ភាគីពាក់ព័ន្ធផ្នែកការងារឧស្សាហកម្មកាត់ដេរទាំងបីភាគី គឺភាគីរដ្ឋាភិបាល តំណាងសហជីព និងតំណាងនិយោជក បានឯកភាពគ្នាសម្រេចបង្កើតគណៈកម្មការ ៤ ដើម្បីសិក្សាពិនិត្យមើលឡើងវិញ អំពីលទ្ធភាពនានាដែលអាចដំឡើងប្រាក់ខែឲ្យកម្មករ ដែលពួកគេបានទាមទារយូរមកហើយ។
អគ្គលេខាធិការក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ វិស័យឯកជននៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឃុន រ៉ានីន ឲ្យដឹងនៅថ្ងៃទី១៣ កញ្ញា ថា គណៈកម្មការទាំងបួននោះ នឹងសិក្សាផ្ដោតលើការពិតអំពីលទ្ធភាពខាងភាគីនិយោជក ដែលអាចដំឡើងប្រាក់ខែឲ្យកម្មករបាន និងសិក្សាអំពីលទ្ធភាពផលិតរបស់កម្មករ៖ «យើងកំណត់យកការសិក្សាតម្លៃពិតនៃផលិតផល។ ទី២ យើងសិក្សាកំណត់លើលទ្ធភាពដែលនិយោជកអាចផ្ដល់ជូន។ ទី៣ យើងសិក្សាទៅលើគេហៅថាតម្រូវការជីវភាពជាក់ស្ដែងរបស់បងប្អូនកម្មករ ហើយយើងសិក្សាទៅលើផ្នែកលក្ខណៈសម្បត្តិគុណភាពការងាររបស់បងប្អូនកម្មករ ដែលត្រូវតែធ្វើក្នុងវិស័យនេះដែរ»។
លោកបញ្ជាក់ថា ការសិក្សានេះនឹងចំណាយពេល ៥សប្ដាហ៍ ដើម្បីប្រមូលទិន្នន័យទាំងនោះ ហើយក្រុមការងារសិក្សាស្រាវជ្រាវដែលមានភាគីទាំងបីចូលរួមនោះ នឹងជួបប្រជុំគ្នាម្ដងទៀត ដើម្បីកំណត់ថា តើត្រូវដំឡើងប្រាក់ខែអប្បបរមាឲ្យកម្មករក្នុងកម្រិតណា។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា និងជាប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលបានចូលរួមកិច្ចប្រជុំនោះ បានសម្ដែងមោទនភាពថា កិច្ចប្រជុំនេះជាសញ្ញាវិជ្ជមានមួយ អាចឈានដល់ការដំឡើងប្រាក់ខែឲ្យកម្មករ ដែលបានទាមទារយូរមកហើយនោះ អាចមានសង្ឃឹមច្រើន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ឃិន លូ ដែលជាតំណាងនិយោជកបានទេ នៅថ្ងៃទី១៣ កញ្ញា ដោយលោកថា លោកជាប់រវល់។
នៅដើម្បីឆ្នាំ២០១៣ តំណាងសហជីព រួមទាំងកម្មករ បាននាំគ្នាធ្វើបាតុកម្មជាញឹកញាប់ ទាមទារដំឡើងប្រាក់ថ្លៃឈ្នួលអប្បបរមាពីចំនួន ៦០ដុល្លារ ឲ្យបាន ១៥០ដុល្លារ។ ក៏ប៉ុន្តែ រដ្ឋាភិបាល និងនិយោជក បានសម្រេចកំណត់ដំឡើងបានត្រឹម ៨០ដុល្លារប៉ុណ្ណោះ។ ក៏ប៉ុន្តែ មន្ត្រីសហជីពនានាបានបង្ហើបឲ្យដឹងថា ក្រោយពេលបោះឆ្នោតលើកនេះ ជំហររដ្ឋាភិបាលហាក់ចង់ជំរុញឲ្យមានការដំឡើងប្រាក់ខែដល់កម្មករឲ្យបានឆាប់ៗ គឺគ្រោងដំឡើងចាប់តាំងពីខែមករា ឆ្នាំ២០១៤ នេះទៅហើយ។ ទន្ទឹមនឹងនេះដែរ លោក ឃុន រ៉ានីន ក៏បានអះអាងដែរថា រដ្ឋាភិបាលក៏មានគម្រោងដំឡើងប្រាក់ឈ្នួលដល់កម្មករផ្នែកវិស័យផ្សេងៗទៀតដែរ ដែលកម្មករទាំងនោះស្ថិតក្រោមការគ្រប់គ្រងនៃច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
