រាជរដ្ឋាភិបាល​អះអាង​ថា​គ្មាន​គម្រោង​បិទ​បណ្ដាញ​សង្គម Facebook

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អាណត្ត​ទី​៥ បាន​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​គោលការណ៍ ឬ​គម្រោង​បិទ​បណ្ដាញ​សង្គម Facebook (ហ្វេសប៊ុក) ទេ ប៉ុន្តែ​ស្នើ​សុំ​កុំ​ឲ្យ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក បង្ក​អស្ថិរភាព​ក្នុង​សង្គម។

0:00 / 0:00

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​បំបូង នៅ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា នា​វិមាន​សន្តិភាព​ថា រាជរដ្ឋាភិបាល​គ្មាន​គោលការណ៍​បិទ​ហ្វេសប៊ុក នោះ​ទេ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​ទូទៅ​ប្រើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ដើម្បី​ទាញ​យក​ផលប្រយោជន៍​ផ្សេងៗ​ពី​បណ្ដាញ​សង្គម​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​គ្មាន​ភាព​ចាំបាច់​ណា​មួយ​ដែល​រដ្ឋាភិបាល​បិទ​ហ្វេសប៊ុក មិន​ឲ្យ​ប្រើ​ប្រាស់​ទេ ប៉ុន្តែ​លោក​ស្នើ​ដល់​អ្នក​ប្រើប្រាស់​កុំ​ប្រើប្រាស់​ហ្វេសប៊ុក បង្ក​ឲ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម​ជាតិ។

ទោះ​យ៉ាង​ណា ប្រមុខ​ដឹកនាំ​បាន​​​រិះគន់​ចំពោះ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក ខ្លះ ដែល​កន្លង​មក​បាន​ប្រើ​បណ្ដាញ​ហ្វេសប៊ុក ប្រមាថ​ព្រះមហាក្សត្រ។

​​យុវជន សាលេះ គ្រីយ៉ា ជា​និស្សិត​មក​ពី​សាកលវិទ្យាល័យ​អន្តរជាតិ ឬ​ហៅ​ថា អាយ.យូ (IU) បាន​ចាត់​ទុក​បណ្តាញ​សង្គម ហ្វេសប៊ុក ថា​មាន​សារសំខាន់​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ពិសេស​យុវជន ជុំវិញ​ការ​ធ្វើ​ទំនាក់​ទំនង និង​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​បាន​ទាន់​ពេល។ យុវជន​រូប​នេះ​ឲ្យ​ដឹង​ថា យុវជន ឬ​និស្សិត​ពេល​សព្វ​ថ្ងៃ​នេះ ពួកគេ​ត្រូវ​ការ​បណ្ដាញ​សង្គម ឬ​ហ្វេសប៊ុក ចាំបាច់​បំផុត​សម្រាប់​ធ្វើ​ទំនាក់ទំនង​ផ្សេងៗ​ជាមួយ​គ្នា។ ទន្ទឹម​គ្នា​នេះ យុវជន គ្រីយ៉ា ក៏​ទទួល​ស្គាល់​ថា មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​ប្រើ​ពាក្យពេចន៍​គ្មាន​ក្រមសីលធម៌​ផង​ដែរ។

មិន​ខុស​គ្នា​ទេ យុវជន អ៊ុយ សាមៀន បាន​ស្នើ​ទៅ​មេដឹកនាំ​គ្រប់​គណបក្ស​នយោបាយ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​មិន​ត្រូវ​បិទ​បណ្ដាញ​សង្គម ហ្វេសប៊ុក នោះ​ទេ ព្រោះ​ហ្វេសប៊ុក​នេះ បាន​ដើរ​តួ​ជា​អ្នក​នាំ​សារ​ដ៏​មាន​សារសំខាន់​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បញ្ចេញ​មតិ។

ចំណែក​កញ្ញា ទិន លក្ខិណា ជា​និស្សិត​រៀន​នៅ​សកលវិទ្យាល័យ​ន័រតុន (Norton) បាន​ឲ្យ​ដឹង​ថា រូប​នាង​ក៏​ជា​អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ដែរ។ កញ្ញា​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក មាន​ទាំង​ផល​វិជ្ជមាន​និង​អវិជ្ជមាន។ ប៉ុន្តែ​កញ្ញា​បាន​ឲ្យ​តម្លៃ​បណ្ដាញ​សង្គម​មួយ​នេះ​ថា មាន​សារសំខាន់​បំផុត​សម្រាប់​ក្រុម​យុវជន​សម័យ​បច្ចុប្បន្ន​សម្រាប់​បញ្ចេញ​មតិ ឬ​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​បាន​ឆាប់​រហ័ស។

មិន​ខុស​គ្នា​ទេ យុវជន​និង​យុវតី​ផ្សេង​ទៀត​ក៏​បាន​គាំទ្រ​ឲ្យ​មាន​បណ្ដាញ​សង្គម​ហ្វេសប៊ុក នៅ​ក្នុង​សង្គម​កម្ពុជា សម្រាប់​ទាក់ទង​បញ្ហា​ផ្សេងៗ​ជាមួយ​ពិភពលោក​នេះ​ដែរ។

អ្នក​ស្រាវជ្រាវ​សង្គម​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ប្រមាណ ១​លាន​នាក់​សម្រាប់​ធ្វើ​ទំនាក់ទំនង​គ្នា​ពេល​បច្ចុប្បន្ន។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក​ វីល្លៀម ថត (William E. Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋអា​មេរិក មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ភាសា​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​កញ្ញា នា​ស្ថានទូត​សហរដ្ឋអាមេរិក ក្នុង​ពិធី​អបអរ​អ្នក​ចូល​រួម​ក្នុង​ហ្វេសប៊ុក (Facebook) របស់​ស្ថានទូត ឲ្យ​ដឹង​ថា ហ្វេសប៊ុក​ស្ថាន​ទូត​សហរដ្ឋអាមេរិក មាន​អ្នក​ចូល​លេង​កើន​ចំនួន​ដល់​ជាង ១​សែន​នាក់ (១០០.០០០)។

ទំព័រ​ហ្វេសប៊ុក របស់​ស្ថានទូត​អាមេរិក បាន​ផ្តល់ឲ្យ​​ប្រជាជន​កម្ពុជា​ នូវ​ឱកាស​អាច​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ស្ថានទូត​អាមេរិក ដោយ​ទទួល​បាន​ព័ត៌មាន​ថ្មីៗ ស្តីពី​ព្រឹត្តិការណ៍ កម្មវិធី និង​ឱកាស​នានា និង​ដោយ​សរសេរ​មតិ និង​សំណួរ​ស្ដីពី​រឿង​ដែល​គេ​មាន​ការ​ចាប់​អារម្មណ៍។

ទំព័រ​ហ្វេសប៊ុក​នេះ ថែម​ទាំង​ធ្វើ​ជា​វេទិកា​មួយ​សម្រាប់​ឲ្យ​ប្រជាជន​កម្ពុជា លើក​ឡើង​នូវ​បញ្ហា​ផ្សេងៗ​ជាមួយ​ស្ថានទូត​សហរដ្ឋអាមេរិក ដោយ​ផ្ទាល់​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។