សមាគម​កាសែត​​ស្នើ​ក្រសួង​មហាផ្ទៃ​មាន​វិធានការ​លើ​មន្ត្រី​នគរបាល​ជាន់ខ្ពស់​ខេត្ត​ព្រះសីហនុ

0:00 / 0:00

អ្នក​ជំនាញ​វិជ្ជាជីវៈ​សារព័ត៌មាន​បាន​អំពាវនាវ​ទៅ​ដល់​មន្ត្រី​ដឹកនាំ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​​ឲ្យ​ចាត់​វិធានការ​ចំពោះ​នាយ​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​យក​តួនាទី​ទៅ​គំរាម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ី.ធី.អិន (CTN) ពេល​ចុះ​បំពេញ​ការងារ​របស់​ខ្លួន។

ចំពោះ​រឿង​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ថ្លែង​ថា នឹង​ពិនិត្យ​បញ្ហា​នេះ ហើយ​ស្នើ​ឲ្យ​មន្ត្រី​ប៉ូលិស​គ្រប់ៗ​រូប ត្រូវ​អនុវត្ត​ការងារ​ឲ្យ​ស្រប​តាម​តួនាទី និង​មិន​ត្រូវ​មាន​ជម្លោះ​ជាមួយ​អ្នក​កាសែត​ទេ ព្រោះ​អាច​នាំ​ឲ្យ​មាន​រឿង​អាស្រូវ​ចំពោះ​ខ្លួន​ធ្ងន់ធ្ងរ។

​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធ សម្តែង​ការ​ព្រួយ​បារម្ភ​ដែល​លោក ភ័ក្រ ភិរម្យ នាយ​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​យក​តួនាទី​ទៅ​គំរាម​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ី.ធី.អិន ប្រចាំ​ខេត្ត​ព្រះសីហនុ។

សារ​អំពាវនាវ​របស់​អ្នក​ជំនាញ​ព័ត៌មាន​រូប​នេះ កើត​ឡើង​ក្រោយ​ពេល​លោក តិល សាមុត អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ី.ធី.អិន ប្រចាំ​ខេត្ត​ព្រះសីហនុ ត្រូវ​បាន​លោក ភ័ក្រ ភិរម្យ ប្រើ​កាយវិការ និង​ពាក្យ​សម្តី​គំរាម នៅ​ពេល​រូប​លោក​ចុះ​យក​ព័ត៌មាន​អំពី​ពលរដ្ឋ​រស់​នៅ​សង្កាត់​លេខ​១ ធ្វើ​បាតុកម្ម​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ ៤ ប្រឆាំង​អាជ្ញាធរ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​ក្បាលឆាយ។

ផ្តើម​ពី​បញ្ហា​នេះ លោក មឿន ឈានណារិទ្ធ បាទ​ទទូច​ដល់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវតែ​ពិនិត្យ​ចំពោះ​សកម្មភាព​មិន​ប្រក្រតី​ដែល​លោក ភ័ក្រ ភិរម្យ មាន​អត្តលេខ ០៨៣០១ យក​តួនាទី​គំរាម​ទៅ​លើ​អ្នក​កាសែត។

​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ី.ធី.អិន ប្រចាំ​ខេត្ត​ព្រះសីហនុ លោក តិល សាមុត បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បាន​ត្រៀម​ឯកសារ​ប្តឹង​លោក ភ័ក្រ ភិរម្យ ទៅ​កាន់​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​មន្ត្រី​រូប​នេះ​បាន​ប្រើ​កាយវិការ និង​ពាក្យ​សម្តី​គំរាម​រូប​លោក​ពេល​ចុះ​បំពេញ​ការងារ​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

​បញ្ហា​នេះ លោក​ស្នើ​ដល់​លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​មាន​វិធានការ​រដ្ឋបាល ឬ​ឈាន​ដល់​ព្យួរ​តួនាទី​លោក ភ័ក្រ ភិរម្យ ចំពោះ​ការ​ប្រើប្រាស់​កាយវិការ​មិន​បាន​សមរម្យ​ក្នុង​នាម​ជា​ម​ន្ត្រី​អនុវត្ត​ច្បាប់​មួយ​រូប។

