រដ្ឋាភិបាល​អំពាវនាវ​កុំ​ឲ្យ​យុវជន​ភ្លើតភ្លើន​ក្នុង​​ទិវា​នៃ​ក្ដី​ស្រឡាញ់ "១៤ កុម្ភៈ"

0:00 / 0:00

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​អំពាវនាវ​ឲ្យ​យុវជន​កម្ពុជា កុំ​ប្រព្រឹត្ត​ទង្វើ​ខុស​ឆ្គង ឬ​ភ្លើតភ្លើន​នៅ​ក្នុង​ថ្ងៃ "ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ" ដែល​ជា​ការ​ជាន់​ឈ្លី​ធ្ងន់ធ្ងរ​ដល់​វប្បធម៌ ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ជាតិ​ខ្មែរ។ ចំណែក​ឯ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​យុវជន និង​ស្ត្រី​យល់​ថា វិធានការ​នេះ គ្រាន់តែ​ធ្វើ​អោយ​ល្អ​មើល និង​ហាក់​ដូច​ជា​យឺតយ៉ាវ​ពេក​នៅ​ឡើយ។

​​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ យល់​ថា យុវវ័យ​នៅ​យល់​ច្រឡំ​ទៅ​លើ​អត្ថន័យ​នៃ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ដែល​ពួកគេ​និយម​ហៅ​ថា ជា​ថ្ងៃ​បុណ្យ​សង្សារ​នោះ ថា​ជា​ការ​ភ្លើតភ្លើន​ភ្លេច​ខ្លួន ឆ្លក់​វង្វេង និង​បាន​ជ្រួលជ្រើម​ខ្លាំង ភ្លេច​គិត​ពី​អនាគត និង​ការ​រៀន​សូត្រ។

​នៅ​ក្នុង​សេចក្ដី​អំពាវនាវ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ លើក​ឡើង​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការ​ចែកចាយ និង​ធានា​ថា ក្ដី​ស្រឡាញ់​ដ៏​ទូលំទូលាយ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សន្តាន​ចិត្ត​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន មាន​ជា​អាទិ៍ ក្រុម​គ្រួសារ ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូន​ចៅ និង​ចំពោះ​អ្នក​ដែល​នៅ​ក្នុង​សង្គម​ជាមួយ​គ្នា ដូចជា​ជន​ពិការ កុមារ​កំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន។

ក្រៅ​ពី​អំពាវនាវ​ឲ្យ​យុវជន​កុំ​ឲ្យ​ភ្លើតភ្លើន​ខុស​ឆ្គង ក្រសួង​ក៏​អំពាវ​ដល់​អាណាព្យាបាល សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចូល​រួម​ដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ទប់ស្កាត់​ទង្វើ​ខុសឆ្គង​របស់​យុវជន ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុង​ថ្ងៃ "ទិវា​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ" នេះ។

​ទាក់ទិន​នឹង​ទិវា​នេះ​ដែរ ក្រសួង​អប់រំ​យុវជន និង​កីឡា ក៏​បាន​អំពាវនាវ​ឲ្យ​យុវវ័យ​កុំ​ភ្លើតភ្លើន​ភ្លេច​ការ​សិក្សា បាត់បង់​កិត្តិយស សេចក្ដី​ថ្លៃថ្នូរ​របស់​ខ្លួន និង​គ្រួសារ​ផង​ដែរ ប្រាស​ចាក​វប្បធម៌ និង​ប្រពៃណី​ជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀត​ផង។ ជាង​នេះ​ទៀត ក្រសួង​ក៏​បាន​បញ្ជាក់​ឲ្យ​គ្រឹះស្ថាន​សាធារណៈ និង​ឯកជន ត្រូវតែ​រឹត​បន្តឹង​ឲ្យ​បាន​ម៉ឺងម៉ាត់​នៅ​ក្នុង​ទិវា​នេះ។

ករណី​នេះ​ត្រូវ​បាន​នាយិកា​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អ្នកស្រី រស់ សុភាព យល់​ថា វិធានការ​នេះ​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​គ្រាន់តែ​រត់​តាម​បញ្ហា​ប៉ុណ្ណោះ មិន​មែន​មាន​ឆន្ទៈ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប៉ុណ្ណោះ។ អ្នកស្រី​យល់​ថា វិធានការ​ដែល​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​គួរ​កសាង​សមត្ថភាព និង​អប់រំ​យុវជន​ចាប់​ពី​ថ្នាក់​ក្រោម៖ «ក្នុង​នាម​រដ្ឋាភិបាល​គួរ​តែ​គិត​មុន ដោយ​ដោះស្រាយ​បញ្ហា​មុន​សភាពការណ៍ ជា​ជាង​ធ្វើ​ការ​ព្យាបាល​វា។ ខ្ញុំ​គិត​ថា មាន​ប្រសិទ្ធភាព​មែន តែ​វា​យឺត​ពេល​ទៅ​ហើយ អ៊ីចឹង​មាន​តែ​អប់រំ ប្រុស និង​ស្ត្រី ពី​ភាព​ជា​ម្ចាស់ការ​របស់​គាត់​ទៅ​វិញ​ទេ»

