេយល់ ហើយគេរឹតតែចូលរួមពង្រឹងបន្ថែមទៀតនូវគោលការណ៍នយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រឆាំងអំពើពុករលួយ»។
ប៉ុន្តែ អ្នកតំណាងរាស្ត្របក្សប្រឆាំងបានចាប់អារម្មណ៍ថា ការបញ្ចូលការអប់រំប្រឆាំងអំពើពុករលួយទៅក្នុងការសិក្សារបស់សិស្សនេះ ជាវិធានការប្រឆាំងអំពើពុករលួយរយៈពេលវែងប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានរិះគន់ថា រដ្ឋាភិបាលបានខកខានមិនអាចកម្ចាត់អំពើពុករលួយធំៗ ដូចជា ការកាប់បំផ្លាញព្រៃឈើ ការផ្ដល់ដីសម្បទានដោយគ្មានតម្លាភាព ការលក់ទ្រព្យសម្បត្តិជាតិ និងមន្ត្រីរដ្ឋាភិបាលនៅក្នុងក្រសួងរបស់រដ្ឋ ដែលបានយកលុយម្ចាស់ជំនួយដែលផ្ដល់មកសម្រាប់អនុវត្តគម្រោងចាយវាយជាដើម។ លោកថា ទាំងអស់នេះ ដោយសារតែរដ្ឋាភិបាល អង្គភាពប្រឆាំងអំពើពុករលួយ ពុំមានឆន្ទៈនយោបាយពិតប្រាកដក្នុងការជំរុញទប់ស្កាត់អំពើពុករលួយ ឲ្យមានប្រសិទ្ធភាព។
លោក យឹម សុវណ្ណ៖ «ការទប់ស្កាត់អំពើពុករលួយថ្នាក់កម្រិតខ្ពស់ ដែលកើតមានឡើងពាក់ព័ន្ធនឹងលុយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ យើងអត់ទាន់បានធ្វើ។ គណៈកម្មាធិការប្រឆាំងអំពើពុករលួយចាត់វិធានការនៅឡើយទេ ដោយសារថាមិនហ៊ានចាត់វិធានការ ឬមួយក៏ដោយសារថា ទំនាស់ផលប្រយោជន៍នៅក្នុងគណបក្សប្រជាជន។ គេមានវិធានការរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។ រយៈពេលវែង គឺជាការត្រឹមត្រូវហើយដែលបណ្ដុះគំនិតកូនខ្មែរជំនាន់ក្រោយ ប៉ុន្តែរយៈពេលខ្លីដែលត្រូវធ្វើបច្ចុប្បន្ននេះ ដើម្បីជួយប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ ហើយមានការជំរុញមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ គឺមិនទាន់បានធ្វើឲ្យមានប្រសិទ្ធភាពនៅឡើយទេ»។
ក្រៅអំពីការបញ្ចូលឲ្យមានកម្មវិធីសិក្សានៅក្នុងសារលិខិតដដែល ក៏បានលើកសរសើរថា ឆ្នាំ២០១២ និងឆ្នាំ២០១៣ សង្គមកម្ពុជា បានទទួលសមិទ្ធផលដ៏ធំ គឺបានចាប់ផ្ដើមប្រយុទ្ធប្រឆាំងការទារកម្រៃក្រៅច្បាប់ ដែលក្នុងនោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ច បានរួមគ្នាយ៉ាងសកម្ម។ លោកបានអំពាវនាវជាថ្មីម្ដងទៀត ឲ្យថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ លុបបំបាត់ឲ្យបាននូវការទារលុយកាក់ក្រៅច្បាប់នេះជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
