កម្មកររោងចក្រ ហារតា (Harta) ដែលមានទីតាំងនៅភូមិកន្ត្រក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រមាណ ២០នាក់ ក្នុងចំណោមកម្មករជិត ៣០០នាក់ (២៨៥) បានប្រមូលផ្ដុំគ្នានៅខាងមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ មិថុនា។
ការជួបជុំជាថ្មីទៀតនេះ គឺជំរុញស្ថាប័នជំនាញរបស់រដ្ឋ ជួយអន្តរាគមន៍ទៅភាគីរោងចក្រ ឲ្យអនុវត្តតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាធរកណ្ដាល អំពីប្រាក់អតីតភាពការងាររបស់ពួកគេ។
គិតមកដល់ពេលនេះ វិវាទបានបន្តអូសបន្លាយជិត ៥ខែមកហើយ ចាប់តាំងពីរោងចក្រដែលផលិតក្រដាសកាតុងរបស់ម៉ាឡេស៊ី ផ្លាស់ប្ដូរឈ្មោះរោងចក្រពី ហារតា មកជាឈ្មោះរោងចក្រ អូជី វិញ។
ថ្លែងនៅខាងមុខរបងក្រសួងការងារ កាលពីព្រឹកថ្ងៃទី១៦ មិថុនា នាយកផ្នែកផលិតកម្មខាងកាតុង និងជាតំណាងសហជីពមិត្តកម្មករផង លោក ស៊ន បូរ៉ា ថ្លែងថា មូលហេតុដែលកម្មករនៅតែបន្តធ្វើកូដកម្មជាថ្មីទៀតនេះ ព្រោះតែខាងភាគីរោងចក្រមិនព្រមចេញមុខដោះស្រាយរឿងប្រាក់អតីតភាពការងាររបស់ពួកគេ។ លោកបន្តថា ចំណែកខាងក្រសួងការងារ វិញបែរជាឆ្លើយតបថា ពុំមានលទ្ធភាពដោះស្រាយឡើយ ហើយបានជំរុញឲ្យក្រុមកម្មករបន្តស្វែងរកមធ្យោបាយដោយខ្លួនឯងចុះ។
លោកថ្លែងទៀតថា មកដល់ពេលនេះទៅហើយ ក្រុមកម្មករមិនចង់បានអ្វីច្រើនទៀតទេ ក្រៅពីស្នើសុំឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅភាគីរោងចក្រ ហារតា ជំរុញក្នុងការអនុវត្តតាមស្មារតីនៃសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលប៉ុណ្ណោះ៖ «ការអន្តរាគមន៍ពីពួកគាត់ទៅខាងក្រុមហ៊ុនហ្នឹង គឺអន្តរាគមន៍ ប៉ុន្តែឥតមានពន្លឺអីទេ ឮតែក្រុមហ៊ុននៅតែប្ដឹងផ្ដល់ពួកខ្ញុំទៅដល់តុលាការ។ ដោះស្រាយគ្នានៅតុលាការរហូត គឺខាងក្រសួងគេឥតមានដំណោះស្រាយអីទេ។ គាត់ថាគាត់អស់លទ្ធភាពក្នុងការសម្របសម្រួលហើយ គណៈកម្មការបាតុកម្មកូដកម្មហ្នឹងហើយ គាត់បាននិយាយទៀតថា ឲ្យពួកខ្ញុំ បើសិនជាមានកម្លាំងមានពេលវេលា នឹងនាំគ្នាកូដកម្មគ្រប់ស្ថាប័នណាក៏កូដកម្មចុះ ឲ្យតែយើងមានកម្លាំង គឺជាសិទ្ធិសេរីភាពរបស់បងប្អូនកម្មករ»។
ទិដ្ឋភាពក្នុងពេលតវ៉ាជាថ្មីទៀតនេះ កម្មករបានឈរនៅលើចិញ្ចើមផ្លូវអមដោយបដាជាច្រើនផ្ទាំង ដែលមានសរសេរខ្លឹមសារនៃសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផង។ ក្រៅពីនេះ ថែមទាំងមានរូបថតចំនួន ២សន្លឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយារបស់លោកថែមទៀត។ បន្ថែមពីលើនេះ កម្មករបានយកលក្ខន្តិកៈ និងរចនាសម្ព័ន្ធដែលមានចែកនៅក្នុងក្រុមហ៊ុន លាតត្រដាងជាសាធារណៈទៀតផង។
កម្មករជិត ៣០០នាក់ (២៨៥) បានផ្ទុះកូដកម្ម គិតមកដល់ពេលនេះបន្តអូសបន្លាយជិត ៥ខែមកហើយ ចាប់តាំងពីឆ្នាំ២០១២ មក។ មូលហេតុកម្មករងើបតវ៉ានេះឡើង នៅបន្ទាប់ពីអតីតរោងចក្រ ហារតា របស់ម៉ាឡេស៊ី ផ្ទេរវិនិយោគឲ្យក្រុមហ៊ុនជប៉ុនឈ្មោះ អូជី (OJI) ជាអ្នកគ្រប់គ្រង និងមើលការខុសត្រូវវិញ។ រហូតមកដល់ពេលនេះ កម្មករអះអាងថា ពុំមានភាគីណាមួយចេញមុខអន្តរាគមន៍ឡើយ ដោយរួមទាំងស្ថាប័នជំនាញរបស់រដ្ឋផង។
ឆ្លើយតបបញ្ហានេះ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថា នៅពេលនេះស្ថាប័នជំនាញរបស់រដ្ឋកំពុងធ្វើកិច្ចការនេះជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាល លើសំណើរបស់កម្មករនេះហើយ។ លោកបន្តថា ប៉ុន្តែប្រសិនបើក្រោយវិធានការនេះបានបិទបញ្ចប់ ហើយភាគីជម្លោះណាមួយកើតទុក្ខមិនសុខចិត្ត អាចមានសិទ្ធិប្ដឹងបន្តទៀតប្រឆាំងសេចក្ដីសម្រេចនេះបានទៅតុលាការ៖ «គាត់បានស្នើសុំឲ្យក្រសួងបន្តជួយជំរុញឲ្យខាងរោងចក្រ ហារតា ទទួលយកនូវអ្វីដែលជាសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយចំណុចនេះ គឺក្រសួងបានកំពុងធ្វើការសម្របសម្រួលជាមួយក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ ហើយមួយទៀត អ្វីដែលបងប្អូនកម្មករនិយោជិត គាត់អាចជ្រើសរើសយកនីតិវិធីមួយទៀត គឺថាក្រោយពីការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បើសិនជាមានភាគីមិនទទួលយកសេចក្ដីសម្រេចនេះទេ គឺគេអាចបដិសេធបាន»។
កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានសម្រេចបង្គាប់ឲ្យភាគីរោងចក្រ ហារតា ត្រូវទូទាត់ប្រាក់បណ្ដេញចេញ និងប្រាក់បំណាច់ទូទាត់ជួសការជូនដំណឹងមុនជូនពួកគាត់។ បន្ថែមលើនេះ សេចក្ដីបង្គាប់នេះក៏សម្រេចឲ្យភាគីរោងចក្រ ទទួលយក លោក ស៊ន បូរ៉ា ចូលធ្វើឡើងវិញ។ ប៉ុន្តែការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះដដែល បានបដិសេធការទាមទាររបស់កម្មករនិយោជិត ដែលស្នើឲ្យខាងរោងចក្រទទួលយកកម្មករ ដែលមានកិច្ចសន្យាការងារមានថេរវេលាមិនកំណត់ក្នុងចំណោម ២០៦នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
