ប៉ូលិស​ខេត្ត​សៀមរាប​កំពុង​ស៊ើប​អង្កេត​រក​អ្នក​បង្កៃ​គ្រាប់​បែក​លើ​ទូក​សកម្មជន​បក្ស​ប្រឆាំង

ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ខ្ចាស់ នៃ​ស្រុក​សូទ្រនិគម កំពុង​ស៊ើប​អង្កេត​រក​មុខ​អ្នក​ពាក់ព័ន្ធ​ក្នុង​ការ​ដាក់​បង្កៃ​គ្រាប់​បែក​ដៃ ១​គ្រាប់ ដើម្បី​ប៉ុនប៉ង​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់។

ការ​ស៊ើប​អង្កេត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គេ​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ ១​គ្រាប់​ផលិត​នៅ​ប្រទេស​ចិន ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ដាក់​បង្កៃ​នៅ​លើ​ទូក​របស់​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ ដែល​ដាក់​ទុក​ចោល​នៅ​តំបន់​ព្រៃ​លិច​ទឹក​សម្រាប់​នេសាទ​ត្រី។

មន្ត្រី​ប៉ូលិស​ឃុំ​ខ្ចាស់ មួយ​រូប ដែល​ទៅ​ពិនិត្យ​ហេតុការណ៍​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែ​កុម្ភៈ ថា គ្រាប់​បែក​ដៃ​ដែល​ជន​មិន​ស្គាល់​មុខ​ដាក់​បង្កៃ​លើ​ទូក ដោយ​មាន​ចង​ខ្សែ​អំបោះ​នោះ គឺ​ពិត​ជា​គម្រោង​ប៉ុនប៉ង​ធ្វើ​ឃាត​មនុស្ស ពីព្រោះ​នៅ​តំបន់​នោះ​ពុំ​ដែល​មាន​គ្រាប់​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ទេ៖ «កន្លែង​នោះ​មិន​ដែល​មាន​គ្រាប់​សេសសល់​ពី​សង្គ្រាម​ទេ ទាល់​តែ​គេ​ដាក់​បាន​មាន។ កន្លង​មក​មិន​ដឹង​ថា​គាត់​មាន​រឿង​នឹង​អ្នក​ណា ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ គាត់​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ»

លោក កុយ សារៀន អាយុ ៦៣​ឆ្នាំ​នៅ​ភូមិ​យាងទេស ឃុំ​ខ្ចាស់ គឺ​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ឃុំ​នោះ​អះអាង​ថា លោក​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ ១​គ្រាប់ ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ​ក្នុង​ទូក​របស់​លោក កាល​ពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ កន្លង​ទៅ នៅ​ពេល​លោក​រុញ​ទូក​បម្រុង​ចេញ​ទៅ​នេសាទ​ត្រី។ លោក កុយ សារៀន បញ្ជាក់​ថា លោក​មិន​ដែល​មាន​ទំនាស់​ជាមួយ​អ្នក​ណា​ទេ ក៏ប៉ុន្តែ​លោក​មាន​អតីត​ភាព​ជា​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​សហគមន៍​នេសាទ​ប្រចាំ​ភូមិ ហើយ​លោក​ទើប​តែ​ចាក​ចេញ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។