​លោក ភ័ក្រ ភិរម្យ នាយ​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក តិល សាមុត អ្នក​យក​ព័ត៌មាន​ទូរទស្សន៍ ស៊ី.ធី.អិន និង​ចាត់​ទុក​អ្នក​សារព័ត៌មាន​រូប​នេះ​ថា​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ។ ​ចំណែក លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​ទេ ដោយ​និយាយ​ខ្លី​ថា​ជាប់​រវល់​ប្រជុំ។

នាយក​កម្មវិធី​ផ្សាយ​ព័ត៌មាន​ស្ថានីយ​ទូរទស្សន៍ ស៊ី.ធី.អិន លោក នូវ សម្ផស្ស មាន​ប្រសាសន៍​ថា កំពុង​ពិនិត្យ​លើ​ករណី​ដែល​លោក ភ័ក្រ ភិរម្យ គំរាមកំហែង ឬ​ការ​យក​តួនាទី​យក​ទៅ​ប្រើប្រាស់​មិន​បាន​សមរម្យ​ក្នុង​នាម​ជា​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​រូប។

​ទាក់ទិន​បញ្ហា​នេះ លោក ខៀវ សុភ័គ មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​បាន​ដឹង​រឿង ​លោក ភ័ក្រ ភិរម្យ នាយ​ការិយាល័យ​នគរបាល​ការពារ និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​នេះ​ទេ។ ប៉ុន្តែ​លោក​ថា កងកម្លាំង​គ្រប់រូប​មិន​គួរ​ទៅ​មាន​ជម្លោះ​ជាមួយ​អ្នក​កាសែត​ទេ ព្រោះ​នាំ​ឲ្យ​ចង្រៃ​ដល់​សកម្មភាព​ការងារ​របស់​ខ្លួន។

លោក​សង្កត់​ធ្ងន់​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ថា​ត្រូវ​សម្របសម្រួល​បញ្ហា​ដែល​កើត​មាន​រវាង​អ្នក​កាសែត និង​មន្ត្រី​ប៉ូលិស​ខេត្ត​ព្រះសីហនុ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់។ ​បញ្ហា​នេះ​ដែរ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ ហៅ​កាត់​ថា អាយ.អេហ្វ.ជេ (IFJ) និង​សហជីព​អ្នក​កាសែត​អាស៊ី-អាគ្នេយ៍ ហៅ​កាត់​ថា ស៊ីជូ (SEAJU) បាន​រួម​គ្នា​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ចប់​និទណ្ឌភាព និង​បន្ត​ជំរុញ​ការ​រក​យុត្តិធម៌​ជូន​អ្នក​កាសែត​ដែល​គេ​សម្លាប់​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ចំ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​សម្ពោធ​ទិវា​អន្តរជាតិ​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក​កាសែត កាល​ពី​ថ្ងៃ​​ទី​២ វិច្ឆិកា ឆ្នាំ​២០១៤។

​ក្នុង​ឱកាស​សម្ពោធ​ទិវា​អន្តរជាតិ​ជា​លើក​ដំបូង​នេះ សហព័ន្ធ​និង​សហជីព​អ្នក​កាសែត​ទាំង​ពីរ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ ដោយ​សរសេរ​ថា គ្មាន​ជនល្មើស​ណា​មួយ​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​ចំពោះ​អំពើ​សម្លាប់​ទាំង​នោះ​នៅ​ឡើយ​ទេ។ សហព័ន្ធ​និង​សហភាព​ទាំង​ពីរ​ទទូច​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​សារ​ខ្លាំងក្លា​មួយ​ថា នឹង​មិន​អត់ឱន​ចំពោះ​អ្នក​ប្រព្រឹត្ត​ឱ្យ​មាន​ការ​សម្លាប់​ទាំង​នេះ​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។