ប្រជាពលរដ្ឋនៅក្រុងកំពង់ឆ្នាំង សម្រុកទិញមួកសុវត្ថិភាពប្រើកាន់តែច្រើន ខណៈសមត្ថកិច្ចប៉ូលិសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅតាមដងផ្លូវនានា ក្នុងក្រុង ចាប់តាំងពីថ្ងៃទី១ ខែមករា មក។
តើប្រជាពលរដ្ឋដែលជាអ្នកបើកបរយានយន្តគ្រប់ប្រភេទ ឬអ្នកប្រើប្រាស់ផ្លូវថ្នល់នៅក្នុងក្រុងកំពង់ឆ្នាំង បានចូលរួមពាក់មួកសុវត្ថិភាព និងយល់ដឹងពីច្បាប់ចរាចរណ៍បានកម្រិតណាហើយក្នុងការបើកបរពេលបច្ចុប្បន្ន?
ក្រុមសិស្សនិស្សិត អ្នកចម្ការ ពលរដ្ឋរស់នៅក្នុង និងជាយក្រុង បានចតម៉ូតូចុះទិញមួកសុវត្ថិភាពនៅតាមតូបជាច្រើន នៃប៉ែកខាងជើងផ្សារលើ និងខ្លះឈប់ទិញនៅតាមដងផ្លូវដែលមានតម្លៃថ្លៃ ឬថោកជាងនៅទីផ្សារបន្តិចទៅតាមការតថ្លៃគ្នា។ ពួកគាត់មួយចំនួនថា ការសម្រេចចិត្តទិញមួកសុវត្ថិភាពមកពាក់នៅពេលនេះ គឺដោយសារខ្លាចសមត្ថកិច្ចពិន័យ ប៉ុន្តែអ្នកខ្លះថា គិតពីអាយុជីវិតច្រើនជាង។
កញ្ញា រស្មី កំពុងទិញមួកសុវត្ថិភាពជាមួយមិត្តភ័ក្ដិក្នុងចំណោមពលរដ្ឋជាច្រើនទៀតដែលកំពុងតថ្លៃមួកនៅខាងមុខតូបលក់ដូរមួយកន្លែងនៅប៉ែកខាងជើងផ្សារលើ មានប្រសាសន៍ថា កញ្ញា និងមិត្តភ័ក្ដិបួននាក់ទៀត សម្រេចទិញមួកសុវត្ថិភាព ដើម្បីការពារជីវិតផង និងការផាកពិន័យផង។ ការពិតកញ្ញាបានដឹងពីសារប្រយោជន៍ នៃការពាក់មួកសុវត្ថិភាពយូរហើយ ប៉ុន្ដែទើបមានលុយទិញ៖ «វា (មួកសុវត្ថិភាព) អាចជួយការពារសុវត្ថិភាពយើងពេលមានគ្រោះថ្នាក់ ហើយជួយការពារថ្ងៃ។ ហេតុអ្វីបានជាប្អូនសម្រេចទិញមួកនៅពេលនេះ? ខ្ញុំចង់ការពារសុវត្ថិភាពរបស់ខ្ញុំ កន្លងមកខ្ញុំអត់ធ្លាប់ពាក់ទេ ព្រោះខ្ញុំអត់ទាន់មានម៉ូតូជិះតែខ្ញុំជិះពីក្រោយគេ»។
ចំណែកបុរសវ័យប្រមាណ ៥០ម្នាក់ ដែលកំពុងអង្គុយលើម៉ូតូរង់ចាំម៉ូយឌុបនៅខាងមុខផ្សារលើ ក្រុងកំពង់ឆ្នាំង គឺលោក ជុំ ទិត្យ ឲ្យដឹងថា រូបលោកបានចាប់អាជីពរត់ម៉ូតូឌុបជាង ២១ឆ្នាំហើយ មិនដែលឲ្យអ្នករួមដំណើរជាមួយពាក់មួកសុវត្ថិភាពនោះទេ ប៉ុន្តែពេលនេះលោកសម្រេចពាក់ខ្លួនឯងផង និងត្រៀមមួកមួយទៀតសម្រាប់ភ្ញៀវ។
លោកថា នឹងទិញមួកថែមមួយទៀតឲ្យគ្រប់ពីរសម្រាប់អ្នកជិះពីក្រោយចំនួនពីរនាក់ ទើបទាន់សភាពការណ៍ ឬមានម៉ូយជិះកាន់តែច្រើន និងមិនបារម្ភពីសុវត្ថិភាព៖ «វាអត់ទៀង ថ្ងៃណាទៅមួយព្រឹកបាន ៣ម៉ឺន ២ម៉ឺន បាន ១ម៉ឺនប្រាំ (១៥.០០០) ក៏មាន ហើយម្សិលមិនខ្ញុំរត់អត់សូវបានទេ បានតែមួយម៉ឺនមួយថ្ងៃ។ ជិន ជេដ្ឋា៖ ហេតុអ្វីបានជាចំណូលថយចុះអ៊ីចឹង? គេខ្លាចយើងជួនកាលថា ប៉ូលិសចាប់មួកអ្នកខាងក្រោយអ៊ីចឹងមួកមានតែមួយគេអត់ហ៊ានជិះដល់ពីរ គឺជិះតែម្នាក់ៗ»។
តូបលក់ដូរមួយចំនួននៅផ្សារលើ និងផ្សារក្រោម ក្រុងកំពង់ឆ្នាំង ដែលធ្លាប់ដាក់មួកតាំងលក់ជាមួយរបស់របរផ្សេងទៀត បានបង្កើនការកុម្ម៉ង់ទិញមួកសុវត្ថិភាពស្ទើរគ្រប់ប្រភេទពីរាជធានីភ្នំពេញ ដើម្បីយកមកដាក់លក់ច្រើនទ្វេដង។ អាជីវករទាំងនោះមានខ្លះបានលក់យកចំណេញច្រើនជាងថ្ងៃធម្មតា គឺមុនថ្ងៃទី១ ខែមករា និងខ្លះលក់ក្នុងតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវឲ្យមកទិញកាន់តែច្រើន។
