មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២១ មិថុនា ចាត់ទុករបាយការណ៍វាយតម្លៃអំពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដោយក្រសួងការបរទេសអាមេរិក ថាជាការវាយតម្លៃស្រេចតែនឹងចិត្ត ដោយមិនបានផ្អែកលើមូលដ្ឋានច្បាស់លាស់។
ការលើកឡើងនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការបរទេសអាមេរិក ចុះផ្សាយក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនថា កម្ពុជា ជាប្រភពនៃកន្លែងឆ្លងកាត់ និងជាប្រទេសគោលដៅនៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងជួញដូរផ្លូវភេទលើស្ត្រី និងកុមារ។
ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី២០ មិថុនា បានចុះផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយចំណាត់ថ្នាក់ប្រទេសកម្ពុជា ក្នុងលំដាប់ទី២ក្នុងផ្នែកជួញដូរមនុស្ស ដើម្បីកេងប្រវ័ញ្ចផ្លូវភេទ និងពលកម្មដោយបង្ខំ។ លំដាប់ថ្នាក់ទី២របស់កម្ពុជា មានន័យថា ប្រទេសក្រីក្រមួយនេះនឹងបន្តឋិតនៅក្រោមការតាមដាន និងឃ្លាំមើលរបស់អាមេរិក ទៅលើបញ្ហាជួញដូរមនុស្សបន្តទៀត។
ឆ្លើយតបនឹងការលើកឡើងរបស់ក្រសួងការបរទេសអាមេរិក នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទលើស្ត្រី និងកុមារ អ្នកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា ការវាយតម្លៃរបស់ក្រសួងការបរទេស នេះ គឺជាការដាក់ពិន្ទុដោយផ្អែកលើតែក្រសែភ្នែកអាមេរិកផ្ទាល់ខ្លួន ហើយថា រដ្ឋាភិបាលអាមេរិក ពេលនិយាយផ្សេង តែពេលធ្វើការវាយតម្លៃវិញខុសស្រឡះពីការនិយាយ។
អ្នកស្រី ជូ ប៊ុនអេង៖ «គាត់មកគាត់សរសើរយើងថា យើងធ្វើបានល្អអ៊ីចុះ១អ៊ីចុះ២ ប៉ុន្តែនៅពេលគាត់ចាប់ផ្តើមវាយតម្លៃ គឺទម្លាក់តំណែងយើង។ អ៊ីចឹងយើងអត់មានអីទៅជជែកច្រើនទេ ទោះបីយើងទៅជជែកយ៉ាងណា ក៏ការវាយតម្លៃហ្នឹង វាធ្វើរួចទៅហើយ ហើយខ្ញុំគ្រាន់តែចង់ប្រាប់មួយម៉ាត់ទេថា អ្វីដែលជាកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា គឺដើម្បីប្រជាជនកម្ពុជា។ អ៊ីចឹងការវាយតម្លៃ គឺជាសិទ្ធិរបស់អ្នកវាយតម្លៃ យើងអត់ដឹងថា ធ្វើយ៉ាងម៉េចទេ តាំងពីលើកមុនមក យើងក៏ព្យាយាមតវ៉ាដែរ ប៉ុន្តែសួរថា តវ៉ាមានប្រយោជន៍ ប្រសិនជាគាត់ឲ្យតម្លៃទៅលើអ្វីដែលជាក្រសែភ្នែករបស់គាត់»។
អ្នកស្រី ជូ ប៊ុនអេង ថ្លែងបន្តថា រដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងជាខ្លាំង ដើម្បីទប់ស្កាត់ចំពោះបញ្ហាជួញដូរមនុស្សនេះ។ អ្នកស្រីក៏លើកឡើងដែរថា រដ្ឋាភិបាលកម្ពុជា បានខិតខំប៉ុណ្ណឹងហើយ ហើយប្រសិនបើកម្ពុជា នៅតែទទួលបានការវាយតម្លៃធ្លាក់ចុះដូចនេះទៀតនោះ អ្នកស្រីក៏មិនដឹងថា ត្រូវនិយាយយ៉ាងម៉េចនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ប៊ុនអេង ថា គ្មាននរណាព្រួយបារម្ភពីបញ្ហារបស់ពលរដ្ឋខ្មែរជាងរដ្ឋាភិបាលខ្មែរនោះឡើយ។
ក្នុងរបាយការណ៍របស់ខ្លួន ក្រសួងការបរទេសអាមេរិក ក៏បានលើកឡើងពីការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពលករខ្មែរនៅក្នុងប្រទេសថៃ និងម៉ាឡេស៊ី ហើយថា ពលករខ្មែរមួយចំនួន ត្រូវបានឈ្មួញដកយកលិខិតបញ្ជាក់ការងារ និងរឹបអូសលិខិតឆ្លងដែន ដើម្បីបង្ខំឲ្យពួកគេធ្វើការ។
ការលើកឡើងនេះ ស្របពេលដែលរដ្ឋាភិបាលយោធាថៃ កំពុងចាប់បញ្ជូនពលករខ្មែរខុសច្បាប់ បញ្ជូនមកប្រទេសកម្ពុជា និងខណៈដែលរដ្ឋាភិបាលកម្ពុជា ប្រកាសបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែនសម្រាប់ពលករ ដែលតាមមើលទៅ ដើម្បីរៀបចំឲ្យពលករខ្មែរត្រឡប់ទៅកាន់ប្រទេសថៃ វិញ ស្របច្បាប់។ ទោះជាយ៉ាងណា ប្រសិនបើពលករខ្មែរនៅតែអាចប្រឈមនឹងការដកហូតលិខិតឆ្លងដែន និងលិខិតបញ្ជាក់ការងារពីឈ្មួញ និងថៅកែរបស់ពួកគេនោះ ពលករខ្មែរនៅតែអាចប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្មដដែល។
ត្រង់ចំណុចនេះ អ្នកស្រី ជូ ប៊ុនអេង កត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជា នឹងខិតខំប្រឹងប្រែងធ្វើការចរចា និងទាក់ទងជាមួយរដ្ឋាភិបាលថៃ បន្តទៀត។ ទោះជាយ៉ាងណា អ្នកស្រីទទួលស្គាល់ថា វាជាការលំបាកមួយ ដោយសារបញ្ហាមិនមែនស្ថិតនៅក្នុងប្រទេសកម្ពុជា ដោយអ្នកស្រីអះអាងថា នៅពេលដែលពលរដ្ឋខ្មែរចេញទៅកាន់ប្រទេសណាមួយហើយ វាជាការគ្រប់គ្រងរបស់រដ្ឋាភិបាលនៃប្រទេសនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
