ការរឹតបន្តឹងថ្ងៃប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នៅឆ្នាំនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនមើលឃើញថា អ្នកដែលប្រឡងជាប់គឺជាសិស្សដែលមានសមត្ថភាពពិតៗ ហើយក៏នាំឲ្យគេគិតទៅដល់សមត្ថភាពរបស់យុវជនកម្ពុជា នៅក្នុងការចូលរួមប្រកួតប្រជែងទីផ្សារសេរី នៅពេលចូលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននៅឆ្នាំក្រោយនេះ។
ការប្រឡងបាក់ឌុបដែលរាល់ឆ្នាំមានអ្នកជាប់និទ្ទេសអេ (A) រាប់រយនាក់ ប៉ុន្តែខុសប្លែកឆ្នាំនេះ មានអ្នកជាប់និទ្ទេសអេ តែ ១១នាក់ប៉ុណ្ណោះ។
សម្បុរសភ្នែកតឹងៗ ទឹកមុខម៉ឺងមាត់ ជាកូនចៅចិន រស់នៅខេត្តកំពង់ឆ្នាំង ក្នុងវ័យ ១៨ឆ្នាំ ចាន់ ពិចិត្រ គឺជាយុវជនតែមួយរូបគត់ដែលទើបប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិនាឆ្នាំនេះ បានជាប់និទ្ទេសអេ លំដាប់លេខ១ ពោលគឺពិន្ទុរបស់ ពិចិត្រ បាន ១០០ពេញ ដែលពុំមានបេក្ខជនណាមួយបានពិន្ទុស្មើឡើយ។
នៅពេលសួរថាតើធ្វើដូចម្ដេចដើម្បីឲ្យប្រឡងបានពិន្ទុខ្ពស់បែបនេះ? ចម្លើយមិនមែនខំសរសេរនៅថ្ងៃប្រឡងនោះទេ ពិចិត្រ ចាប់ផ្ដើមខិតខំរៀនសូត្រខ្លាំង តាំងពីថ្នាក់ទី១១មក ដើម្បីត្រៀមខ្លួនប្រឡងដ៏តឹងតែងមួយនេះ។
ចាន់ ពិចិត្រ ជាសិស្សរៀននៅវិទ្យាល័យព្រះបាទ សុរាមឫទ្ធិ ខេត្តកំពង់ឆ្នាំង ជាកូនទោល មានឪពុកម្ដាយជាអ្នកលក់ចាប់ហួយ។ ពិចិត្រ បានរំលឹកថា គាត់មិនមានពេលជួយការងារលក់ឪពុកម្ដាយប៉ុន្មានទេ ក្រៅពីរៀននៅសាលារដ្ឋ គាត់ត្រូវទៅរៀនគួរបំប៉ន និងរៀនខ្លួនឯងនៅផ្ទះមួយថ្ងៃយ៉ាងហោចណាស់ ៣ ទៅ ៤ម៉ោងដែរ៖ «ខ្ញុំអត់សូវបានបែងចែកពេលវេលារៀនច្បាស់លាស់ប៉ុន្មានទេ។ បើមុខវិជ្ជាណាខ្ញុំអត់សូវចេះ ខ្ញុំដឹងខ្លួនថាខ្ញុំអត់សូវចេះមុខវិជ្ជាហ្នឹង ខ្ញុំខំរៀនតែមុខវិជ្ជាហ្នឹងទេ បើសល់ពីហ្នឹងខ្ញុំរៀនអាណាខ្ញុំចូលចិត្ត។ ដូចជីវៈខ្ញុំងើបទន្ទិញមេរៀនពេលព្រឹកឡើងតាមកម្លាំងដែលយើងរៀនបាន បើរៀនយូរពេកអស់កម្លាំង អ៊ីចឹងយើងត្រូវសម្រាក។ គន្លឹះសំខាន់ខ្ញុំមានតែផ្ដោតអារម្មណ៍ឲ្យខ្លាំងក្នុងមេរៀនហ្នឹង អារម្មណ៍យើងដាក់ចូលក្នុងមេរៀនហ្នឹង។ បើមានអារម្មណ៍រៀន រៀនយ៉ាងម៉េចក៏ពូកែដែរ រៀនអីក៏ចូលដែរ...»។