អាជីវករលក់គ្រឿងបន្លាស់ម៉ូតូ និងគ្រឿងជ័រក្បែរផ្សារលើ ថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ដែលសមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក លោកស្រីលក់មួកសុវត្ថិភាពអស់ចន្លោះពី ២៥ ទៅ ៣០មួកក្នុង១ថ្ងៃ។ មួក ១មានតម្លៃចន្លោះពី១ម៉ឺនពីរពាន់រៀល ទៅ៨ម៉ឺនរៀល ដែលតម្លៃទាំងនេះលោកស្រីមិនបានលក់ឡើងថ្លៃជាងថ្ងៃធម្មតានោះទេ។
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រង់ជំពូកទី៣ មាត្រា៨ ចែងថា ទោចក្រយានយន្តអាចផ្ទុកមនុស្ស ២នាក់ និងអាចបន្ថែមបានកុមារម្នាក់។ អ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ ត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។ ក្នុងករណីអ្នកបើកបរទោចក្រយានយន្តមិនពាក់មួកសុវត្ថិភាព នឹងត្រូវពិន័យគុណនឹង ៥ដង នៃច្បាប់ចាស់ឆ្នាំ២០០៧ ស្មើនឹង ១៥.០០០រៀល។
នាយរងសណ្ដាប់ធ្នាប់ក្រុងនៃអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង លោក មុយ អ៊ីម មានប្រសាសន៍ថា ក្នុងរយៈពេលបួនថ្ងៃ នៃការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីលោកសង្កេតឃើញថា ពលរដ្ឋបានប្រើមួកសុវត្ថិភាព និងកញ្ចក់មើលក្រោយជាង ៧៥ភាគរយហើយ។
លោកថា ស្នងការបានបញ្ជាឲ្យកម្លាំងចុះអនុវត្តច្បាប់ផ្ដោតលើបញ្ហាបី គឺមួកសុវត្ថិភាព កញ្ចក់មើលក្រោយ និងយានយន្តគ្មានស្លាកលេខ៖ «សកម្មភាពព្រឹកនេះបានចំនួន ២៦ករណី ទាក់ទងនឹងខ្សែក្រវាត់ឡាន មួក និងកញ្ចក់។ រយៈពេល ៤ថ្ងៃដែលខ្ញុំធ្វើមកនេះមានប្រជាពលរដ្ឋ៧៥ ទៅ ៨០ភាគរយហើយ»។
របាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង បង្ហាញថា រយៈពេលពីរថ្ងៃដំបូង នៃយុទ្ធនាការចុះពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនៅដើមឆ្នាំ២០១៦ បានឃាត់ឡាន និងម៉ូតូជិត ២០០គ្រឿង (១៥២គ្រឿង) ព្រមទាំងបានអប់រំច្បាប់ចរាចរណ៍ដល់អ្នកប្រើប្រាស់ផ្លូវជាង ១ពាន់នាក់ (១.២២៤នាក់)។ ម៉ូតូគ្មានពន្ធ ឬស្លាកលេខដែលបានឃាត់មករក្សាទុក សមត្ថកិច្ចទុកពេលឲ្យម្ចាស់១សប្ដាហ៍ ដើម្បីដោះស្រាយ។
មាត្រា៨២ នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដដែលចែងថា ជនណាប្រើប្រាស់យានយន្តគ្មានប័ណ្ណសម្គាល់ ឬគ្មានស្លាកលេខសម្គាល់រថយន្ត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃទៅ ១ខែ និងពិន័យជាប្រាក់ចំនួន ១សែនរៀលទៅ ៨សែនរៀល។
ព្រះរាជក្រមបានប្រកាសឲ្យប្រើច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី ដែលរដ្ឋសភាអនុម័តកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៥ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នាសម័យប្រជុំលើកទី៦ នីតិកាលទី៣។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ មាន ១២ជំពូក និង ៩២មាត្រា ហើយមានការកែប្រែលើខ្លឹមសារ និងការផាកពិន័យមួយចំនួន គឺខុសពីច្បាប់ចរាចរណ៍ផ្លូវគោកចាស់ឆ្នាំ២០០៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
