មន្ត្រីក្រសួងធម្មការ និងសាសនា បានអះអាងថា ព្រះចៅអធិការវត្តជោតិញាណ ហៅវត្តលើ នាខេត្តព្រះសីហនុ ព្រះនាម គៀត ច័ន្ទធុច ត្រូវបានដកតំណែងពីព្រះមេគណខេត្តព្រះសីហនុ ប៉ុន្តែឲ្យបន្តបួសជាសង្ឃ និងមានតួនាទីជាព្រះចៅអធិការគ្រប់គ្រងវត្តលើ ដដែល។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួន នៅខេត្តព្រះសីហនុ មិនយល់ស្របនឹងសេចក្ដីសម្រេចរបស់មន្ត្រីគណៈសង្ឃនាយកនោះទេ ហើយស្នើឲ្យមន្ត្រីគណៈសង្ឃនាយក និងស្ថាប័នពាក់ព័ន្ធ ផ្សឹកព្រះសង្ឃ នាម គៀត ច័ន្ទធុច ដោយចោទថា ព្រះសង្ឃអង្គនេះ បានប្រព្រឹត្តិខុសវិន័យសង្ឃធ្ងន់ធ្ងរ មានឆាន់ស្រា និងប្រើហិង្សានៅក្នុងទីអារាមជាដើម។
មន្ត្រីនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅថ្ងៃទី១៨ ខែមិថុនា ថា លទ្ធផលនៃការស៊ើបអង្កេត ឬកិច្ចប្រជុំរបស់មន្ត្រីគណៈសង្ឃនាយក ឬសភាសង្ឃ ទៅលើបទចោទព្រះមេគណខេត្តព្រះសីហនុ និងជាចៅអធិការវត្តជោតិញាណ ហៅវត្តលើ ព្រះនាម គៀត ច័ន្ទធុច ប្រព្រឹត្តខុសវិន័យសង្ឃ ឬព្រះពុទ្ធសាសនា មានឆាន់ស្រាជាដើមនោះ បានបញ្ចប់ និងចេញលទ្ធផលហើយ។ មានប្រសាសន៍មិនឲ្យចាក់ផ្សាយសំឡេង លោក សេង សុមុនី បញ្ជាក់ថា មន្ត្រីគណៈសង្ឃនាយកបានសម្រេចដកតួនាទីព្រះសង្ឃ គៀត ច័ន្ទធុច ចេញពីតំណែងព្រះមេគណខេត្តព្រះសីហនុ ប៉ុន្តែបានបន្តឲ្យបួសជាសង្ឃ និងរក្សាទុកតួនាទីចៅអធិការវត្តលើ ឲ្យនៅដដែល។
លោកថា ការអនុញ្ញាតឲ្យព្រះសង្ឃ គៀត ច័ន្ទធុច បន្តបួសជាសង្ឃ ដោយសារតែទោសកំហុសរបស់ព្រះសង្ឃអង្គនេះ មិនធ្ងន់ធ្ងរដល់ត្រូវចាប់ផ្សឹកនោះទេ ហើយថា ព្រះសង្ឃ គៀត ច័ន្ទធុច បានលាលែងតួនាទីពីមេគណខេត្តព្រះសីហនុ ដោយអង្គឯង។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិល មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទខេត្តព្រះសីហនុ ភាគច្រើនមិនគាំទ្រចំពោះលទ្ធផល ឬសេចក្ដីសម្រេចរបស់មន្ត្រីគណៈសង្ឃនាយកទៅលើកំហុសឆ្គងរបស់ព្រះសង្ឃ គៀត ច័ន្ទធុច ដែលបានប្រព្រឹត្តប្រាសចាកវិន័យសង្ឃ ឬព្រះពុទ្ធសាសនាយូរឆ្នាំនេះទេ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការនាខេត្តព្រះសីហនុ បានបង្ហាញទស្សនៈ និងស្នើដល់មន្ត្រីគណៈសង្ឃនាយកត្រូវតែចាប់ផ្សឹកព្រះសង្ឃ នាម គៀត ច័ន្ទធុច ឲ្យមកជាជនសាមញ្ញ វិញ ព្រោះសង្កេតឃើញថា កន្លងមកព្រះសង្ឃ គៀត ច័ន្ទធុច បានប្រព្រឹត្តខុសធម៌វិន័យព្រះពុទ្ធសាសនាយូរឆ្នាំ មានដូចជា ឆាន់ស្រាជាប់ជាប្រចាំ និងមានហិង្សាក្នុងខ្លួនដូចមនុស្សកំរោលចូល នៅពេលស្រវឹងស្រាម្តងៗ។
ផ្ដើមពីបញ្ហានេះ ប្រជាពលរដ្ឋ និងមន្ត្រីចូលនិវត្តន៍ដែលបានដឹងឮលើករណីនេះ ក៏បានអំពាវនាវដល់មន្ត្រីគណៈសង្ឃនាយក ឬសភាសង្ឃ ត្រូវផ្សឹកព្រះសង្ឃអង្គនេះ មិនឲ្យគ្រងស្បង់ចីវរជាសង្ឃទៀតទេ ព្រោះអាចនាំឲ្យប៉ះពាល់ដល់វិស័យព្រះពុទ្ធសាសនាធ្ងន់ធ្ងរថែមទៀតនៅថ្ងៃអនាគត។
ព្រះចៅអធិការវត្តលើ នាម គៀត ច័ន្ទធុច ត្រូវប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃអង្គខ្លះគង់ក្នុងវត្តនេះប្តឹងចោទថា មានប្រើប្រាស់អាវុធ និងបានឆាន់គ្រឿងស្រវឹងជាប្រចាំ និងច្រើនឆ្នាំមកហើយ ហើយតែងប្រើថេរដីកាប្រមាថ រករឿងព្រះសង្ឃ ឬដូនជី តាជីមួយចំនួនគង់ក្នុងវត្តនេះ ពេលស្រវឹងស្រាជោកជាំ។