ក្រៅអំពីការខិតខំរៀនបន្ថែមដោយខ្លួនឯង ពិចិត្រ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលបានខិតខំបង្រៀនគាត់ និងឪពុកម្ដាយដែលតែងតែដាស់តឿនឲ្យខិតខំរៀន ហើយតាមដានការរៀនសូត្ររបស់គាត់ជានិច្ច៖ «គាត់ពន្យល់ពីជីវភាពគ្រួសារខ្ញុំ ប្រៀបធៀបជាមួយគេ ហើយគាត់ឲ្យខ្ញុំមើលសិស្សនៅសាលា ថាគេមានអី យើងអត់អី ឲ្យខំប្រឹងរៀនខ្លួនឯង ដើម្បីអនាគតខ្លួនឯងផ្ទាល់។ ខំរៀនទៅដើម្បីលើកមុខមាត់កិត្តិយសគ្រួសារយើង ក្រែងលោមានមុខមាត់នឹងគេ។ គាត់និយាយរាល់ថ្ងៃ និយាយដដែលៗឲ្យខ្ញុំខំរៀន។ គាត់តាមដានសៀវភៅខ្ញុំរាល់ខែ...»។
ចំណែកនៅឯខេត្តកំពង់ស្ពឺ បេក្ខជនប្រឡងធ្លាក់មានចំនួនច្រើន តែផ្ទុយទៅវិញខុសប្លែកពីខេត្តដទៃមានបេក្ខជនដែលឈ្នះដាច់គេប្រឡងជាប់ហើយបាននិទ្ទេសល្អទៀត។
យុវតី ចាន់ កិត្យាភារ៉ា វ័យ ១៧ឆ្នាំ ជាបេក្ខជននិទ្ទេសអេ ពិន្ទុ ៩៩,៩៩៦ មានរូបរាងស្គម ការនិយាយរបស់នាងលាយឡំជាមួយស្នាមញញឹមជាប់ជានិច្ច យុវតីរូបនេះ ក៏បានចូលរួមចែករំលែកបទពិសោធន៍ដល់សិស្សផ្សេងៗឲ្យក្លាយជាសិស្សពូកែដូច្នេះ៖ «រាល់ថ្ងៃខ្ញុំងើបម៉ោង ៥ (ទៀបភ្លឺ) ដើម្បីមើលមេរៀនដែលនឹងត្រូវរៀននៅថ្ងៃហ្នឹង បន្ទាប់មកម៉ោង ៦ ខ្ញុំត្រូវទៅរៀនគួរបន្ថែមនៅសាលា ហើយចូលរៀនរដ្ឋម៉ោង ៧ ចូលផ្ទះវិញម៉ោង ១១។ ខ្ញុំអត់សូវមានពេលជួយធ្វើការប៉ាម៉ាក់ប៉ុន្មានទេ។ ម៉ោង ១២ ខ្ញុំត្រូវរៀនគួរបន្ថែមទៀត ដល់ម៉ោង ៥។ បន្ទាប់មកខ្ញុំត្រូវមានកាលវិភាគសិក្សាខ្លួនឯងនៅផ្ទះ ពីម៉ោង ៧ ដល់ម៉ោង ១០ (យប់)។ អត់ទៀងដែរ មានពេលខ្លះខ្ញុំចង់មើលទូរទស្សន៍អីបន្ទាប់ពីការធុញថប់។ បន្ទាប់ពីការយកចិត្តទុកដាក់រៀននៅសាលា គួរតែមានកាលវិភាគផ្ទាល់ខ្លួន ស្វ័យសិក្សាខ្លួនឯងនៅផ្ទះ។ ព្រោះថា នៅសាលា យើងក៏រៀន គេក៏រៀន អ៊ីចឹងអ្វីដែលយើងអាចធ្វើឲ្យបានលើសគេ គឺយើងត្រូវខំប្រឹងប្រែងរៀនបន្ថែមខ្លួនឯងនៅផ្ទះ»។
