សមាជិកសមាគមមគ្គុទ្ទេសក៍ទេសចរណ៍តំបន់រាជធានីភ្នំពេញ ផ្នែកភាសាវៀតណាម សម្ដែងការព្រួយបារម្ភពីការកើនឡើងនៃវត្តមានរបស់មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាម ដែលមិនបានឆ្លងកាត់ការបណ្តុះបណ្តាល និងមិនមានអាជ្ញាប័ណ្ណពីក្រសួងទេសចរណ៍ ប៉ុន្តែពួកគេអាចនាំភ្ញៀវទេសចរជនជាតិវៀតណាម នៅលើទឹកដីកម្ពុជា បាន។
ការកើនឡើងនេះ ធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ ផ្នែកភាសាវៀតណាម ដែលឆ្លងកាត់ការបណ្តុះបណ្តាល និងទទួលបានអាជ្ញាប័ណ្ណពិតប្រាកដនោះ បែរជាខ្វះការងារធ្វើទៅវិញ។
ស្របពេលដែលភ្ញៀវទេសចរជនជាតិវៀតណាម ដែលមកទស្សនានៅប្រទេសកម្ពុជា មានការកើនឡើង និងស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ១ បើប្រៀបធៀបទៅនឹងភ្ញៀវទេសចរបរទេសផ្សេងៗទៀត មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ ដែលនិយាយភាសាវៀតណាម បែរជារអ៊ូរទាំពីការគ្មានភ្ញៀវទេសចរជនជាតិវៀតណាម សម្រាប់ពួកគេនាំដើរទៅវិញ។
អនុប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍តំបន់រាជធានីភ្នំពេញ ផ្នែកភាសាវៀតណាម តែសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍នៅថ្ងៃទី៣ ខែកក្កដា ថា មូលហេតុដែលនាំឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ ផ្នែកភាសាវៀតណាម ពុំសូវមានការងារធ្វើ គឺដោយសារមានវត្តមានមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាម ដែលចូលមកផ្ទាល់ពីប្រទេសវៀតណាម និងដោយសារការកើនឡើងនៃចំនួនមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាម នៅកម្ពុជា ដែលពុំមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោកថា មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិវៀតណាម ទាំងនោះ ខ្លះមិនទាំងចេះនិយាយភាសាខ្មែរផង៖ «ក្រៅពីធ្វើឲ្យមគ្គុទ្ទេសក៍ទេសចរណ៍ក្នុងស្រុកអត់មានការងារធ្វើ វាអាចប៉ះពាល់ទៅដល់ផ្នែកប្រវត្តិសាស្ត្រមគ្គុទ្ទេសក៍ទេសចរណ៍ដែលមកដាយរែឃ (Direct) ពីវៀតណាម ហ្នឹង គាត់អត់ចេះភាសាខ្មែរ ពេលខ្លះគាត់និយាយប្រវត្តិសាស្ត្រតែផ្ដេសផ្ដាស វាត្រឹមត្រូវទៅតាមអ្វីដែលហ្កាយ (Guide) នៅក្នុងស្រុកហ្នឹង គេឆ្លងកាត់វគ្គបណ្តុះបណ្តាល មគ្គុទ្ទេសក៍ទេសចរណ៍ជាឧទាហរណ៍ ដូចហ្កាយមួយចំនួន ដែលគាត់អត់ចេះភាសាខ្មែរ គាត់ជិះកាត់រដ្ឋសភា គាត់ថាវត្ត មកអំពីរដ្ឋសភាហ្នឹងគេដាក់ភាសាខ្មែរ ថារដ្ឋសភា អ៊ីចឹងអត់មានដាក់ភាសាអង់គ្លេសទេ ដល់ពេលភ្ញៀវសួរថា អាហ្នឹងជាស្អី មគ្គុទ្ទេសក៍ទេសចរណ៍លើឡានហ្នឹង គាត់ថាអាហ្នឹងវត្ត អាហ្នឹងជាភាពជាក់ស្តែងមួយ»។