ទោះយ៉ាងណា ព្រះសង្ឃ គៀត ច័ន្ទធុច ធ្លាប់មានថេរដីកាបដិសេធថា ព្រះអង្គមិនបានប្រព្រឹត្តិខុសធម៌វិន័យព្រះពុទ្ធសាសនា ឬវិន័យសង្ឃដូចការចោទទេ។ ធ្លាប់មានតួនាទីជាព្រះមេគណខេត្តព្រះសីហនុ និងជាទីប្រឹក្សាផ្ទាល់សម្ដេចព្រះសង្ឃរាជ្យ ទេព វង្ស ផងនោះ ព្រះសង្ឃ គៀត ច័ន្ទធុច បានចាត់ទុកក្រុមអ្នកចោទព្រះអង្គ ថាបានឆាន់ស្រា ឬមានប្រើប្រាស់អាវុធជាដើមនោះ ថាគ្រាន់តែជាពាក្យចចាមអារ៉ាម និងជាការមួលបង្កាច់បង្ខូចកិត្តិនាមព្រះអង្គ៖ «គឺជាពាក្យបរិហារ ចោទប្រកាន់មកលើអាត្មាភាពទេ។ មិនពិតទេ»។
ទោះជាបែបនេះក្តី លោក ឃុន សាវឿន មន្ត្រីអង្កេតអង្គការលីកាដូ ខេត្តព្រះសីហនុ ដែលធ្លាប់បួសជាសង្ឃជិត ១០ឆ្នាំ និងកំពុងតាមដានករណីព្រះសង្ឃ គៀត ច័ន្ទធុច នេះដែរ ក៏ស្នើដល់មន្ត្រីគណៈសង្ឃនាយក ត្រូវពិចារណាទៅលើសេចក្ដីសម្រេចរបស់ខ្លួន ដែលបន្តឲ្យសង្ឃអង្គនេះបន្តគង់នៅក្នុងវត្តលើ ហើយបន្តមានតួនាទីជាចៅអធិការវត្តនេះដដែល។
មន្ត្រីសិទ្ធិមនុស្សរូបនេះ បារម្ភខ្លាចវត្តលើ គ្មានពុទ្ធបរិស័ទចេញ ឬចូលធ្វើបុណ្យច្រើនកុះករ ហើយអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអារាមមួយនេះ និងប៉ះពាល់ដល់ព្រះពុទ្ធសាសនា បើបន្តឲ្យសង្ឃ គៀត ច័ន្ទធុច ដែលអ្នកផលស្គាល់ថា ជាសង្ឃឆាន់ស្រា និងមានហិង្សាក្នុងខ្លួននោះបន្តគង់នៅក្នុងវត្តនេះទៀតនោះ៖ «ព្រះសង្ឃបើត្រឹមឆាន់ស្រា តាមច្បាប់សង្ឃ គឺមិនអាចចាប់ផ្សឹកបានទេ លុះត្រាតែព្រះសង្ឃអង្គនោះ បានប្រព្រឹត្តរហូតដល់បរាជិក ឬមានរួមភេទជាមួយស្រីជាដើមទើបចាប់ផ្សឹកបាន។ ដូច្នេះបើត្រឹមឆាន់ស្រាមិនអាចផ្សឹកបានទេ។ បញ្ហារបស់សង្ឃ គៀត ច័ន្ទធុច សព្វថ្ងៃនេះ គឺទាក់ទងទៅនឹងការពេញចិត្ត ឬមិនពេញចិត្តរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត។ ដូច្នេះករណីនេះ បើពលរដ្ឋមិនពេញចិត្ត ហើយមន្ត្រីគណៈសង្ឃនាយកបានអនុញ្ញាតឲ្យសង្ឃអង្គនេះបន្តគង់ក្នុងវត្តនេះទៀតនោះ បារម្ភខ្លាចទៅថ្ងៃក្រោយមិនមានមនុស្សចូលធ្វើបុណ្យនៅវត្តនេះតទៅទៀត និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះទីអារាមមួយនេះមិនខាន»។
ត្រង់ចំណុចនេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់ផ្ដល់សម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរី ដឹងថា រាល់សេចក្ដីសម្រេចផ្សេងៗ ទាក់ទាក់ព្រះសង្ឃ គៀត ច័ន្ទធុច គឺត្រូវរង់ចាំចម្លើយ ឬលទ្ធផលពីមន្ត្រីគណៈសង្ឃនាយកជាអ្នកសម្រេច ជាពិសេសលោកថា វត្តមានសង្ឃអង្គនេះ អាចបន្តគង់នៅវត្តលើ ជាបន្តទៀត ឬបែបណានោះ វាអាស្រ័យទៅលើប្រជាពុទ្ធបរិស័ទ និងព្រះសង្ឃគង់នៅវត្តលើ ទាំងមូលជាអ្នកសម្រេចនាថ្ងៃខាងមុខ។
យ៉ាងណាក៏ដោយ លទ្ធផលនៃសម្រេចផ្សេងៗ ឬសេចក្ដីសម្រេចចុងក្រោយទៅលើសកម្មភាពរបស់ព្រះសង្ឃ គៀត ច័ន្ទធុច ចៅអធិការវត្តលើ និងការរៀបចំវត្តលើ ឡើងវិញ នឹងប្រកាសជាផ្លូវការនៅក្រោយពិធីបុណ្យបូជាសព លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភា បានបញ្ចប់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