បេក្ខជនប្រឡងដែលបានជាប់និទ្ទេសអេទាំង ១១នាក់ នៅឆ្នាំ២០១៣នេះ មានក្ដីប្រាថ្នាទៅថ្ងៃអនាគតខុសៗគ្នា។
ចាន់ ពិចិត្រ បានថ្លែងថា មុខវិជ្ជាដែលខ្លួនស្រលាញ់ជាងគេគឺមុខវិជ្ជា គណិតវិទ្យា។ ជាលទ្ធផលមុខវិជ្ជានេះគាត់ប្រឡងបាននិទ្ទេសអេ ក្រៅពីនេះមុខវិជ្ជាជីវៈ រូបវិទ្យ និងគីមីវិទ្យា ក៏មិនចាញ់ប៉ុន្មានដែរ។ ដោយសារតែចំណង់ចំណូលចិត្តនឹងមុខវិជ្ជាទាំងនេះ បានតោងឲ្យ ពិចិត្រ ចង់រៀនបន្តនៅក្រៅប្រទេសលើមុខវិជ្ជាវិទ្យាសាស្ត្រសុខាភិបាល ដែលក្ដីប្រាថ្នានៅថ្ងៃអនាគតចង់ក្លាយជាគ្រូពេទ្យ ដែលអាចសម្រេចគោលដៅធំរបស់គេមួយទៀត គឺចង់លើកស្ទួយវិស័យសុខាភិបាលនៅប្រទេសកំណើត។
ថ្វីត្បិតតែពួកគេមានក្ដីប្រាថ្នារៀងៗខ្លួន ប៉ុន្តែនាពេលនេះ ពួកគេហាក់បីដូចជាទេវបុត្រ ឬម្ចាស់ក្សត្រី។ ពួកគេជាកូនក្រមុំដែលមានអ្នកចូលចែចូវស្ដីដណ្ដឹង។ សាកលវិទ្យាល័យក្នុងស្រុកមួយចំនួនរង់ចាំតែផ្ដល់អាហារូបករណ៍ ឲ្យតែពួកគេហារមាត់ថាចង់។ ប៉ុន្តែពួកគេទាំង ១១នាក់នាពេលនេះ រាងឫកបន្តិចហើយ ដោយមានភាពអល់អែកគិតពិចារណាក្នុងពេលដែលពួកគេមានមហិច្ឆតាចង់ទៅរៀននៅក្រៅស្រុកដើម្បីវិលមកធ្វើការជួយប្រទេសជាតិវិញនោះ។
បេក្ខជនប្រឡងជាប់និទ្ទេសអេ ទាំង ១១រូប មានស្រី ៥រូប និងប្រុស ៦រូប ត្រូវបានគេផ្ដួចផ្ដើមគំនិតហៅមកជួបជុំគ្នានៅសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ នៅថ្ងៃទី៥ ខែកញ្ញា ដើម្បីធ្វើតេស្តសមត្ថភាពផ្នែកភាសាវិញម្ដង ដែលសាលាអន្តរជាតិមួយនេះនឹងផ្ដល់អាហារូបករណ៍ឲ្យពួកគេរយៈពេល ៤ឆ្នាំ។ មានអ្នកចូលរួមត្រេកអរកោតសរសើរ មានសប្បុរសជនផ្ដល់កាដូលើកទឹកចិត្ត ហើយសូម្បីតែនាយករដ្ឋមន្ត្រី និងបក្សប្រឆាំងជួបហើយថែមទាំងផ្ដល់កាដូថវិកាលើកទឹកចិត្តដែរ។
ការប្រឡងជាប់បាក់ឌុបក្រោមកំណែទម្រង់របស់ក្រសួងអប់រំឆ្នាំនេះ គេមើលឃើញថា បេក្ខជនដែលប្រឡងជាប់ជាបេក្ខជនដ៏កម្រក្នុងប្រព័ន្ធអប់រំកម្ពុជា ដែលគេរិះគន់ថាមានភាពទន់ខ្សោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