​ទន្ទឹម​គ្នា​នេះ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ដែរ​ថា ការ​អំពាវ​នេះ គ្រាន់តែ​ជា​ចេតនា​នយោបាយ។ លោក​ថា វិធានការ​នេះ​គួរតែ​បាន​ផ្សព្វផ្សាយ​តាំង​ពី ១​ខែ​មុន មិន​មែន​មុន​មួយ​ថ្ងៃ​ទើប​ផ្សព្វផ្សាយ​នោះ​ទេ។ លោក​ថា ក្រសួង​គួរតែ​ចាត់​វិធានការ​ចំពោះ​ម្ចាស់​ផ្ទះ​សំណាក់ និង​សណ្ឋាគារ ទើប​មាន​ប្រសិទ្ធភាព​ជាង៖ «នេះ​គ្រាន់​តែ​ចេតនា​នយោបាយ និង​គ្រាន់​តែ​ជា​ការ​ឃោសនា​មួយ ដែល​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​នោះ​ទេ។ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ឲ្យ​មាន​ការ​ចូល​រួម​ពី​បណ្ដា​អ្នក​ ពាក់ព័ន្ធ ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ទៅ​វិញ​ទើប​ល្អ ធ្វើ​យ៉ាង​ឲ្យ​ម្ចាស់​ផ្ទះសំណាក់ និង​សណ្ឋាគារ​ទាំង​ផ្ដល់​សារ​អប់រំ​ល្អ​ជួយ​ដល់​យុវជន ទើប​អាច​កាត់​បន្ថយ​ការ​ខុស​ឆ្គង​បាន​ខ្លះ»

​ទិវា​បុណ្យ​នៃ​ក្ដី​ស្រឡាញ់ ១៤ កុម្ភៈ ពិត​មែន​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ភាព​ភ្លើតភ្លើន​របស់​យុវវ័យ​នៅ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ក៏ដោយ ក៏​នៅ​តែ​មិន​មាន​ស្ថាប័ន​ណា​មួយ​មាន​តួលេខ​ជាក់លាក់​ថា ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រឡាញ់​នោះ​មាន​បុរស ឬ​នារី​ប៉ុន្មាន​នាក់​ដែល​បាន​បាត់បង់​ភាព​បរិសុទ្ធ​នោះ​នៅ​ឡើយ។

ដោយ​មើល​ឃើញ​ពី​បញ្ហា​នេះ ក្រៅ​ពី​ក្រសួង​អប់រំ និង​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ បណ្ដា​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​នៅ​កម្ពុជា បាន​សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នឹង​រៀបចំ​ពិធី​រត់​ប្រណាំង​ដើម្បី​ក្ដី​ស្រឡាញ់​នៅ​កោះពេជ្រ ដើម្បី​ប្រមូល​ថវិកា​ពី​កម្មវិធី​នេះ សម្រាប់​ជួយ​ដល់​ស្ត្រី​ក្រីក្រ​នៅ​ទី​ជនបទ។

​ចំណែក​មជ្ឈមណ្ឌល​ជាតិ​ផ្ដល់​ឈាម​ក៏​រៀបចំ​ការ​ជួបជុំ​និស្សិត​ពី​តាម​បណ្ដា​សាកល​វិទ្យាល័យ​នានា អោយ​ចូលរួម​ផ្ដល់​ឈាម​នៅ​មជ្ឈមណ្ឌល​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ។ ជាង​នេះ​ទៀត ក្រុម​អង្គការ​សង្គម​ស៊ីវិល​ក៏​រៀបចំ​យុទ្ធនាការ​មួយ​រយ​កោដិ​សំឡេង​នៅ​កម្ពុជា ដើម្បី​ចូលរួម​បញ្ចប់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​សាក​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​បណ្ដា​ក្រុមហ៊ុន​ទាំង​នេះ យល់​ថា សកម្មភាព​នេះ នឹង​ជួយ​បង្វែរ​ការ​ចាប់​អារម្មណ៍​របស់​យុវជន​ឲ្យ​គេច​ចេញ​ពី​ទង្វើ​ភ្លើន​ភ្លើន​នានា ដើម្បី​ជា​​​ប្រយោជន៍​ដល់​​សង្គម​ជាតិ ជា​ជាង​ការ​ជូន​ដំណឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។