កម្មករ​រោងចក្រ​ហ្គ្រេនធ្វីន​ប្រមាណ​៣​ពាន់​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤

កម្មករ​រោងចក្រ​ហ្រ្គេនធ្វីន (Grand Twins) ប្រមាណ ៣.០០០​នាក់ បិទ​ផ្លូវ​ជាតិ​លេខ​៤ បំណង​សុំ​អោយ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​ថ្លៃ​បាយ ទូទាត់​សំណង និង​ផ្លាស់​ប្ដូរ​លក្ខខណ្ឌ​ការងារ​ចំនួន​ជាង ១០​ចំណុច។

ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​វិទ្យាល័យ​ជម្ពូវ័ន ឋិត​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ត្រូវ​កក​ស្ទះ​មួយ​រយៈពេល កាល​ពី​ព្រឹក​ម៉ោង​១០ ថ្ងៃ​ទី​២៤ ខែ​តុលា។ ប៉ុន្តែ​ក្រុម​កម្មករ បាន​សម្រេច​បើក​ផ្លូវ​ភ្លាមៗ​ដែរ នៅ​ពេល​ដែល​អាជ្ញាធរ​សង្កាត់​ចោមចៅ ព្យាយាម​សម្រប​សម្រួល​អោយ​កម្មករ​រង់ចាំ​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន។

ក្រុម​កម្មករ​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ពួក​គេ​ទាមទារ​ប្រាក់​ថ្លៃ​បាយ​ប្រចាំ​ថ្ងៃ​ចំនួន ២.០០០​រៀល និង​បន្ថែម ១.០០០​រៀល​ទៀត​ពេល​ថែម​ម៉ោង។ ស្រប​គ្នា​នេះ កម្មករ​ទាមទារ​អោយ​រោងចក្រ​ទូទាត់​សំណង​ចាស់​អោយ​កម្មករ គឺ​សំណង​ដែល​រោងចក្រ​បាន​ប្ដូរ​ឈ្មោះ​ពី​រោងចក្រ ឃ្យូអិមអាយ (QMI) មក​ជា​រោងចក្រ ហ្រ្គេនធ្វីន ដោយ​ពុំ​បាន​ផ្ដល់​សំណង​ដល់​កម្មករ រួម​និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

តំណាង​សហព័ន្ធ​សហជីព​សំឡេង​កម្មករ​កម្ពុជា លោក ឃិន ណាំហោ មាន​ប្រសាសន៍​ថា កម្មករ​ទាំងអស់​នឹង​បន្ត​ការ​តវ៉ា​ទៀត​រហូត​មាន​ដំណោះស្រាយ៖ «ការ​ធ្វើ​កូដកម្ម​ហ្នឹង អត់​មាន​អី​គួរ​កត់​សម្គាល់ គឺ​អត់​ទាន់​មាន​ការ​ដោះស្រាយ ទើប​ប្រកាស​អោយ​កម្មករ​រំសាយ​សម្រាក​សិន ហើយ​ស្អែក​យើង​បន្ត​តវ៉ា​ទៀត»

ក្រុម​កម្មករ​នៃ​រោងចក្រ ហ្រ្គេនធ្វីន បាន​តវ៉ា​សុំ​កែប្រែ​លក្ខខណ្ឌ​ការងារ​នេះ​មាន​រយៈពេល ៤​ថ្ងៃ​មក​ហើយ ប៉ុន្តែ​នៅ​ពុំ​ទាន់​បាន​ការ​ឆ្លើយ​តប​ថា​យ៉ាង​ណា​ពី​ភាគី​រោងចក្រ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។