ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៨ ខែមីនា ប្រកាសឲ្យយុវជន យុវនារីខ្មែរ ដាក់ពាក្យប្រលងចូលបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ (អ.ស.ប)។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសឲ្យដឹងថា ការិយាល័យធនធានមនុស្សរបស់អង្គការសហប្រជាជាតិ នឹងរៀបចំការប្រលងកម្មវិធីវិជ្ជាជីវៈវ័យក្មេងឆ្នាំ២០១៦ ឬហៅជាភាសាអង់គ្លេសថា Young Professionals Programs (YPP) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីជ្រើសរើសបេក្ខជន បេក្ខនារីវ័យក្មេង និងមានសមត្ថភាព ពីបណ្ដាប្រទេសសមាជិកអង្គការសហប្រជាជាតិ ទៅបម្រើការងារនៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិ។
បេក្ខជន បេក្ខនារី ត្រូវមានសញ្ញាប័ត្របរិញ្ញាបត្រឡើងទៅ និងមានអាយុមិនលើសពី ៣២ឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ហើយចេះភាសាអង់គ្លេស និងបារាំង ច្បាស់លាស់។
ក្រសួងការបរទេសបញ្ជាក់ថា ក្នុងករណីមានបេក្ខជនកម្ពុជា លើសពី ១៥នាក់ ដែលត្រូវបានជ្រើសរើសឲ្យចូលរួមប្រលង ហើយមានបំណងចង់ប្រលងវិញ្ញាសាសរសេរនៅកម្ពុជា រដ្ឋាភិបាលនឹងរៀបចំឲ្យមានមណ្ឌលប្រលងនៅកម្ពុជា តាមសំណើរបស់អង្គការសហប្រជាជាតិ ដើម្បីសម្រួលដល់ការប្រលងរបស់បេក្ខជន បេក្ខនារី។
ចំពោះមុខជំនាញដែលត្រូវជ្រើសរើស និងព័ត៌មានលំអិតអំពីមណ្ឌលប្រលង អង្គការសហប្រជាជាតិ នឹងប្រកាសផ្សាយនៅដើមខែមេសា លើគេហទំព័រ careers.un.org/ypp៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