អនុប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះ ទទួលស្គាល់ថា មគ្គុទ្ទេសក៍ជនជាតិខ្មែរមិនអាចនិយាយភាសាវៀតណាម បានល្អដូចមគ្គុទ្ទេសក៍ជនជាតិវៀតណាម ឡើយ តែទោះជាយ៉ាងណា លោកថា ពួកគេមិនមែនជាជនជាតិខ្មែរ មិនបានឆ្លងកាត់ការបណ្តុះបណ្តាលរបស់ក្រសួងទេសចរណ៍កម្ពុជា ហើយក៏មិនទទួលបានអាជ្ញាប័ណ្ណ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍ ផងដែរ។ លោកស្នើឲ្យក្រសួងទេសចរណ៍ មានយន្តការ និងធ្វើការផាកពិន័យចំពោះជនទាំងឡាយណា ដែលមិនទទួលបានអាជ្ញាប័ណ្ណ ប៉ុន្តែនាំភ្ញៀវទេសចរដើរផ្ដេសផ្ដាស។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីប្រធាននាយកដ្ឋានអប់រំបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍ក្រសួងទេសចរណ៍ លោក សែន រតនា បានឡើយ នៅថ្ងៃទី៣ ខែកក្កដា។ ចំណែករដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន វិញឆ្លើយថា លោកជាប់រវល់ប្រជុំ។
ចំណែកសហប្រធានក្រុមទេសចរណ៍កម្ពុជា លោក ហូ វណ្ឌី វិញ កត់សម្គាល់ថា បញ្ហានេះបានកើតឡើងជាយូរមកហើយ ប៉ុន្តែក្រសួងទេសចរណ៍ មិនបានចាត់វិធានការប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហានេះឡើយ។ លោកថា ការអូសបន្លាយមិនស្វែងរកដំណោះស្រាយនេះ វាធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់មគ្គុទ្ទេសក៍ទេសចរណ៍ ដែលទទួលបានការបណ្តុះបណ្តាល និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោក ហូ វណ្ឌី៖ «កន្លងមកយើងឃើញហើយ ធ្លាប់មានបាតុភាពហ្នឹងកើតឡើង មិនត្រឹមតែមគ្គុទ្ទេសក៍ភាសាវៀតណាម ទេ សូម្បីតែមគ្គុទ្ទេសក៍ភាសាចិន ក៏មានបញ្ហា សូម្បីមគ្គុទ្ទេសក៍ភាសាកូរ៉េ ក៏មានបញ្ហាដែរ។ ដូច្នេះ វិធានការទៅថ្ងៃក្រោយ ប្រសិនជាយើងមិនបានចាត់វិធានការណាមួយតឹងតែង ឬក៏តឹងរ៉ឹងណាមួយយកផ្លូវច្បាប់មកនិយាយទេ បញ្ហានៅតែកើតមានអ៊ីចឹង ហើយចាំតែដោះស្រាយទៅ ដោះស្រាយមួយថ្ងៃហ្នឹង ស្អែកវាកើតឡើងទៀត ដោយសារអីច្បាប់ធូររលុង»។
យោងតាមអនុក្រឹត្យស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍ ចែងថា ក្រសួងទេសចរណ៍ ជាស្ថាប័នមានសមត្ថកិច្ចក្នុងការគ្រប់គ្រងមគ្គុទ្ទេសក៍ទេសចរណ៍ និងផ្តល់អាជ្ញាប័ណ្ណ ហើយអ្នកដែលអាចក្លាយជាមគ្គុទ្ទេសក៍ទេសចរណ៍បាន លុះណាតែបុគ្គលនោះមានសញ្ជាតិខ្មែរ និងឆ្លងកាត់ការបណ្តុះបណ្តាលជំនាញមគ្គុទ្ទេសក៍ទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។
លើសពីនេះ អនុក្រឹត្យស្ដីពីមគ្គុទ្ទេសក៍ទេសចរណ៍ ក៏ចែងដែរថា គ្មានបុគ្គលណាម្នាក់អាចប្រកបអាជីវកម្មជាមគ្គុទ្ទេសក៍ទេសចរណ៍បានទេ ប្រសិនបើបុគ្គលនោះមិនបានទទួលការផ្តល់អាជ្ញាប័ណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
