មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​គឺ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​វិស័យ​ធនាគារ

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា គឺ​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​ផ្នែក​សន្តិសុខ​ព័ត៌មានវិទ្យា (Cyber Security) ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែង​ក្នុង​សិក្ខា​សាលា​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន ម៉ៃក្រូស៊ុស (Microsoft) ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៧ តុលា ថា កម្ពុជា នៅ​មិន​ទាន់​ប្រើប្រាស់​អាជីវកម្ម​ព័ត៌មានវិទ្យា (E-commerce) ឲ្យ​ទូលំទូលាយ​នៅ​ឡើយ​ទេ។ លោក​ថា នោះ​ក៏​ដោយសារ​តែ​ច្បាប់​គ្រប់គ្រង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា (Cyber Crime Law) មិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយ៖ «ដូច្នេះ​យើង​ត្រូវ​មាន​ច្បាប់​ត្រឹមត្រូវ ហើយ​មាន​ច្បាប់​ទូលំទូលាយ យើង​កំពុង​ធ្វើ​ច្បាប់​ឲ្យ​សមស្រប មាន​សុខដុមរមនាកម្ម​ជាមួយ​ក្នុង​តំបន់​ប្រទេស ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​ជំរុញ​រៀបចំ​ឲ្យ​មាន​ភាព​រលូន ពិសេស​ក្នុង​ពេល​សមាហរណកម្ម​អាស៊ាន​នៅ​ឆ្នាំ​២០១៥»

លោក ប៉ាន សូរស័ក្តិ បន្ត​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​ដូចជា​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ជាដើម ដែល​ប្រើប្រាស់​ព័ត៌មានវិទ្យា​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម និង​ផ្ទេរ​ប្រាក់​ជាដើម បាន​ទិញ​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ (Database System) និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព (Anti-Virus) ពី​បរទេស​ដែល​មាន​សុវត្ថិភាព​ខ្ពស់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​ជំនាញ​សន្តិសុខ​ព័ត៌មានវិទ្យា បាន​ឲ្យ​ដឹង​ថា ការ​គ្រប់គ្រង​វិស័យ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា ជាពិសេស​វិស័យ​ធនាគារ អាច​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា​នេះ​ខ្លាំង ត្បិត​ថា មេរោគ​កុំព្យូទ័រ (Virus) ជាច្រើន ដូចជា ម៉ែលវ៉ែល (Malware) វ៉ម (Worms) ស៉្ពាយវ៉ែល (Spyware) នឹង​រំខាន​ដំណើរ​ការ​កុំព្យូទ័រ លួច​ចម្លង​ឯកសារ​សម្ងាត់ និង​ព័ត៌មាន​រសើប​របស់​ស្ថាប័ន ដោយសារ​អ្នក​ប្រើប្រាស់​កម្មវិធី (Software) ភាគ​ច្រើន​លួច​ចម្លង ហើយ​នាំ​មក​នូវ​មេរោគ​កុំព្យូទ័រ​ដោយ​មិន​ដឹង​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។