មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ករណី​ពុករលួយ​រឿង​ដំឡើង​សក្ដិ​មន្ត្រី​ពន្ធនាគារ

0:00 / 0:00

មន្ត្រី​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បដិសេធ​ថា ការ​ដំឡើង​សក្ដិ​មន្ត្រី​ពន្ធនាគារ មិន​មាន​អំពើ​ពុករលួយ​ចូល​លូក​ឡំ​ទេ។ ប្រតិកម្ម​តប​របស់​មន្ត្រី​រូប​នេះ កើត​ឡើង​បន្ទាប់​ពី​មាន​ការ​រិះគន់​ថា មន្ត្រី​ពន្ធនាគារ​ខ្លះ​មិន​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ តែ​បាន​ទទួល​ការ​ដំឡើង​ឋានន្តរសក្ដិ។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សាវនា ឆ្លើយ​តប​ថា នីតិវិធី​នៃ​ការ​ដំឡើង​សក្ដិ​របស់​មន្ត្រី​ពន្ធនាគារ ធ្វើ​ឡើង​ដោយ​សុចរិត​តាម​ច្បាប់។ លោក​បន្ថែម​ថា ការ​ដំឡើង​ឋានន្តរសក្ដិ​កម្រិត​សក្ដិ​៤ ដែល​គេ​ហៅ​ថា វរអគ្គានុរក្ស​ថ្នាក់​លេខ​៣ ដល់​មន្ត្រី​ពន្ធនាគារ​ដែល​មាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ និង​បទពិសោធន៍​ការងារ​គ្រប់គ្រាន់ គឺ​មិន​មាន​ពាក់ព័ន្ធ​រឿង​ពុករលួយ​នោះ​ទេ។

លោក នុត សាវនា៖ «ខ្ញុំ​គិត​ថា រឿង​នេះ​គួរ​មាន​ការ​ស្រាវជ្រាវ​ឲ្យ​ច្បាស់លាស់ ពីព្រោះ​ថា បើសិនជា​មិន​មាន​បណ្ដឹង​សាទុក្ខ​ផ្លូវការ​មក​ក្រសួង​ទេ គ្រាន់តែ​ជា​ការ​លើក​ឡើង​ក្រៅ​ផ្លូវ​ការ នេះ​វា​ពិបាក​ដែរ។ ប្រសិនបើ​គាត់​មិន​ពេញ​ចិត្ត​រឿង​អី ឲ្យ​គាត់​ធ្វើ​លិខិត​ជា​ផ្លូវការ​មក ស្រួល​ក្រុម​ការងារ​អាច​ស្រាវជ្រាវ​បាន»

​លោក នុត សាវនា ប្រតិកម្ម​តប​បែប​នេះ បន្ទាប់​ពី​មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​លើក​ឡើង​ថា ការ​តែងតាំង​ដំឡើង​សក្ដិ​៤ ដល់​មន្ត្រី​ពន្ធនាគារ​មាន​ភាព​មិន​ប្រក្រតី។

លិខិត​របស់​មន្ត្រី​ពន្ធនាគារ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​សរសេរ​ថា មន្ត្រី​ពន្ធនាគារ អ្នកខ្លះ​មិន​ទាន់​មាន​សញ្ញាប័ត្រ​ថ្នាក់​បរិញ្ញាបត្រ ឬ​មិន​បាន​រៀន​ចប់​បរិញ្ញាបត្រ ប៉ុន្តែ​ទទួល​បាន​ការ​ដំឡើង​សក្ដិ​ដែរ។

​អតីត​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ (ត្រពាំងផ្លុង) ស្ថិត​ក្នុង​ខេត្ត​កំពង់ចាម លោក គៀ សុវណ្ណា ថ្លែង​ថា នៅ​ពន្ធនាគារ​លោក​បាន​បញ្ចប់​ដំណើរការ​ដំឡើង​ឋានន្តរសក្ដិ​អស់​ហើយ មុន​ពេល​លោក​ផ្លាស់​មក​កន្លែង​ថ្មី។ លោក សុវណ្ណា ដែល​ត្រូវ​បាន​គេ​ផ្លាស់​មក​ឲ្យ​ធ្វើ​ការ​នៅ​ក្រសួង​មហាផ្ទៃ ជា​អនុ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិ ឲ្យ​ដឹង​ថា កាល​លោក​នៅ​ជា​អ្នក​គ្រប់គ្រង​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣ គ្មាន​អំពើ​ពុករលួយ​កើត​ឡើង​ក្នុង​ការ​ដំឡើង​សក្ដិ​ជូន​មន្ត្រី​ពន្ធនាគារ​នោះ​ទ៖ «ឥឡូវ រៀន​បរិញ្ញា​ចប់ ក៏​អត់​បាន​បំពាក់​សក្ដិ​៤​ដែរ ទាល់​តែ​មាន​បទពិសោធន៍​ការងារ​ទៀត»

​យ៉ាង​ណា​ក៏ដោយ អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់​ថា រឿង​ពុករលួយ​នៅ​ពេល​មាន​ការ​ដំឡើង​សក្ដិ វា​សឹង​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល៖ «អា​ហ្នឹង ខ្ញុំ​មើល​ទៅ​វា​មិន​សូវ​ខុស​គ្នា​ទេ ស្ថាប័ន​រដ្ឋ​មាន​បក្សពួក​អី​ហ្នឹង ឡើង​ឋានន្តរសក្ដិ​លឿន​ជាង​អ្នក​ដែល​មាន​សញ្ញាប័ត្រ មាន​បច្ចេកទេស​ត្រឹមត្រូវ»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​៥ មករា ដើម្បី​សុំ​ការ​បកស្រាយ​បាន​ឡើយ។

លិខិត​របស់​អ្នក​ស្ដាប់​នេះ បាន​បញ្ជាក់​ថា ប្រសិនបើ​មន្ត្រី​ពន្ធនាគារ​ទទួល​បាន​ការ​ដំឡើង​ឋានន្តរសក្ដិ​នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ចំនួន ៩២​ម៉ឺន​រៀល ដែល​មន្ត្រី​ធម្មតា​ទទួល​បាន​ប្រាក់ខែ​ត្រឹមតែ ៧០​ម៉ឺន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។